អង្គការ IOM សហការ​ជាមួយ​ស្ថានទូត​ខ្មែរ​ ជួយ​ដល់​ពលករ​​

អង្គការ IOM សហការ​ជាមួយ​ស្ថានទូត​ខ្មែរ​ ជួយ​ដល់​ពលករ​​



ភ្នំពេញ ៖ តាម​របាយការណ៍​បន្ថែម​ដែល​ក្រសួងការបរទេស និង​អង្គការ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ទទួល​បាន​ពី​ស្ថាន​ទូត​កម្ពុជា​ ប្រចាំ​នៅ​ឥណ្ឌូណេស៊ី ក្នុង​ការ​ជួយ​អន្តរាគមន៍ និង​រៀបចំ​ឯកសារ ជួយ​ដល់​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​៥៤​នាក់ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ឲ្យ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​នេះ​ថា អង្គការ IOM កំពុង​សហការ​ជាមួយ​ស្ថានទូត​ខ្មែរ ប្រចាំ​នៅ​ឥណ្ឌូនេស៊ី ដើម្បី​អន្តរាគមន៍ និង​រៀបចំ​ឯកសារ ជួយ​ដល់​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​៥៤​នាក់ នៅ​ប្រទេស​ឥណ្ឌូ​នេស៊ី បច្ចុប្បន្ន​ពលករ​ខ្មែរ​រងគ្រោះ​ចំនួន​៥៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​រក្សាទុក​នៅ​កោះ Pontianak ប្រទេស​ឥណ្ឌូណេស៊ី​។

បើ​យោងតាម​របាយការណ៍​ដែល​ក្រសួងការបរទេស​ទទួល​បាន​ពី​ស្ថានទូត​ កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ទាំង​៥៤​នាក់​នោះ ត្រូវ​បាន​ចាញ់បោក​គេ​ឲ្យ​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ចំនួន​០៣​ផ្សេងគ្នា ដោយ​សន្យា​ថា នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ច្រើន ហើយ​ទទួល​បាន​ប្រាក់​បន្ថែម​ផង​ដែរ ក្នុង​ករណី​ទូក​ចាប់​បាន​ត្រី​ច្រើន។

ក្នុង​ករណី​នេះ លោក ជុំ សុន្ទរី អះអាង​ថា ឥណ្ឌូណេស៊ី​ចាត់​ទុក​ពលករ​ទាំងអស់​ជា​ជនរង​គ្រោះ​ ដោយ​ការ​ជួញដូរ​មនុស្ស ពុំមែន​ជា​អ្នក​ប្រព្រឹត្តិ​បទល្មើស​ឡើយ ហើយ​មន្ត្រី​ស្ថានទូត​បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ពលករ​ទាំង​៥៤​នាក់ ហើយ​ពិនិត្យឃើញថា មាន​សុខភាព និង​ស្ថានភាព​ជាធម្មតា ​ពុំ​មាន​បញ្ហា​អ្វី​គួរ​ព្រួយបារម្ភ​ឡើយ ហើយ​បាន​ជម្រាប​ជូន​ពី​ការ​យកចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​រៀបចំ​មាតុភូមិនិវត្តន៍​ឲ្យ​បាន​ឆាប់រហ័ស​ក្នុង​ពេល​ខាងមុខនេះ។

លោក ជុំ សុន្ទរី បន្ត​ថា របាយការណ៍​បន្ថែម ដែល​ក្រសួងការបរទេស និង​អង្គការ​សហ ប្រតិ​បត្តិ​ការ អន្តរជាតិ ទទួល​បាន​ពី​ស្ថាន​ទួត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ពាក់ព័ន្ធ​នីតិវិធី​ដែល​ស្ថាន​ទួត​កម្ពុជា បាន​និង​កំពុង​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ​រង​គ្រោះ​ចំនួន​៤៥​នាក់ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

ក្រោយពី​ស្ថានទូត​ខ្មែរ​បាន​បញ្ចប់​ការងារ​ជា​មួយ​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍ (IOM) អង្គការ​នេះ​បាន​ទទួល​ស្គាល់​ថា​ ពលករ​ខ្មែរ​ទាំង​៥៤​នាក់ ជា​ជន​រង​គ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស ទៅ​ធ្វើ​ការ​ខុស​ច្បាប់​។

ដូច្នេះ​អង្គការ IOM នឹង​រៀបចំ​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ពលករ​ខ្មែរ​រងគ្រោះ​ទាំង​៥៤​នាក់ បន្ទាប់​ពី​ការិយាល័យ​អន្តោប្រវេសន៍​ឥណ្ឌូណេស៊ី​ចេញ​លិខិតអនុញ្ញាត។ ជាពិសេស ​ស្ថានទូត​កម្ពុជា​កំពុង​ទំនាក់ទំនង​ស្នើសុំ​លិខិតអនុញ្ញាត (Exit Permit) ពី​ការិយាល័យ​អន្តោប្រវេសន៍ ឥណ្ឌូណេស៊ី​ដើម្បី​ឲ្យ​ពលករ​ធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ស្របច្បាប់​។

មិន​តែ​ប៉ុណ្ណោះ ​ស្ថានទូត​កម្ពុជា នឹង​ចេញ​លិខិត​ធ្វើដំណើរ​បណ្ដោះអាសន្ន​ដល់​ពលករ​ទាំង ៥៤​នាក់ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ធ្វើដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​។ គួរ​បញ្ជាក់​ថា កិច្ច​ការដែល​ត្រូវ​ជួយ​ដល់​ពលករ​កម្ពុជា​នេះ គឺ​ត្រូវ​ចំណាយពេល​ប្រមាណ​២-៣​សប្ដាហ៍​៕

អង្គការ IOM សហការ​ជាមួយ​ស្ថានទូត​ខ្មែរ​ ជួយ​ដល់​ពលករ​​