ជិះ​ម៉ូតូ​ទៅ​សាលា​ដល់​ពាក់​កណ្ដាល​ផ្លូវ ​ត្រូវ​គេ​ផ្ដួល​ប៉ង​ចាប់​រំលោភ ​តែ​បាន​អ្នក​ស្រុក​ជួយ​ទាន់

ជិះ​ម៉ូតូ​ទៅ​សាលា​ដល់​ពាក់​កណ្ដាល​ផ្លូវ ​ត្រូវ​គេ​ផ្ដួល​ប៉ង​ចាប់​រំលោភ ​តែ​បាន​អ្នក​ស្រុក​ជួយ​ទាន់



ប៉ោយប៉ែត ​៖ ​ក្មេង​ស្រី​ ​ជា​សិស្សសាលា​វិទ្យាល័យ​ទួល​ប្រាសាទ​ម្នាក់ ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​​​ទៅ​សាលារៀន​​​​​ដល់​កណ្ដាល​ផ្លូវ ​ក៏​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​​​ដេញ​ចាប់​នាង​​ដើម្បី​រំលោភ។ ប៉ុន្តែ​សំណាង​ល្អ ​នាង​​​​ស្រែក​ហៅ​អ្នក​ស្រុក​ឲ្យ​ជួយ ​ធ្វើ​ឲ្យ​ជន​បង្ក​ភ័យ​ស្លន់ស្លោ​​​រត់​គេច​ខ្លួន​បាត់​ស្រមោល។

ហេតុការណ៍​​​​នេះ​បាន​​កើតឡើង​នៅ​​វេលា​ម៉ោង​៨​និង៤០​នាទី​​ព្រឹក ​ថ្ងៃ​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្លូវលំ ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ពង្រ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​​ពេល​កើត​ហេតុ ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ស៊េរី ២០១៥ ​​ធ្វើដំណើរ​តាម​ដង​ផ្លូវ ​ដើម្បី​ទៅ​សាលារៀន​ លុះ​មកដល់​ចំណុច​កើតហេតុ ​ស្រាប់​តែ​មាន​ជនសង្ស័យ​ម្នាក់​​​ជិះ​ម៉ូតូ​ម៉ាក​សង់​២០១៥​ដូចគ្នា​ ហើយក៏​បាន​ចាប់​នាង​ផ្ដួល​ទៅ​ក្នុង​ព្រៃ ​​ធ្វើ​សកម្មភាព​ចាប់​ហែក​ខោអាវ​ប៉ង​រំលោភ។ ភ្លាម​នោះ​នាង​ក៏បាន​ស្រែក​​​ឲ្យ​គេ​ជួយ ធ្វើ​ឲ្យ​ភាគី​បង្ក​រត់​បាត់​តែ​ម្ដង។

សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​គ​.​ធ​.​ត អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រាសាទ សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយប៉ែត ​ហើយ​​​ពេល​នេះ​សមត្ថកិច្ច​​​​កំពុង​កំណត់​មុខសញ្ញា​ជន​បង្ក ដើម្បី​យក​មក​ដាក់ទោស​តាម​ផ្លូវ​ច្បាប់។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​ គេ​អាច​កំណត់​បាន​ថា​ ជនល្មើស ​និង​ជនរងគ្រោះ​ទំនងជា​ស្គាល់​គ្នា ​ហើយ​ជន​បង្ក​បាន​ត្រៀមលក្ខណៈ​ទុកជាមុន​ដើម្បី​ធ្វើ​សកម្មភាព​ចាប់​រំលោភ​នាង។ តែ​សំណាង​ល្អ​បាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រត់​មក​ជួយ ជនរងគ្រោះ​បាន​ទាន់​ពេលវេលា៕