អំពើហិង្សា! អ្នករបួស​ដេកពេទ្យ អ្នកបង្ក​ដើរកាច់រាង​

ខេត្តបាត់ដំបង ៖ ប្រភព​​​ពី​ស្រុក​ភ្នំព្រឹក​បាន​ឱ្យ​ដឹង​​នៅ​ព្រឹកថ្ងៃទី​១២ ឧសភា ​នេះ​​ថា សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក​ បាន​ព្យាយាម​បិទ​​បាំង​សំណុំរឿង​ហិង្សា​ដោយ​ចេតនា​មួយ ដោយ​​បាន​សម្រប​ស​ម្រូ​ល​ជម្រុញ​​ឱ្យ​​ភាគី​រង​គ្រោះ​ទ​ទូល​យក​សំណង​ជា​ទឹក​ប្រាក់​ចំនួន​២,៥​លាន​​រៀល ដើម្បី​បញ្ចប់រឿង​ ដោយ​មិន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ​។

បើ​តាម​​ប្រភព​​ដដែល​​​បន្ត​ថា កាលពី​វេលា​ម៉ោង៧យប់​ថ្ងៃ​ទី​១០​ ឧសភា នៅ​ចំណុច​​ខាង​មុខ​វិទ្យាល័យ​ពេជ្រ​​ចិន្តា​ ​ក្នុងភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​សំពៅ​លូន មាន​អំពើ​ហិ​ង្សា​​ដោយ​ចេតនា​មួយ​ ដែល​បង្ក​ឡើង​ដោ​យ​​ជន​ដៃដល់​ចំនួន​២​នាក់ គឺ​​ឈ្មោះ​គួ​យ អាយុ​២៩​ឆ្នាំ និង​ឈ្មោះ​ចេក អាយុ​២៩​ឆ្នាំ បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ​​ឈ្មោះ​ឡុ​ង ណា​ក់ អាយុ​២៨​ឆ្នាំ បណ្ដាល​ឱ្យ​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ពេល​ដែល​កំពុង​ផឹកស៊ី​ជាមួយ​គ្នា​ ។

បើ​តាម​ប្រភព​ខាងលើ​​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​អធិការ​ដ្ឋាន​ស្រុក​ភ្នំព្រឹក​បាន​ចុះ​អន្តរា​មន៍​ភ្លាម​ៗ​ដែរ តែ​ហាក់​មិន​បាន​ចាត់វិធានការ​ណ៍​​ជា​ដុំ​កំ​ភូ​ន​ទេ​ ដែល​ទំនង​ជន​ដៃដល់​ និង​សមត្ថកិច្ច​ស្គាល់គ្នា​ជិត​ស្និទ្ធ ​។

មិនតែប៉ុណ្ណោះ គេ​ឃើញ​ជនសង្ស័យ​ដើរ​ចូល​ក្នុង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ទៀត​ផង តែ​សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ដូច​សំណុំរឿង​ដទៃ​ទៀត​ទេ ខណៈ​​ជន​រង​គ្រោះ​ដេក​ហើម​មុខ​ហើម​មាត់​នៅ​មន្ទីរពេទ្យ ​។

ប្រភព​បាន​បន្ថែម​ថា សមត្ថកិច្ច​បាន​ព្យាយាម​សម្រប​ស​ម្រូ​ល​បញ្ចុះបញ្ចូល​ឱ្យ​ជន​រង​គ្រោះ​​ទទួ​ល​យក​សំណង​ចំនួន​២,៥​លាន​រៀល ដើម្បី​បិទ​សំណុំរឿង​មិន​ប​ញ្ជួ​ន​ជន​ដៃដល់​ទៅ​តុលាការ ​។ បើ​គិត​ត្រិ​ម​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា​ នេះ សំណុំរឿង​នេះ​ បាន​កើតឡើង​រយៈ​ពេល​ជាង​២​ថ្ងៃ​ហើយ សមត្ថកិច្ច​មិន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទេ បើ​ទោះជា​ជនសង្ស័យ​ទាំង​២​នាក់ ​ស្ថិត​នៅ​កន្លែង​សមត្ថកិច្ច​ក្ដី ហើយ​ពេល​នេះ ​គេ​ឃើញ​ជនសង្ស័យ​ដើរ​យ៉ាង​មាន​សេរីភាព​ ។

គេ​មិនដឹង​ថា លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បានដឹង​រឿង​នេះ​ដែរ​ឬ​មិនដឹង​នោះ​ទេ បានជា​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​បែប​នេះ​ ។