នាំ​ឃាតក​សម្លាប់​មិត្តភ័ក្ដិ​យក​ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ

នាំ​ឃាតក​សម្លាប់​មិត្តភ័ក្ដិ​យក​ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ



ភ្នំពេញ ​៖ ​នៅ​វេលា​ម៉ោង​១០​និង​៤០​​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​នគរបាល​ខណ្ឌ​មានជ័យ ​បាន​នាំ​ឃាតក ដែល​សម្លាប់​មិត្តភ័ក្ដិ​ខ្លួនឯង យក​ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ​ស្ថិត​ក្នុង​បឹង​ចារ៉ាយ ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​សម្លាប់​មិត្តភ័ក្ដិ​ខ្លួនឯង​នោះ​ ឈ្មោះ យឺន មាន អាយុ​២៧​ឆ្នាំ មុខរបរ​ជាង​ពិតាន​ផ្ទះ ​មាន​ទីលំនៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។ ក្រោយ​ពី​បើក​ការ​ស្រាវជ្រាវ​ ជន​សង្ស័យ​រូប​នេះ ​ត្រូវ​បាន​​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង​២០​ និង​២៥​នាទី​យប់​​ ថ្ងៃ​ទី១១ ​ខែ​ឧសភា ​ខណៈ​កំពុង​លាក់​ខ្លួន​នៅ​ផ្ទះ ​ស្ថិត​ក្នុង​ភូមិ​ខ្យា​បឹង​វែង ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។

ប្រភព​បន្ត​ថា ​ការ​ឃាត់​ខ្លួន​នេះ ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ​ និង​ដឹកនាំ​កម្លាំង ​ដោយ​លោក​អធិការរង​ខណ្ឌ​មានជ័យ ហួរ ម៉េង​វ៉ាង​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​នគរបាល​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។

នគរបាល​បាន​បញ្ជាក់​ថា កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​ជនរងគ្រោះ​ឈ្មោះ ជឿន សា​រុំ ​បាន​បាត់​ខ្លួន​​​ពី​ផ្ទះ ​​​ក្រោយ​ពី​​​យក​ម៉ូតូ​១​គ្រឿង​Zoomer-X ទៅ​ឌុប​ឈ្មោះ​យឺន មាន (​ជា​អ្នក​នៅ​ស្រុក​ជាមួយគ្នា​)។ ក្រោយ​មក​ក៏​ប្រទះ​ឃើញ​សព​ជនរងគ្រោះ​សល់តែឆ្អឹង និងក្បាល ហើយ​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១​​ព្រឹក ​ឈ្មោះ ពេជ្រ រដ្ឋា ភេទ​ស្រី អាយុ​២០​ឆ្នាំ ​បាន​មក​ពិនិត្យ​លើ​វត្ថុ​តាង​ ដែល​បន្សល់ទុក​នៅ​លើ​សាកសព(ត្រូវ​ជា​ប្អូន​ជីដូន​១) រួច​ក៏​អះអាង​ថា វត្ថុតាង​ដែល​រក​ឃើញ​នេះ គឺ​ពិតជា​របស់​ជនរងគ្រោះ​មែន។

នគរបាល​បញ្ជាក់​ទៀត​ថា ​ករណី​ខាង​លើ​នេះ​ ជា​ការ​សម្លាប់​ប្លន់​ដើម្បី​យក​ទ្រព្យសម្បត្តិ ចំណែក​ទ្រព្យ​ដែល​បាត់បង់​រួមមាន ម៉ូតូ​១​គ្រឿង ម៉ាក​Zoomer-X ពណ៌ ទឹកប្រាក់ ​ស៊េរី​២០១៦ គ្មាន​ស្លាក​លេខ ទូរស័ព្ទ​១​គ្រឿង ម៉ាក​iPhone»។ លុះ​​ក្រោយ​មក​នៅ​វេលា​ម៉ោង​២០​ និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១ ខែ​ឧសភា​ ​កម្លាំង​នគរបាល​ខណ្ឌ​មានជ័យ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បារាយណ៍ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បាន​ចុះ​ឃាត់​ជនសង្ស័យ​ឈ្មោះ យឺន មាន ​ហើយ​គេ​​​​បាន​ឆ្លើយ​សារភាព​ថា​​ ​ ពិតជា​បាន​ធ្វើ​ការ​សម្លាប់​ជនរងគ្រោះ​​ ដោយ​​ប្រើ​ខ្សែ​លួស​រឹត​ក​​ពិតប្រាកដ​មែន។

បច្ចុប្បន្ន​ជន​សង្ស័យ​​ខាង​លើ សមត្ថកិច្ច​​​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

នាំ​ឃាតក​សម្លាប់​មិត្តភ័ក្ដិ​យក​ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ឡើង​វិញ​នៅ​កន្លែង​កើតហេតុ