ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​គ្រប់គ្រង​សំរាម​តាម​ផ្លូវ​សាធារណៈ​មិន​ទាន់​បាន​ល្អ

ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ថា​មិន​ទាន់​គ្រប់គ្រង​កាក​សំណល់​រឹង​រាវ​ឲ្យ​បាន​ល្អ​ទេ ដោយ​រាល់​ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​សំរាម​ត្រូវ​គេ​គរ​ទុក​ចោល​នៅ​តាម​ចិញ្ចើម​ថ្នល់​យូរ​ថ្ងៃ និង​មាន​ក្លិន​ស្អុយ​អសោច។

បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អះអាង​ថា មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ កំពុង​យក​ចិត្ត​ទុក​ដាក់​សម្អាត​បរិស្ថាន​ជា​ប្រចាំ និង​បាន​ណែនាំ​ដល់​អាជីវករ ឬ​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​ថែ​រក្សា​អនាម័យ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំងអស់​គ្នា។

សាធារណជន និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ពិសេស​តាម​តំបន់​ឆ្នេរ​សមុទ្រ និយាយ​ថា អនាម័យ​បរិស្ថាន​នៅ​តាម​ឆ្នេរ​សមុទ្រ និង​នៅ​តាម​ទីប្រជុំជន​នានា​មាន​ទីផ្សារ​ជាដើម គឺ​អាជ្ញាធរ​ខេត្ត​ទេសចរណ៍​មួយ​នេះ​គ្រប់គ្រង​មិន​ទាន់​បាន​ល្អ​ទេ ដោយ​ឃើញ​កាក​សំណល់​សំរាម​ត្រូវ​គេ​គរ​ទុក​ចោល​តាម​ផ្លូវ​សាធារណៈ​យូរ​ថ្ងៃ និង​មាន​ក្លិន​ស្អុយ។ ជាង​នេះ ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត នៅ​តែ​បន្ត​កើត​មាន ពិសេស​ទឹក​បង្ហូរ​ចេញ​ពី​សណ្ឋាគារ ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន​មាន​ទីតាំង​នៅ​ជាប់​មាត់​សមុទ្រ។

អតីត​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាតិ​ច្រើន​ទៀត ដែល​បាន​នាំ​ក្រុម​គ្រួសារ​មក​កម្សាន្ត​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ពុធ ទី​១១ ខែ​ឧសភា។ លោក​សំណូមពរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​ពង្រឹង​ការងារ​ថែ​រក្សា​បរិស្ថាន​នៅ​តាម​ទីផ្សារ ពិសេស​តាម​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ដាក់​ធុង​សំរាម​នៅ​តាម​តំបន់​ឆ្នេរ ឬ​តាម​ទីប្រជុំជន​នានា​មាន​ទីផ្សារ​ជាដើម ឲ្យ​បាន​ច្រើន​ថែម​ទៀត សម្រាប់​ផ្តល់​ជូន​សាធារណជន​ទុក​ដាក់​កាក​សំណល់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​សម្អាត​បរិស្ថាន​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំងអស់​គ្នា៖ «គ្រាន់​តែ​ជា​សំណូមពរ​របស់​ខ្ញុំ ខេត្ត​ជា​តំបន់​ទេសចរណ៍​សំខាន់ៗ និង​មាន​ការ​អភិវឌ្ឍ​ច្រើន​ដូចជា​ខេត្ត​សៀមរាប និង​ក្រុង​កំពង់សោម នេះ គឺ​អាជ្ញាធរ​ត្រូវ​គិតគូរ​ពី​បញ្ហា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ជា​អាទិភាព ព្រោះ​ជា​បណ្ដុំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចូល​មក​ទស្សនា។ ដូច្នេះ​ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​របៀប​រៀបរយ និង​មាន​ធុង​សំរាម​ឲ្យ​បាន​គ្រប់​ចំនួន​នៅ​តាម​ទីតាំង​មាន​ភ្ញៀវ​ទេសចរ​និយម​ចូល​ទៅ​កម្សាន្ត»

បញ្ហា​កាក​សំណល់​សំរាម​នេះ មិន​ថា​តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ទេ​ដែល​រិះគន់ សូម្បី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ ក៏​បាន​រិះគន់​ភាព​យឺតយ៉ាវ​នៃ​ការ​ប្រមូល​កាក​សំណល់​សំរាម​គរ​ទុក​ចោល​នៅ​តាម​ផ្លូវ​សាធារណៈ តាម​ទីផ្សារ និង​តាម​ឆ្នេរ​សមុទ្រ​នេះ​ដែរ។

