ល្បែង​ស៊ីសង​កើតពេញ​ផ្សារ អាជ្ញាធរ​ស្រុក​ថា អត់ដឹង!

ខេត្តប៉ៃលិន ៖ ​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ខេត្ត​ប៉ៃលិនបាន​លើក​​ឡើង​ថា បញ្ហា​អសន្តិសុខ​ក្នុង​សង្គម បញ្ហា​ភូមិ​ឃុំ​គ្មាន​​សុវត្ថិភាព មាន​ក្រុម​ចោរលួច ឆក់ ប្លន់ កាប់សម្លាប់ ភាគ​ច្រើន​បង្ក​ឡើងដោយសារ​តែ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដូច​ជា​ល្បែង​បៀរ អា
​ប៉ោង និង​ល្បែង​កត់​កន្ទុយលេខ​ឆ្នោត​​ជាដើម ។

ជាក់ស្តែង គេ​សង្កេត​ឃើញ​នៅ​ផ្សារ​ព្រំ​លើ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​​​គេ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ។ តែ​មិន​ធ្លាប់​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ណា​ម្នាក់ ​អើពើ​ចុះ​ទៅ​ត្រួតពិនិត្យ និង​បង្ក្រាប​នោះ​ឡើយ គេ​សង្ស័យ​ថា ត្រូវរ៉ូវ​គ្នា​ជាមួយ​មេ​ឆ្នោត​ទាំងនោះ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា នេះ​ថា ជា​រៀងរាល់ថ្ងៃ​ល្បែ​ង​កន្ទុយលេខ​​ឆ្នោត ត្រូវ​បាន​​គេ​​កត់​​លក់​ជា​ចំហ​
នៅ​ក្នុង​ផ្សារ​ព្រំ​លើ ដោយ​មាន​អ្នក​ចូល​លេ​ង​ទាំង​ក្មេង ​ចាស់ ​ប្រុស ​ស្រី ទាំង​ព្រឹក ទាំង​ល្ងាច ក្នុង​ម្នាក់​ៗ​អស់​លុយរាប់​ម៉ឺន​រៀល​ឯណោះ ។ ឯ​អ្នកខ្លះ​ប្តី​ប្រើ​ឱ្យ​យក​លុយ​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​​ក្រុម​គ្រួសារ បែរជា​យក​លុយ​ទៅ​ចាក់​ឆោ្ន​ត​អស់រលីង លុះ​បន្ទាប់​ពី​សួរនាំ​ដឹង​រឿង ស្រាប់តែ​ប្តី​ខឹង​វាយ​ធ្វើបាប និង​អ្នកខ្លះ​ទៀត ឈ្លោះ​ទាស់ទែង​លែងលះ​គ្នា ក៏​ដោយសារ​តែ​លេងល្បែង​កន្ទុយលេខ​ឆ្នោត​នេះ​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ម្យ៉ាងវិញទៀត ក្រោយ​ពី​អស់ប្រាក់ ពួក​គាត់​អាច​បែក​គំ​និត​ក្លាយទៅជា​ចោរលួច​ឆក់​ប្លន់ ដើម្បី​បាន​ប្រាក់​យក​ទៅ​លេងល្បែង​បន្ត​ទៀត ដូច្នេះ​ហើយ​បានជា​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ភូមិ​-ឃុំ​សុវត្ថិភាព ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោកញឹក ថុ​ល អធិការ​ស្រុក​សាលា​ក្រៅ​ធ្លាប់​ឱ្យ​ដឹង កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ខាង​លោក​អត់​បានដឹង​រឿង​គេ​បើក​លេងល្បែង​កន្ទុយលេខ​ឆ្នោត​ច្រើន​ នៅ​ក្នុង​ផ្សារ​ព្រំ​លើ​នោះ​ទេ ។ បើ​ពិត​ជា​មាន​ច្រើន​មែន​​ខាង​លោក​នឹង​ចាត់​​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ត្រួតពិនិត្យ​បង្ក្រាប​តែ​ម្តង ។