ប៉ូលិស​ប៉ុស្តិ៍​គគីរ​ បំបែកសំបុក​ប្រើ​ប្រាស់​គ្រឿងញៀន និង​ឃាត់ខ្លួន​មនុស្ស​២​នាក់

ប៉ូលិស​ប៉ុស្តិ៍​គគីរ​ បំបែកសំបុក​ប្រើ​ប្រាស់​គ្រឿងញៀន និង​ឃាត់ខ្លួន​មនុស្ស​២​នាក់



កណ្តាល ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ បំបែកសំបុក​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​២​កន្លែង​ ទីតាំង​
ផ្សេងគ្នា​ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ​រត់​គេច​ខ្លួន​ចំនួន​៥​នាក់។

លោក​ វ៉េង ​កុសល​ នាយ​ប៉ុស្តិ​រដ្ឋបាល​គគីរ​បាន​ឲ្យ​ដឹង​ថា​ ការ​ឈាន​ដល់​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​ទាំងពីរ​កន្លែង​ខាងលើនេះ​ ករណី​ទី​១-មានការ​សហការ​ពី​ពលរដ្ឋ​ កម្លាំង​ចុះ​​ទៅ​បង្ក្រាប​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ ចំណុច​ភូមិ​កោះ​បៀរ​​ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ស៊ុន វិសាល ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ ​មាន​ទីលំនៅ​ភូមិ/​ឃុំ​ខាងលើ ​ដកហូត​បាន​កម្ទេច​ថ្នាំ​ដែល​ប្រើប្រាស់​រួច និង​វត្ថុតាង​មួយ​ចំនួន។ ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់។

បន្ទាប់មក ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ក៏បាន​បន្ត​ល្បាត​ទៅដល់​ចំណុច​ភូមិ​ទួល​ត្នោត​ ឃុំ​គគីរ​ ដែល​ជា​តំបន់​ស្មុគស្មាញ ​ក៏​ធ្វើការ​បង្ក្រាប​សំបុក​ប្រើប្រាស់​គ្រឿងញៀន​មួយ​កន្លែង​ទៀត​ ធ្វើឡើងកាល​ពី​វេលា​ម៉ោង​២២និង៣០​នាទី ​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ២០១៦ និង​ឃាត់ខ្លួន​ជនសង្ស័យបាន​ម្នាក់​ឈ្មោះ​ ប៊​ន​ ដា​រ៉ា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មុខ​របរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ទៀត។ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​រត់​គេច​ខ្លួន​បាត់។​ តែ​ទោះជា​ក្រុម​បក្ខពួក​គេ​រត់គេចខ្លួន​ក៏ដោយ សមត្ថកិច្ច​របស់​យើង​បាន​ស្គាល់​អត្តសញ្ញាណ​ និង​ទីលំនៅ​ជន​ទាំង​នោះ​អស់ហើយ។

សមត្ថកិច្ច​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ទាំង​វត្ថុតាង​ទៅកាន់​ស្នងការ​ខេត្ត​កណ្តាល​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