Barcelona អាចនឹងលក់ Neymar ក្នុងចំនោម Messi និង Suarez ប្រសិនបើក្លិប ត្រូវបង្ខំឲ្យលក់ កីឡាករណាម្នាក់

អេស្ប៉ាញ៖ Terry Gibson ដែលជាអតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស ជឿជាក់ថា Barcelona អាចនឹងបោះបង់ចោលកីឡាករវ័យក្មេង សញ្ជាតិប្រេស៊ីល Neymar ក្នុងចំនោមកីឡាករ Lionel Messi និង Luis Suarez ប្រសិនបើក្លិបត្រូវបង្ខំអោយលក់កីឡាករណាម្នាក់។

ជាមួយនឹងគំរោងការអភិវឌ្ឍន៏កីឡដ្ឋាន Nou Camp ត្រូវបានបង្ហាញ រឿងរ៉ាវដែលពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្លិប និងការរក្សាទុកនូវកីឡាករឆ្នើមទាំង៣របស់ក្លិប ដែលគេអោយរហស្សនាមថា MSN គឺជាប្រធានបទដែលត្រូវបានគេពិភាក្សាយ៉ាងយកចិត្តទុកដាក់។

លោក Terry Gibson បាននិយាយថា «ប្រសិនជាអ្នកសួរខ្ញុំកាលពី២ខែមុនថា Neymar នឹងចេញពីក្លិបដែររឺទេ ខ្ញុំប្រាកដជាឆ្លើយថា វាមិនអាចទៅរួចទេដែល Neymar ចាកចេញពីក្លិបនេះ តែឥឡូវនេះខ្ញុំចាប់ផ្តើមឆ្ងល់ហើយថា តើវាអាចទៅរួចទេដែល Neymar អាចនឹងចាកចេញពីក្លិប»។

លោកបន្ត «អ្នកទាំងអស់គ្នាប្រាកដជាបានលឺហើយ អំពីព័ត៌មានដែលទាក់ទងនឹងគំរោងកីឡដ្ឋានដែលអាចនឹងមានផលប៉ះពាល់ ដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លិប។ ដូច្នេះប្រសិនបើ Barcelona ចាំបាច់ត្រូវតែលក់កីឡាករណាមួយ ក្នុងចំនោមកីឡាករឆ្នើមទាំង៣របស់ពួកគេ (Neymar Messi Suarez) ច្បាស់ណាស់ ខ្ញុំគិតថា Barcelona នឹងលក់ Neymar»។ លោកបន្ថែមថា «Neymar គឺជាកីឡាករក្មេង ហើយជាជម្រើសល្អបំផុតសម្រាប់លក់ គាត់ទើបតែមានអាយុ២៤ឆ្នាំប៉ុណ្ណោះ ដូច្នេះគាត់នៅមានអនាគតវែងឆ្ងាយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្លិបត្រូវតែចាំបាច់ធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សានូវកីឡាឆ្នើមរបស់ពួកគេ Neymar Suarez និង Messi»។

បន្ទាប់ពីស៊ុតចូលទីបាន ២៧គ្រាប់ ក្នុងការប្រកួតទាំង៣៨ ក្នុងរដូវកាលដំបូងរបស់គេនៅ Barcelona កីឡាករ Neymar ហាក់ដូចជាធ្លាក់ទម្រង់លេងបន្តិច​ នាពេលបច្ចុប្បន្ននេះ ដែលមិនដូចជា Neymar ពីមុន ព្រោះ៩ប្រកួតចុងក្រោយ Neymar ស៊ុតចូលបានតែ៣គ្រាប់ប៉ុណ្ណោះ ដែលធ្វើឲ្យមនុស្សគ្រប់គ្នា មានការងឿយឆ្ងល់ពីអនាគតរបស់កីឡាកររូបនេះ។

លោក Gibson បន្ថែមទៀតថា «Neymar ជាកីឡាករល្អក្នុងវ័យរបស់គេ ប៉ុន្តែគេគួរតែធ្វើឲ្យបានប្រសើរជាងនេះ ប្រសើជាងកីឡាករ Messi និង Suarez ដែលឥឡូវពួកគេបានចែកជើងគ្នាស៊ុតបានគ្រាប់បាល់ជាច្រើនបញ្ចូលទី»។

លោកបញ្ជាក់ទៀតថា «រឿងទាំងអស់នេះ​ នឹងរួមចំណែក ដល់ក្លិបថាតើអាចនឹងឃើញ "MSN" លេងជាមួយគ្នា នៅរដូវកាលក្រោយដែរឬទេ។ ខ្ញុំមិននិយាយថាវានឹងក្លាយជារឿងពិតទេ ប៉ុន្តែខ្ញុំគ្រាន់តែស្មានវាលេងតែប៉ុណ្ណោះ»៕

បើប្រិយមិត្តវិញ តើគួរលក់កីឡាកររូបណា?

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Barcelona អាចនឹងលក់ Neymar ក្នុងចំនោម Messi និង Suarez ប្រសិនបើក្លិប ត្រូវបង្ខំឲ្យលក់ កីឡាករណាម្នាក់
រូបភាព៖ Neymar អាចប្រឈមនឹងការលក់ចេញពីក្លិបបើតាមសម្តីរបស់លោក Terry Gibson

Barcelona អាចនឹងលក់ Neymar ក្នុងចំនោម Messi និង Suarez ប្រសិនបើក្លិប ត្រូវបង្ខំឲ្យលក់ កីឡាករណាម្នាក់
រូបភាព៖ តារាឆ្នើមទាំង៣របស់ Barcelona: Suarez Messi និង Neymar ដែលហៅកាត់“MSN”