ឯកឧត្តម ស្វាយ ស៊ីថា និង​ក្រុមការងារ​ចុះ​បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅក្នុង​ឃុំ កុមា​រាជា

តាកែវ:
កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស និងជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ឃុំ កុមា​រាជា បាន​ដឹកនាំ​ក្រុមការងារចុះទៅ​ស្តារ​ស្រះ​នៅក្នុង​ភូមិ​ថ្មី ដែលជា​ជំហាន​ចាប់ផ្តើម​មុនគេ​ក្នុងចំណោមស្រះ​ទឹក​ចំនួន​១៥​ក្នុងភូមិ​ទាំង​១៣ នៃ​ឃុំ​កុមា​រាជា ដែល​នឹង​ស្តារ​ជាបន្តបន្ទាប់ ដើម្បី​បាន​ទឹក​គ្រប់គ្រាន់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​

ឯកឧត្តម ស្វាយ ស៊ីថា និង​ក្រុមការងារ​ចុះ​បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅក្នុង​ឃុំ កុមា​រាជា

​ឯកឧត្តម  ស្វាយ ស៊ីថា បាន​រំលឹក​ឡើងវិញ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា ការបើក​ការដ្ឋានស្តារ​ស្រះ​ទឹក​នៅថ្ងៃនេះ គឺ​កើតចេញពី​ស្មារតី​នៃ​ការទទួលខុសត្រូវ​ខ្ពស់ គិតគូរពី​សុខទុក្ខ និង​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម និងកង្វះខាត​ទឹក​ប្រើប្រាស់ ហេតុដូច្នេះ​ហើយ ទើប​រូបលោក​ផ្ទាល់​បាន​បរិច្ចាគ​ថវិកាចំនួន​២០​លាន​រៀល ដើម្បី​ប្រកាស​បើក​ការដ្ឋាន​ស្តារ​ស្រះ​ចំនួន​១៥ ក្នុង​ឃុំ ហើយមន្ត្រីរាជការ​ទាំង​អស់​ក្នុង​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ក៏បាន​ស្ម័គ្រចិត្តទាំងអស់គ្នា​បរិច្ចាគ​ប្រាក់ខែ​របស់ខ្លួន​១​ខែ ដែលជា​ប្រាក់ខែ​១០០​ភាគរយសម្រាប់​បើក​នៅ​ខែឧសភា​នេះ ដោយ​បង្វែរ មក​ស្តារ​ស្រះ​ទឹក​នេះ​វិញ ហើយការស្តា​ស្រះ​នេះ​ក៏មាន​ការចូលរួម​ផងដែរ​ពី​ប្រជាពលរដ្ឋ​គ្រប់​ភូមិ ក្នុង​ឃុំរួមចំណែក​ទិញ​អាច​ម៌​ដី ចាក់​តាមផ្លូវ និង​ជុំវិញ​ផ្ទះ​របស់​ពួកគាត់​។​

ឯកឧត្តម ស្វាយ ស៊ីថា និង​ក្រុមការងារ​ចុះ​បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅក្នុង​ឃុំ កុមា​រាជា

​ឯកឧត្តម ស្វាយ ស៊ីថា បាន​មានប្រសាសន៍ថា ស្រះ​ទឹក​នេះ បន្ទាប់ពី​ស្តារ​រួចរាល់​ហើយគឺ​ទុកជា​ស្រះ​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ឃុំ​កុមា​រាជា​ប្រើប្រាស់ទាំងអស់គ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​នោះឡើយ​។  ប៉ុន្តែឯកឧត្តម បាន​សំ​ណូ​ពរ​ឲ្យ​ប្រជា​ពល​​រដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​ស្រះ​នេះ​ឲ្យ​បានស្ថិតស្ថេរ​យូរអង្វែង​។​

ឯកឧត្តម ស្វាយ ស៊ីថា និង​ក្រុមការងារ​ចុះ​បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅក្នុង​ឃុំ កុមា​រាជា

​ជាមួយគ្នានេះ ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​ប្រកាស​ឈ្មោះ​សប្បុរសជន​មួយចំនួនដែល​នឹង​ជួយ​បរិច្ចាគ​ថវិកា ដើម្បី​កសាង​ផ្លូវលំ​មួយ​ខ្សែ​ក្នុង​ឃុំ គឺ លោកជំទាវសុខ សុ​វណ្ណា​រី លោកជំទាវ ឡុ​ច ណា​រី លោកជំទាវ ប៉ាង វាសនា និងលោកស្រី ហាក់ ប៉ោ​លាង ដែល​កាយវិការ​នេះ បានបង្ហាញ​នូវ​ការរួមចំណែកក្នុងការ​អភិវឌ្ឍ​ភូមិ ឃុំ​ឲ្យ​កាន់តែ​រីកចម្រើន​ថែម​មួយកំរិត​ទៀត​។​

