ទាហាន​សឹក​រង​ ប្រចាំ​ព្រំដែន ​ធ្វើ​ពិធី​ដុត​បំផ្លាញ​ឈើ​គ្រញូង​ចោល​

ទាហាន​សឹក​រង​ ប្រចាំ​ព្រំដែន ​ធ្វើ​ពិធី​ដុត​បំផ្លាញ​ឈើ​គ្រញូង​ចោល​



ព្រះវិហារ ៖ សេចក្ដីរាយការណ៍​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​រាប់​រយ​នាក់​នៅតែ​ផ្សងព្រេង​ចូល​ដី​ថៃ ​តាម​ច្រក​របៀង​សំខាន់ៗ​ ដើម្បី​ស៊ីឈ្នួល​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ឲ្យ​ថៅកែ​គ្រញូង​ ប្រចាំ​តំបន់​ស្រអែម​។​ ឈើ​គ្រញូង​ដែល​ប្រមូល​ទិញ​បាន​ពី​ពលករ​ ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​ខេត្ត​ព្រះវិហារ​ យក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ កាត់​តាម​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​ត្បូងឃ្មុំ​។​

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ឈើ​ក្រញូង​សព្វថ្ងៃ​ កាន់តែ​ខ្សត់​ទៅៗ​ ប៉ុន្តែ​តម្លៃ​បាន​ហក់​ឡើង​ខ្ពស់​ ដល់​២​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក ​ក្នុង​១​ម៉ែត្រ​គូប​ បើ​ដឹក​យកទៅលក់​ដល់​ព្រំដែន​វៀតណាម​។​ ថៅកែ​ទិញ​គ្រញូង​ពី​ពលករ​ស៊ីឈ្នួល​តម្លៃ​ត្រឹមតែ​១​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ​ក្នុង​១​ម៉ែត្រគូប​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

ឈើ​គ្រញូង ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​ដឹក​ជញ្ជូន​ចេញពី​ខេត្ត​ព្រះវិហារ ​ទៅកាន់​ខេត្ត​ស្ទឹងត្រែង​តាម​ផ្លូវ​ជាតិ​លេខ​០៩​ ត្រូវ​បាន​ជិះសេះលែងដៃ​ ដោយសារ​សមត្ថកិច្ច​ជា​ឈ្មួញ​ឈើ​ក្រញូង​បាន​រៀបចំ​អង្គការ​ចាត់តាំង​អន្ធពាល​មួយ​យ៉ាង​ច្បាស់​លាស់​។

​ឈ្មួញ​គ្រញូង មាន​ល្បិចកល​ខ្ពស់​ដោយ​ផ្តល់​រថយន្ត​ស៊េរី​ទំនើបៗ​ប្រមាណ​១០​គ្រឿង​ ដល់​កម្លាំង​សមត្ថកិច្ច​ជា​បក្ខពួក​ ចាំ​ត្រៀម​តាម​គោលដៅ​ស្ងាត់​លើ​ផ្លូវ​ជាតិ​លេខ​៦២​ និង​លេខ​៩ ​ដើម្បី​បើក​ពាំង​ និង​កៀប​រថយន្ត​របស់​អាជ្ញាធរ​ដែល​ចុះបង្ក្រាប។

ឆ្មាំ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​តាម​ដងផ្លូវ​ជាតិ​បានឲ្យដឹងថា​ មាន​កម្លាំង​សមត្ថកិច្ច​ខ្លះ​របស់​អង្គការ​ចាត់តាំង​បាន​ត្រៀម​ឧបករណ៍​ចរាចរណ៍​រួចជាស្រេច ​ចាំ​ដាក់​គោលដៅ​កាក់​រថយន្ត​អាជ្ញាធរ​ធ្វើជា​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​ ហើយ​បើកដៃ​ឲ្យ​រថយន្ត​ដឹក​ឈើ​ក្រញូង​ខុសច្បាប់​បើក​រត់គេច​ទៅមុខ​ដោយ​រលូន។

