គោងាប់ជាង​២០០ក្បាលហើយ

​ខេត្តរតនគិរី ៖ គោ​ប្រ​ម៉ាណ​ជា​២០០​ក្បាល​ បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ក្នុង​ក្រុមហ៊ុន​ហង់​អា​ញ់ ស្រុក​លំ​ផាត់​ និង​ស្រុក​កូន​មុំ ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​វិនិយោគ​​ពី​រាជរដ្ឋាភិបាល​ដាំ​ដំណាំ​ដូងប្រេង​ និង​កៅស៊ូ​ ។ តាម​ប្រភព​ពី​កម្មករ​​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​​បានឱ្យ​ដឹង​ថា​ គោ​នៅ​ក្នុង​ក្រុមហ៊ុន​ចាប់​ផ្តើម​​ឈឺ​ងាប់​ច្រើ​នណាស់ ដំបូង​នៅ​ថ្ងៃ​ទី​០៥​ និង​ថ្ងៃ​ទី​០៦ ឧសភា​ ឆ្នាំ​២០១៦ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​សរុប​មាន​ចំនួន​ជាង​២០០​ក្បាល​ហើយ​ ។

ប្រភព​បាន​បន្ត​ទៀត​ថា​ គោ​ងាប់​ទាំងនោះ​ត្រូវ​បាន​គេកាប់សាច់​​ដឹក​ជញ្ជូន​តាម​រថយន្ត​កូរ៉េ​យក​ទៅ​លក់​​នៅ​ក្រុង​បាន​លុង​​មួយ​ចំនួន​លក់​តាម​ភូមិ​ក្នុង​តម្លៃ​ថោក​ៗ ​។ ​ចំណែក​មួយ​ចំនួន​ទៀត​ មិន​ធ្វើ​ម្ហូប​បាន​ទេ ​គឺ​កប់​ចោល​នៅ​ក្នុង​ការដ្ឋាន​នោះ​តែ​ម្តង​ ។

លោក​ម៉ុ​ក​ ស្រេង ​ប្រធាន​សហគមន៍​ភូមិ​ស្រែ​អង្ក្រង ​ឃុំ​ស្រែ​​អង្គ្រង ​ស្រុក​កូន​មុំ​ បានឱ្យ​ដឹង​ថា​ ​ចំណែក​សត្វ​គោ​​ដែល​ងាប់​គេ​លក់​ចេញ​ក្នុង​តម្លៃ​តែ​១,៥​ដុល្លារ​ក្នុង​១​គីឡូក្រាម ​ដូច្នេះ​ ពួក​គាត់​មានការ​ព្រួយ​បារ​ម្ភ​​យ៉ាង​ខ្លាំង​ និង​បាន​ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​ហូប​នោះ​ទេ​ ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​ម្យ៉ាងទៀត​ ខ្លាច​ឆ្លង​ជំងឺ​ដល់​សត្វ​គោ-ក្របី​នៅ​ក្នុងភូមិ​របស់​គាត់ ​។

លោក​ឈឿ​ន ចាន់​ធាង​ អភិបាលស្រុក​កូន​មុំ​បានឱ្យ​ដឹង​ថា ​ករណី​នេះ​ ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​ បាន​ចុះ​ទៅ​ពិនិត្យ​រួចរាល់​ហើយ​គេ​ថា​ គោ​ងាប់​ទាំងនេះ​ ដោយសារ​តែ​វា​ពុល​គ្រាប់​ដូងប្រេង​ ។​ ហើយ​បញ្ហា​នេះ​ លោក​​នឹង​ឱ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ​បញ្ឈប់​ការ​យក​គោ​ងាប់​​ចេញ​ទៅ​លក់​នៅ​តាម​ទីផ្សារ​ទៀត​ហើយ​ ។