កម្ពុជា ​មានការ​ពេញចិត្ត​ចំពោះ​ការ​បើក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ទី​ម័​រ​ខាងកើត(Update)​

កម្ពុជា ​មានការ​ពេញចិត្ត​ចំពោះ​ការ​បើក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ទី​ម័​រ​ខាងកើត(Update)​



ភ្នំពេញ​ ៖ រដ្ឋសភា​កម្ពុជា បាន​សម្ដែង​ការ​ពេញចិត្ត និង​គាំទ្រ​ចំពោះ​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ នៃ​ចំណង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រលេ​ស្ត​(​ទី​ម័​រ​ខាងកើត​)។

នេះ​ជា​ប្រសាសន៍​របស់​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុង​ឱកាស​ទទួល​ជួប​លោកស្រី ហ្វែ​លី​ស៊ី​ដេ​ត ដឺ​សូ​សា ហ្គូ​ត​តេ​រ៉េ​ស (Felicidate De Sousa Guterres) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រលេ​ស្ត ដែល​ទើប​តែងតាំង​ថ្មី​ប្រចាំ​កម្ពុជា។​

សម្ដេច​ពញា​ចក្រី ប្រធានរដ្ឋសភា បាន​បញ្ជាក់​ថា កម្ពុជា​ មានការ​ពេញចិត្ត​ចំពោះ​ការ​បើក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ទី​ម័​រ​ខាងកើត ជា​មួយ​គ្នា​នេះ រដ្ឋសភា​កម្ពុជា ក៏ដូចជា​រាជ​រដ្ឋា​ភិបាល​ នៅតែ​គាំទ្រ​ប្រទេស​ទី​ម័​រលេ​ស្ត ចំពោះ​ការ​សុំ​ចូល​ជា​សមាជិក​អាស៊ាន​។​

សម្ដេច​បន្ត​ថា វត្តមាន​ការទូត​របស់​លោក​ស្រី គឺជា​ជំហាន​ថ្មី​មួយ នៃ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ប្រទេស​ទី​ម័​រលេ​ស្ត ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​លើ​គ្រប់​វិស័យ​សម្រាប់​ប្រជាជាតិ​ប្រទេស​យើង​ទាំងពីរ។

លោកស្រី​ឯកអគ្គរដ្ឋទូត ហ្វែ​លី​ស៊ី​ដេ​ត ដឺ​សូ​សា ហ្គូ​ត​តេ​រ៉េ​ស បាន​សន្យា​ថា​ នឹង​ខិតខំ​បំពេញ​បេសកកម្ម​ឲ្យ​ជោគជ័យ ក្នុង​អាណត្តិ​ការទូត​នៅ​កម្ពុជា ដោយ​ក្នុង​នោះ​ខិតខំ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​កម្ពុជា និង​ទី​ម័​រលេ​ស្ត​ឲ្យ​បាន​រឹងមាំ​ផង​ដែរ តាមរយៈ​ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច នៃ​គណៈប្រតិភូ​រដ្ឋសភា​ប្រទេស​ទាំងពីរ​ទៅវិញទៅមក។

លោកស្រី​បាន​ឲ្យ​ដឹង​ថា ការដឹកនាំ​របស់​ប្រទេស​ទី​ម័​រលេ​ស្ត គឺ​មាន​លក្ខណៈ​ខុសគ្នា​ពី ប្រទេស​កម្ពុជា ដោយ​ទី​ម័​រលេ​ស្ត មាន​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​ដោយ​ប្រធានាធិបតី និង​រដ្ឋសភា​មាន​សមាជិក​តែ​ចំនួន​៦៥​រូប ហើយ​សមាជិក​រដ្ឋសភា​គ្មាន​គណបក្សប្រឆាំង​នោះ​ទេ​។ ចំណុច​មួយទៀត​ប្រទេស​ទី​ម័​រលេ​ស្ត ទើបបាន​ដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សមាគម​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន កាលពី​ខែ​មីនា ឆ្នាំ​២០១១ ហើយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ ​រួមទាំង​កម្ពុជា​ផង បាន​គាំទ្រ​ចំពោះ​បេក្ខភាព​ប្រទេស​ទី​ម័​រលេ​ស្ត​។

លោកស្រី​សង្ឃឹមថា នៅ​ក្នុង​ឆ្នាំនេះ ឬ​ឆ្នាំក្រោយ ប្រទេស​ទី​ម័​រលេ​ស្ត នឹង​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​ដ៏​ក្មេង​ជាងគេ។ នេះ​បើ​តាម​ប្រសាសន៍​លោក កែវ ពិសិដ្ឋ អ្នក​នាំ​ពាក្យ​សម្ដេច​ប្រធានរដ្ឋសភា​បាន​ប្រាប់​ក្រុម​ព័ត៌មាន​ឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នោះ​៕
កម្ពុជា ​មានការ​ពេញចិត្ត​ចំពោះ​ការ​បើក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ទី​ម័​រ​ខាងកើត(Update)​

កម្ពុជា ​មានការ​ពេញចិត្ត​ចំពោះ​ការ​បើក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ទី​ម័​រ​ខាងកើត(Update)​