ឯកឧត្តម ស្វាយ ស៊ីថា និង​ក្រុមការងារ​ចុះ​បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅក្នុង​ឃុំ កុមា​រាជា

​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កុមា​រាជា នៃ​ស្រុក​បាទី ខេត្តតាកែវ បាន​សម្តែង​នូវ​ការសប្បាយចិត្តជា​ខ្លាំង ជាមួយនឹង​ការថ្លែងអំណរគុណ​ចំពោះ​ក្រុមការងារ​ដែល​បានយកចិត្តទុកដាក់ គិតគូ​ដោះស្រាយ​បញ្ហា​ទឹក​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។លោកតា  តំណាង​ប្រជាពលរដ្ឋ​ភូមិ​ថ្មី បាន​មានប្រសាសន៍ថា ពលរដ្ឋ​អាច​អត់​អាហារបាន​រយៈពេល​៧​ថ្ងៃ ប៉ុន្តែ មិនអាច​អត់​ទឹក​បានទេ​សូម្បីតែ​មួយថ្ងៃ​។ លោកតាបាន​អះអាងថា អ្នកភូមិ​បាន​ទន្ទឹងរង់ចាំ​ការស្តារ​ស្រះ​ទឹក​នេះ​ជា​យូរ​មកហើយអី​ឡូ​វ​ស្រះ​ទឹកបាន​បើក​ការដ្ឋាន​ស្តា​រហើយ​។​ក្នុង​ទឹកមុខ​រីករាយ លោកតាអាចារ្យ ស៊ិន សាង ថ្លែងថា ទៅ​ថ្ងៃមុខ​នៅក្នុង​ភូមិ​របស់គាត់​នឹងមាន​ទឹកប្រើប្រាស់​គ្រប់គ្រាន់ សម្រាប់​មនុស្ស សត្វ និង​ការធ្វើ​ដំណាំ​បាន​មួយចំនួន​ទៀតផង។​

ឯកឧត្តម ស្វាយ ស៊ីថា និង​ក្រុមការងារ​ចុះ​បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅក្នុង​ឃុំ កុមា​រាជា

​ឯកឧត្តម ស្វាយ ស៊ីថា ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា កន្លងមក​ក្រុមការងារថ្នាក់ជាតិ​ក៏បាន​ចុះជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​លើ​គ្រប់​វិស័យ​ជូនប្រជាពលរដ្ឋ​ក្នុង​ឃុំ និង​ការជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋបានផ្តល់​នូវ​ថវិកា និង​សម្ភារៈ​ជា​បន្តបន្ទាប់ ដែលជា​ការអនុវត្ត​នូវ​វប្បធម៌ចែករំលែក យកចិត្តទុកដាក់​ខ្ពស់​នៅក្នុង​ការកសាង អភិវឌ្ឍ​មូលដ្ឋាន និង​លើកិច្ចការងារ​សង្គមកិច្ច សុខាភិបាល សាសនា អប់រំ ចូលរួម​កាត់បន្ថយ​ភាពក្រីក្ររបស់​ប្រជាពលរដ្ឋ ជាពិសេស​ទប់ស្កាត់​បទ​ល្មើស​នានា​ក្នុងភូមិ ដូចជា បញ្ហាជួញដូរ​គ្រឿងញៀន ល្បែងស៊ីសង​ជាដើម ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព និងលើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

ឯកឧត្តម ស្វាយ ស៊ីថា និង​ក្រុមការងារ​ចុះ​បើក​ការដ្ឋាន​ស្តារ​ស្រះ​នៅក្នុង​ឃុំ កុមា​រាជា

​បន្ទាប់ពី​ប្រកាស​បើក​ការដ្ឋាន​ស្តារ​ស្រះ​រួចមក ឯកឧត្តម និង​ក្រុមការងារ​ក៏បាន​ចុះទៅពិនិត្យមើល​ទីតាំង​ស្រះ​ទឹកជា​ច្រើន​កន្លែង​ទៀត​នៅក្នុង​ភូមិ ដែល​នឹងត្រូវ​ស្តានៅពេល​ខាងមុខ និង​បាន​ជួបប្រជុំ​ជាមួយ​រដ្ឋអំណាច​មូលដ្ឋាន និង​ក្រុមយុវជន ដោយបាន​ជម្រាបជូន​នូវ​ការវិវត្ត​នៃ​​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ជៀសវាងប្រជាពលរដ្ឋ​ចាញ់បោក ការ​ភូតកុហក បោកប្រាស់ និង​បំពុល​ព័ត៌មាន​ពីក្រុមប្រឆាំង​មួយចំនួន​៕​R