ក្រុម​អាជីវករ​លក់​ដូរ​អាហារ​ទទួល​ទាន​នៅ​ផ្សារ​រាត្រី ក្បែរ​រង្វង់​មូល​តោ​ពីរ ឲ្យ​ដឹង​ថា មាន​ពេល​ខ្លះ​សំណល់​សំរាម​ត្រូវ​គេ​គរ​ទុក​ចោល​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​តាម​ឆ្នេរ​រយៈពេល ៣​ថ្ងៃ ដោយ​មិន​ឃើញ​ឡាន​សំរាម​មក​ប្រមូល​ទេ នាំ​ឲ្យ​មាន​ក្លិន​ស្អុយ។

ក្រុម​អាជីវករ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​យក​ចិត្ត​ទុក​ដាក់​ការងារ​ប្រមូល​សំរាម​ឲ្យ​បាន​ជា​ប្រចាំ​ថ្ងៃ និង​បង្កើន​ធុង​សំរាម​នៅ​តាម​ផ្លូវ​សាធារណៈ តាម​ទីផ្សារ និង​តាម​ឆ្នេរ​ជាដើម​ឲ្យ​បាន​ច្រើន​ថែម​ទៀត។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​សម្អាត​បរិស្ថាន ពិសេស​ការ​ប្រមូល​សំរាម​នេះ​មិន​ធ្វេសប្រហែស​ទេ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​កម្មវិធី​បំផុស​ចុះ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ផ្លូវ​សាធារណៈ ឬ​តាម​ឆ្នេរ និង​ទីផ្សារ​ជាដើម​ជា​ប្រចាំ យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ខែ​ម្តង។ លោក​ទទួល​ស្គាល់​ថា អាច​មាន​ពេល​ខ្លះ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រមូល​សំរាម អាច​មាន​ការ​យឺតយ៉ាវ​ម្តងម្កាល​ដែរ តែ​រូប​លោក​នឹង​ចាត់​ការ​រឿង​កាក​សំណល់​នេះ​ឲ្យ​បាន​ឆាប់៖ «អា​រឿង​សំរាម​គរ​ចោល​នៅ​តាម​ទី​សាធារណៈ​ក្នុង​ក្រុង​នេះ គឺ​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​ដាក់​កម្មវិធី​ប្រមូល​ជា​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​បើ​នៅ​មាន​សំរាម​នៅ​សេសសល់​មិន​ទាន់​ប្រមូល ចាំ​ខ្ញុំ​ឲ្យ​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI) ទៅ​ប្រមូល​នៅ​តាម​ទីតាំង​ទាំង​នោះ»

ចំណែក​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អះអាង​ថា បញ្ហា​សម្អាត​បរិស្ថាន​មូលដ្ឋាន​នេះ គឺ​មន្ត្រី​ក្រោម​ឱវាទ​ខេត្ត មាន​កម្មវិធី​ចុះ​ចលនា​ក្នុង​ការ​រើស​សំរាម ឬ​សម្អាត​បរិស្ថាន​នៅ​តាម​ឆ្នេរ តាម​ផ្លូវ​សាធារណៈ និង​តាម​ទីផ្សារ​ជា​បន្តបន្ទាប់។ បញ្ហា​នេះ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ ពិសេស​ប្រតិបត្តិករ​ទេសចរ ឬ​ភ្ញៀវ​ទេសចរ​ជាដើម ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ទីកន្លែង​រស់នៅ ឬ​ប្រកប​អាជីវកម្ម​រៀងៗ​ខ្លួន​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំងអស់​គ្នា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ទេសចរណ៍​មួយ​នេះ បង្កើន​ចំនួន​ធុង​សំរាម​ដាក់​នៅ​តាម​ផ្លូវ​សាធារណៈ តាម​ឆ្នេរ ឬ​តាម​ទីផ្សារ​ឲ្យ​បាន​គ្រប់​ចំនួន។ ពលរដ្ឋ​លើក​ឡើង​ថា ពួក​គេ​គ្មាន​ធុង​សម្រាប់​ទុក​ដាក់​កាក​សំណល់ និង​ពេល​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​បោះ​ចោល​តាម​ផ្លូវ​គ្មាន​របៀប​រៀបរយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។