ក្រសួងសុខាភិបាល ​បង្ហាញ​ពី​វិធានការ​ទប់ស្កាត់​ និង​បង្ការ​ជំងឺ​ដែល​បណ្ដាល​មក​ពី​ពុល​ចំណីអាហារ​

ក្រសួងសុខាភិបាល ​បង្ហាញ​ពី​វិធានការ​ទប់ស្កាត់​ និង​បង្ការ​ជំងឺ​ដែល​បណ្ដាល​មក​ពី​ពុល​ចំណីអាហារ​



ភ្នំពេញ ​៖ ​បន្ទាប់ពី​មាន​ករណី​ពុល​ចំណីអាហារ​ បាន​កើត​ឡើង​ច្រើន​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​មួយ​ចំនួន​នោះ​ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដីណែនាំ​មួយ​ ដើម្បី​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ពី​ការ​បង្កា​ជំងឺ​បណ្តាល​មកពី​ការ​ពុល​ចំណីអាហារ។

យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល​ ចុះ​ថ្ងៃ​ទី​១១​ឧសភា​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ ក្រសួង​បាន​ទទួល​របាយការណ៍​អំពី​បញ្ហា​ពុល​ចំណីអាហារ​ដូចជា ពុល​នំប៉័ង​ប៉ាតេ ពុល​នំ​បញ្ចុក ពុល​ម្ហូប​អាពាហ៍ពិពាហ៍​ពុល​គ្រឿង​សមុទ្រ ពុលបាយ​កញ្ចប់​សាច់​ជ្រូក​ ឬ​សាច់​មាន់ ពុល​ទឹក ជាដើម​។​ល។

ដែល​បណ្តាល​មកពី​ការរៀបចំ​ចំណីអាហារ​ខ្វះ​អនាម័យ ប្រភព​អាហារ​ឆៅ ពុំ​មាន​គុណភាព ឬ​រក្សាទុក​ពុំបាន​ត្រឹមត្រូវ ឬ​មាន​មេរោគ​ដូចជា ស្ត្រិ​ប​តូ​កូក (Streptococcus) អ៊ីកូ​លី (E-coli) ជាតិគីមី​។​ល។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​ ការ​ពុល​ចំណីអាហារ​មាន​រោគសញ្ញា​ដូចជា ក្អួត ចង្អោរ រាក រាក​មួល ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ដូច្នេះ​ដើម្បី​បង្ការ​គ្រោះថ្នាក់​ខាងលើ និង​ជៀសវាង​ខាតបង់​មុខរបរ និង​ថវិកា ក្រសួង​សូម​ធ្វើការ​ណែនាំ​ដល់​អ្នក​ចម្អិន​ម្ហូប និង​អ្នក​បរិភោគ​ទាំងអស់​ប្រកាន់យក​នូវ​ការ​អនុវត្តន៍​ដ៏​សាមញ្ញ​ដូចខាងក្រោម​នេះ ​១,​ប្រើប្រាស់​ទឹក​ស្អាត និង​ម្ហូប​អាហារ​ដែល​ស្អាត និង​ឆ្អិន​ជានិច្ច​។ ​

២,ត្រូវ​លាងដៃ​នឹង​សាប៊ូ មុន​ពេល​ និង​អំឡុង​ពេល​រៀបចំ​ម្ហូប​អាហារ មុន​បរិភោគ និង​ក្រោយពេល​បន្ទោបង់​។ ​៣,លាង​បន្លែ ផ្លែឈើ​ឲ្យ​បាន​ស្អាត​មុន​បរិភោគ​។ ​៤,​សំអាត​សម្ភារៈ​ប្រើ​ប្រាស់​សម្រាប់​ចម្អិន​ម្ហូបអាហារ​ឲ្យ​បាន​ត្រឹមត្រូវ​។ ​៥,ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់ សត្វ​ស្លាប ស៊ុត និង​អាហារ​សមុទ្រ​។​

៦,ទុកដាក់​ចំណីអាហារ​ឆៅ និង​ឆ្អិន​ដាច់​ដោយ​ឡែក​ពី​គ្នា​។​ ៧,មិន​ត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​។​ បើ​យើង​រក្សា​អាហារ​ទុក​ក្នុង​ប្រព័ន្ធ​ត្រជាក់ គឺ​ត្រូវ​ឲ្យ​នៅ​ក្រោម​សីតុណ្ហភាព​៥​អង្សា​សេ​ និង​បើ​យើង​រក្សា​អាហារ​ទុក​ក្នុង​ប្រព័ន្ធ​កម្ដៅ គឺ​ត្រូវ​ឲ្យ​លើស​ពី​សីតុណ្ហភាព​៦០​អង្សា​សេ ​និង​ទី​៨ កុំ​ប្រើ​ប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​ប្រើប្រាស់។

លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង​ បាន​មានប្រសាសន៍​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា​«​គ្រប់ៗ​គ្នា​ចាប់​តាំង​ពី​អ្នក​បរិភោគ​រហូតដល់​អ្នក​បម្រើ​អាហារ​ដើរតួ​សំខាន់​ណាស់​ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​ចំណីអាហារ​ ចាប់​តាំង​ពី​ការរៀបចំ​ចំណីអាហារ​របៀប​ទុកដាក់​ពេល​ចម្អិន​អាហារ​»៕​ក្រសួងសុខាភិបាល ​បង្ហាញ​ពី​វិធានការ​ទប់ស្កាត់​ និង​បង្ការ​ជំងឺ​ដែល​បណ្ដាល​មក​ពី​ពុល​ចំណីអាហារ​