នាំ​ខ្លួន​ជនល្មើស​៤​នាក់ ​ប្លន់​សម្លាប់​ មក​ជំនុំ​ជម្រះ​

នាំ​ខ្លួន​ជនល្មើស​៤​នាក់ ​ប្លន់​សម្លាប់​ មក​ជំនុំ​ជម្រះ​



​ភ្នំពេញ​ ៖ ជនល្មើស​៤​នាក់ ​ពាក់ព័ន្ធ​ករណី​ប្លន់​ម៉ូតូ ​រួច​សម្លាប់​ជនរងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បញ្ជូន​មក​សាលាឧទ្ធរណ៍ ដើម្បី​បើកសវនាការ​ជំនុំជម្រះ​សាជាថ្មី។​

មន្ត្រី​សាលាឧទ្ធរណ៍​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ​មាន ឈ្មោះ ប៉ែន សំណាង អាយុ​២២​ឆ្នាំ ឈ្មោះ សុធា រ៉ា​វីត អាយុ​១៨​ឆ្នាំ ឈ្មោះ សុធា ដា​រ៉ូ អាយុ​២១​ឆ្នាំ និង​ឈ្មោះ ខៀវ ចំរើន អាយុ​១៨​ឆ្នាំ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​រយៈពេល​២៥​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកា​ន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ និង​បទ​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ ប្រព្រឹត្ត​កាលពី​ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ហាង​ផឹកស៊ី មួយ​ក្បែរ​រដ្ឋសភា។ ប៉ុន្តែ​សាលក្រម​នេះ ត្រូវ​បាន​ក្រុម​ជនជាប់ចោទ​ប្ដឹង​មក​សាលាឧទ្ធរណ៍។​

​ទោះ​បី​យ៉ាង​ណា មុន​ពេល​ដែល​តុលាការ​រៀបនឹង​ដំណើរការ​កាត់ទោស​ក្រុម​ជនជាប់ចោទ​នោះ ក្រុម​ជនជាប់ចោទ​បាន​ស្នើ​ឲ្យ​តុលាការ​ពន្យារពេល​កាត់ទោស ដោយសារ​ពួកគេ​ត្រូវ​ការ​រក​មេធាវី​ឯកជន ពោល​គឺ​មិន​ត្រូវការ​មេធាវី​ចាត់តាំង​នោះ​ទេ។ ចៅក្រម​សាលាឧទ្ធរណ៍ លោកស្រី ទិ​ត​សុ​ទ្ធី បូរ៉ា​លក្ខ​ណ៍ បាន​យល់ព្រម​តាម​សំណើ​របស់​ជនជាប់ចោទ។​

​ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ក្រុម​ជនជាប់ចោទ មាន​សំណុំរឿង​ជាច្រើន​ទៀត ​ដែល​កំពុង​ស្ថិត​ក្រោម​ចំ​ណាត់ការ​របស់​តុលាការ ពាក់ព័ន្ធ​ករណី​ប្លន់​បាញ់​ជនរងគ្រោះ៕

នាំ​ខ្លួន​ជនល្មើស​៤​នាក់ ​ប្លន់​សម្លាប់​ មក​ជំនុំ​ជម្រះ​