ឆ្មាំ​ឃ្លាំមើល​បន្ត​ថា​ តាម​ដឹង ​នៅ​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ​ឈ្មួញ​គ្រញូងនៅ​ព្រំដែន​វៀតណាម​ត្រូវ​ការ​ទិញ​គ្រញូង​ពី​ខេត្ត​ព្រះវិហារ​ចំនួន​២​ពាន់​ម៉ែត្រគូប​ឯណោះ​ ហើយ​រថយន្ត​ដែល​ដឹកគ្រញូង​ខ្លាំង​ជាង​គេ​ទៅកាន់​ខេត្ត​ស្ទឹងត្រែង​ មាន​ម៉ាក​សាំ​យ៉ុង​ចំនួន​០៣​គ្រឿង​ តែងតែ​ដឹក​ជញ្ជូន​ព្រមៗ​គ្នា​ ក្នុង​១​ខែ ​ដឹក​ចេញ​បាន​ប្រមាណ​៦០​រថយន្ត​សាំ​យ៉ុង​ ដែល​ក្នុង​១​រថយន្ត​សាំ​យ៉ុង​ សង្ស័យ​ផ្ទុកគ្រញូងចំនួន​៣​ម៉ែត្រគូប​ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ប៉ះពាល់​នោះ​ទេ។

អាជ្ញាធរ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​រាយការណ៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ថា ​កម្លាំង​ទាហាន​សឹក​រង​ នៃ​វរ​សេនា​តូច​៤០៥​ ប្រចាំ​ច្រក​អានសេះ​ និង​កម្លាំង​ទាហាន​សឹក​រង​ស្រុក​ជាំ​ក្សាន្ត​ ប្រចាំ​ភ្នំ​៥០០​ ឬ​ភ្នំ​ខ្មោច​ បាន​ដើរ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ ​បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ស្ពាយគ្រញូងសរុប​ចំនួន​១២​នាក់​ ​រឹបអូស​ឈើគ្រញូង​បាន​ចំនួន​៤៣​ដុំ។

ប្រភព​ព័ត៌មាន​បន្ត​ថា ​ការ​ដើរ​ល្បាត​នៅ​ចំណុច​ព្រលាន​ត្រ​សេក​ ជាប់​ច្រក​អានសេះ​ ស្ថិតនៅ​ភូមិ​ស្វាយ ​ឃុំ​រំដោះ​ស្រែ​ ស្រុក​ជាំ​ក្សាន្ត​ ឃាត់ខ្លួន​ពលករ​ខ្មែរ​០៩​នាក់ ​ដកហូត​បាន​ឈើ​គ្រញូងចំនួន​៣៣​ដុំ​ ពូថៅ​ដៃ​ចំនួន​៥​គ្រឿង ​រណាយន្ត​០១​គ្រឿង ​និង​ទូរស័ព្ទ​០៤​គ្រឿង​ កាលពី​ថ្ងៃ​ទី​៣០​ ខែ​មេសា​ឆ្នាំ​២០១៦​។​

ចំណុច​ដំណាក់​ស្រទ្បៅ​ ឃាត់ខ្លួន​ពលករ​ខ្មែរ​០២​នាក់ ​ដកហូត​គ្រញូងបាន​ចំនួន​០៧​ដុំ​ កាលពី​ថ្ងៃ​ទី​០៨​ឧសភា​២០១៦ ​និង​នៅ​ចំណុច​ជើងភ្នំ​ចម្ការ​ក្រូច​ ឃាត់ខ្លួន​ពលករ​ខ្មែរ​ម្នាក់​ ដកហូតគ្រញូង​បាន​ចំនួន​០៣​ដុំ​ កាលពី​ថ្ងៃ​ទី​០៥​ឧសភា​២០១៦​។​ លទ្ធផល​បង្ក្រាប​នាពេលនោះ ​គឺ​កម្លាំង​ទាហាន​បាន​ធ្វើ​ពិធី​ដុត​ឈើ​គ្រញូង​ទាំង​៤៣​ដុំ​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ ហើយ​ពលករ​ខ្មែរ​សរុប​ចំនួន​១២​នាក់​ ត្រូវ​បាន​អប់រំ​ណែនាំ​ហើយ​ដោះលែង​ឲ្យ​​វិល​ត្រឡប់​ទៅកាន់​លំនៅដ្ឋាន​រៀងៗ​ខ្លួន​វិញ៕