តុលាការ ព្យាយាម​សម្រុះសម្រួល ប៉ែន ចំរុង-ភិន សុដាលីស

នៅ​ព្រឹក​នេះ ភិន សុដាលីស និង ប៉ែន ចំរុង បាន​ចូល​ខ្លួន​ដើម្បី​ឲ្យ​សាលា​ដំបូង​រាជធានី ចាត់​ការ​បណ្ដឹង​លែង​លះ​របស់​ពួក​គេ​ទាំង​ពីរ ក្រោយ​ភាគី​ខាង​​ប្រុស​បាន​ប្ដឹង​សុំ​លែង​លះ។ ប៉ុន្តែ​លទ្ធផល គឺ​តុលាការ​ព្យាយាម​សម្រុះសម្រួល​ឲ្យ​ពួក​គេ​ជានា​គ្នា​វិញ។ នេះ​បើ​តាម​ភាគី​ដើម​បណ្ដឹង។

 

លោក ប៉ែន ចំរុង ដែល​ជា​ដើម​បណ្ដឹង​លែង​លះ​នេះ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ចេញ​ពី​សាល​ជំនុំ​ជម្រះ​វិញ​ថា បណ្ដឹង​របស់​លោក​អត់​ទាន់​ចេញ​លទ្ធផល​ផ្លូវ​ការ​ដូច​ដែល​ក្នុង​បណ្ដឹង​របស់​លោក​ចង់​បាន​នោះ​ទេ។ “តាម​ខ្ញុំ​ឃើញ គឺ​តុលាការ​កំពុង​តែ​សម្រុះសម្រួល…អីចឹង​អត់​ទាន់​មាន​លទ្ធផល​អី​ទេ”។

 

តុលាការ ព្យាយាម​សម្រុះសម្រួល ប៉ែន ចំរុង-ភិន សុដាលីស

 

ងាក​មក​ភាគី​ខាង​ស្រី​វិញ ក្រុម​អ្នក​សារព័ត៌មាន​មិន​អាច​សុំ​សម្ភាសន៍​បាន​ទេ ដោយ​សារ​នាង បាន​ដើរ​ច្រក​ផ្សេង​ពី ប៉ែន ចំរុង។ ដោយ​ឡែក មេធាវី​របស់​ពួក​គេ​វិញ ក៏​សុំ​មិន​ធ្វើ​អធិប្បាយ​អ្វី​ទាំង​អស់​ជាមួយ​អ្នក​សារព័ត៌មាន​ជុំវិញ​ករណី​នេះ។

 

ប៉ែន ចំរុង បាន​ដាក់​ពាក្យ​សុំ​លែង​លះ​ជាមួយ​ភរិយា​អត់​ទាន់​រៀបការ​របស់​លោក នាង ភិន សុដាលីស កាល​ពី​ថ្ងៃ​ទី ២៩ មេសា។ នៅ​ក្នុង​បណ្ដឹងលែង​លះ​​នោះ គឺ​លោក​លើក​ហេតុផល​ថា មិន​អាច​រស់​នៅ​ចុះ​សម្រុង​នឹង​គ្នា។ ដោយ​ឡែក ភាគី​ខាង​ស្រី​វិញ ត្រូវ​បាន​ឪពុក គឺ​លោក អ៊ិន សុភិន អះអាង​ថា កូន​ស្រី​លោក ក៏​អស់​ចិត្ត​នឹង​តារា​ប្រុស​រូប​នេះ​ដែរ។

 

 

តាម​លោក ប៉ែន ចំរុង បាន​ឲ្យ​ដឹង​ថា ដោយ​សារ​អ្វី​ៗ មិន​ទាន់​ដាច់​ស្រេច​ដូច្នេះ លោក​ថា​ តុលាការ​នឹង​ធ្វើ​ការ​កោះ​ហៅ​ពួក​លោក​ម្ដង​ទៀត​នា​ពេល​ខាង​មុខ។ ប៉ែន ចំរុង ឆ្លើយ​ខ្លី​ប៉ុណ្ណោះ ព្រម​ទាំង​មិន​ឆ្លើយ​សំណួរ​ខ្លះ​ផង​របស់​អ្នក​សារព័ត៌មាន មុន​ដើរ​ចេញ​ទៅ៕

 

អត្ថបទ៖ ទារិកា
រាយការណ៍៖ សំ ជំនាញ
Live ៖ ទ្រី រ៉ាវី