លោក ​អ៊ូ វីរៈ មិន​ចុះ​ញ៉ម បើ​ទោះបី​មាន​បណ្តឹង​គណបក្ស​ប្រជាជន

នៅថ្ងៃទី១២ ឧសភានេះ តុលាការបានសាកសួរលោកអ៊ូ វីរៈ អ្នកវិភាគសង្គមនយោបាយតាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាក្នុងពាក្យប្តឹងបទបរិហារកេរ្តិ៍ជាសាធារណៈ។ ក្រោយការសាកសួរ អ្នកវិភាគរូបនេះ បានអះអាងថា លោកមិនចុះញ៉មបើទោះបីជាមានបណ្តឹងក៏ដោយ ហើយនៅតែរក្សាជំហរ។

លោកអ៊ូ វីរៈអះអាងថាលោកមិនចុះញ៉ម និងលួងលោម ឬក៏ហៃអើនោះទេ បើទោះបីជាមានបណ្តឹងពីគណបក្សប្រជាជនកម្ពុជាក៏ដោយ។ ការអះអាងនេះ គឺក្រោយពេលដែលតុលាការបញ្ចប់ការសាកសួរចំពោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាក្នុងបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ។ អ្នកវិភាគនយោបាយ និងជាប្រធានអង្គការវេទិកាអនាគតរូបនេះ បានបន្តថាលោកនៅតែបន្តរក្សាជំហរការវិភាគ ដែលជាសិទ្ធិនៃការបញ្ចេញមតិដដែល។
សូមរំលឹកថា លោកអ៊ូ វីរៈ ត្រូវបានគណបក្សប្រជាជនកម្ពុជាប្តឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីលោកបានផ្តល់បទវិភាគមួយចំពោះសំណុំរឿងអាស្រូវសេ្នហារបស់ប្រធានស្តីទីគណបក្សប្រឆាំងលោក កឹម សុខា។ លោកសាន ចំរើន មេធាវីការពារក្តីលោកអ៊ូ វីរៈ ថានៅពេលនេះលោកមិនទាន់អាចអត្ថាធិប្បាយបាននៅឡើយទេ ចំពោះបណ្តឹង។ ប៉ុន្តែលោកអ៊ូ វីរៈបានលើកឡើងថា ភស្តុតាងដែលគណបក្សប្រជាជនកម្ពុជាយកមកដាក់បន្ទុកដែលរួមមានខ្សែអាត់សំឡេងមួយ និងអត្ថបទមួយនោះ គឺមិនមានទំងន់ និងគ្រប់គ្រាន់សម្រាប់ចោទនោះឡើយ។

អ្នកវិភាគចាស់វស្សារូបនេះ បានបដិសេធការចោទប្រកាន់របស់តុលាការដែលថាលោកបំភ្លៃករណីស្នេហារបស់លោក។ ដោយឡែកគណបក្សប្រជាជនកម្ពុជាដែលជាដើមបណ្តឹង បានអះអាងថាការវិភាគរបស់លោកអ៊ូ វីរៈ តាមប្រព័ន្ធផ្សព្វផ្សាយនោះមានចេតនាបំភ្លៃសាធារណៈមតិឱ្យមានការយល់ច្រឡំមកកាន់គណបក្សកាន់អំណាចចំពោះរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

សូមបញ្ជាក់ថាក្នុងសំណុំរឿងនេះ តុលាការបានបញ្ចប់ការសាកសួរទាំងភាគីដើមចោទដែលតំណាងដោយលោក សុខ ឥសាន និងចុងចោទ លោក អ៊ូវីរៈរួចហើយ។ ប៉ុន្តែតុលាការនៅមិនទាន់សម្រេចលើបណ្តឹងបរិហារកេរ្តិ៍ពីគណបក្សកាន់អំណាចនោះទេ។ យ៉ាងណាក៏ដោយ លោកអ៊ូ វីរៈ បានស្នើឱ្យតុលាការតម្កល់ និងមិនចាត់ការលើសំណុំរឿងនេះ៕

លោក ​អ៊ូ វីរៈ មិន​ចុះ​ញ៉ម បើ​ទោះបី​មាន​បណ្តឹង​គណបក្ស​ប្រជាជនលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងអ្នកវិភាគនយោបាយនៅកម្ពុជា

ប្រភពៈ RFI