សួន​កម្សាន្ត​តាកែវ ទី​លំហែ​សម្រាប់​កុមារ​ពេល​ល្ងាច

សួន​កម្សាន្ត​តាកែវ ទី​លំហែ​សម្រាប់​កុមារ​ពេល​ល្ងាច
 

សួន​កម្សាន្ត​តាកែវ​​មាន​ទីតាំង​នៅ​ជាប់​មហោស្រព ទល់​មុខ​មាត់​ទន្លេ​ក្នុង​ខេត្ត​តាកែវ បំពាក់​ដោយ​ឧបករណ៍​ក្មេង​លេង​ជា​ច្រើន​ប្រភេទ កំពុង​ទាក់ទាញ​ភ្ញៀវ​ជា​ច្រើន ជា​ពិសេស​ឪពុក​ម្ដាយ​ដែល​មាន​កូន​តូចៗ បាន​នាំ​ពួកគេ​មក​កម្សាន្ត​នៅ​ទីនេះ​រៀងរាល់​ល្ងាច។

 

សួន​កម្សាន្ត​តាកែវ ទី​លំហែ​សម្រាប់​កុមារ​ពេល​ល្ងាច

 

ឆ្លៀត​ពេល​ទំនេរ​មិន​ទាន់​មាន​ភ្ញៀវ​អ្នកស្រី ញឹប ផល្លី ម្ចាស់​សួន​កម្សាន្ត​ដ៏​មមាញឹក​នេះ​បាន​រៀបរាប់​ប្រាប់ Sabayថា៖ ”សួន​កម្សាន្ត​នេះ​មាន​ភ្ញៀវ​ចូល​ហូរហែ​ចាប់​ពី​ម៉ោង ៣រសៀល​ដល់​ម៉ោង ៩យប់ ជា​ពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍។ ខ្លះ​ទៀត​នាំ​កូន​មក​ហូប​ចំណី​អាហារ​នៅ​មាត់​ទន្លេ រួច​ឆ្លៀត​បង្ហួស​នាំ​កូន​មក​លេង​ទីនេះ”។

 

ម្ចាស់​សួន​ខាង​លើ​ប្រាប់​ថា​ក្មេង​ជា​ច្រើន​រំអុក​ឪពុក​ម្ដាយ​នាំ​ពួកគេ​មក​លេង​ទីនេះ ដោយ​សារ​មាន​ឧបករណ៍​លេង​ជា​ច្រើន​ដូច​ជា​លោត​ពោង ជិះ​កូន​ទា ឡាន​បុក​គ្នា រទេះភ្លើង និង​សេះ​វិល​ជាដើម។ ទីធ្លា​ក៏​ស្អាត​ល្អ​មាន​សុវត្ថិភាព បរិស្ថាន​មាន​ជំនោរ​ខ្យល់​បរិសុទ្ធ​បក់​មក​ពី​បឹង​ខាង​ជើង ហើយ​នៅ​ច្រក​ចូល​ខាង​មុខ​មាន​លក់​តែ​គុជ​មាន​ឱជារស​ឆ្ងាញ់។

 

និយាយ​ពី​តម្លៃ​ចូល​លេង អ្នក​ស្រី ផល្លី ប្រាប់​ថា​លោត​ពោង​និង​ជិះ​កូន​ទា​តម្លៃ​ម្ដង ២០០០រៀល​រយៈពេល​១៥នាទី​សម្រាប់​ពេល​ល្ងាច និង ១ម៉ោង​នៅ​ពេល​ថ្ងៃ​ ឬ​អាច​លើស​ពី​នេះ​អាស្រ័យ​លើ​ចំណូលចិត្ត​ភ្ញៀវ។ ចំណែក​សេះ​វិល​ និង​រទេះ​ភ្លើង​តម្លៃ ២០០០រៀល​ដែរ តែ​រយៈពេល​ត្រឹម ៥នាទី​​អាច​ប្រែប្រួល​តាម​មាន​ភ្ញៀវ​តិច​ឬ​ច្រើន។

 

“ត្បិត​តែ​មុខ​របរ​នេះ​ស្រួល​រក​លុយ​មែន តែ​ការ​ចំណាយ​លើ​ការ​ថែទាំ​និង​ជួសជុល​ក៏​អស់​ច្រើន​ដែរ​ក្រោម​ហេតុផល​មួយ​គឺ​ដើម្បី​សុវត្ថិភាព​អ្នក​ចូល​លេង”។ អ្នកស្រី​ ផល្លី និយាយ៕

 

សួន​កម្សាន្ត​តាកែវ ទី​លំហែ​សម្រាប់​កុមារ​ពេល​ល្ងាច

 

សួន​កម្សាន្ត​តាកែវ ទី​លំហែ​សម្រាប់​កុមារ​ពេល​ល្ងាច

 

ប្រិយមិត្ត​ណា​ខ្លះ​ធ្លាប់​នាំ​កូន​មក​កម្សាន្ត​នៅ​ទីនេះ?

 

អត្ថបទ និង​រូបភាព៖ ជិន វេន