សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី និង​ស៊ី​ធី​អិន​ ថ្ងៃ​សៅរ៍​-​អាទិត្យ​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ទី​១៤ ឧសភា ខាន​​ស្អែក​នេះ មាន​ទាំងអស់​៥​គូ ក្នុង​នោះ​គូ​អន្តរជាតិ​មាន​ចំនួន​២​គូ គឺ ជ័យ ស៊ី​ណេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ជួប​ប្រកួត​ជាមួយ​កីឡា​ថៃ​ឈ្មោះ ឈី​ន​ចាំង ឡាំ​ណាំ​មួន​មួយ​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរា​គមន៍​លេខ​២ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​លំ​ណា​វ សរ​តា​ណា​រ៉ុ​ង​រោទ ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម ។

សម្រាប់​កីឡាករ​ថៃ​ទាំង​២​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ទើប​គេ​មិនដឹង​ពី​សមត្ថភាព​ពិតប្រាកដ ប៉ុន្តែ​បើ​តាម​អ្នក​នាំ​យក​មក​ប្រាប់​ថា ពូក​គេ​ទាំង​២​សុទ្ធតែ​ជា​ជើង​ខ្លាំង ។ ជា​ពិសេស ឈី​ន​ចាំង ឡាំ​ណាំ​មួន​មួយ​ថៃ តែ​ម្ដង ថ្វី​ដ្បិតតែ​ប្រវត្តិ​ប្រកួត​របស់​គេ​មិន​ច្រើន​ដូច​ជ័យ ស៊ី​ណេ​ត តែ​គេ​មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ ចលនា​វាយ​ចេញ​​ក៏​រហ័ស កម្លាំង​ស៊ុ​ហ្វ​ក៏​ខ្លាំង​ទៀត​ផង​។ រីឯ​ជ័យ ស៊ី​ណេ​ត​ក៏​មិន​អន់​ប៉ុន្មាន​ដែរ ផ្លែ​កែង និង​ជង្គង់​របស់​កីឡាករ​រូប​នេះ​រាល់ពេល​វាយ​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ តែ​ចរិត​ឆាប់​ឆេវឆាវ​បន្តិច​។ ចាំ​មើល ជ័យ ស៊ី​ណេ​ត អាច​ទប់ទល់​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​រូប​នេះ​បាន​ឬ​អត់ ។

ចំណែក សុខ សុវណ្ណ ជួប​កីឡាករ​ថៃ​លើក​នេះ​អត់​ទាន់​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ទេ ។ កីឡាករ​ថៃ​រូប​នេះ​ត្រូវ​អ្នក​នាំ​មក​អះអាង​ថា ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ប្រទេស​ថៃ ខណៈ សុខ សុវណ្ណ ក៏​ត្រូវ​គេ​ស្គាល់​ច្បាស់​ថា ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​មិន​តិច​នាក់​ទេ។ ដូច្នេះ​បើ​ចង់​ដឹង​ច្បាស់​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​មាន​តែ​សង្វៀន​ស៊ី​ធី​អិន​ប៉ុណ្ណោះ ទើប​អាច​បញ្ជាក់​បាន ។

នៅ​លើ​សង្វៀន​ដដែល កីឡាករ លី​ន វិបុល មក​ពី​ក្លិប​បុរី​រាជសីហ៍ ត្រូវ​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ។ កីឡាករ ហ៊​ល តារា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ជួប​ជាមួយ​កីឡាករ​ចាន់ រតនៈ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨ ភ្នំ​ទ្រព្យ និង​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​វៀង សា​វ៉​ន មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​១៥ ឧសភា ក៏​មានការ​ប្រកួត​ចំនួន​៦​គូ​ដែល​សុទ្ធតែ​ជា​គូ​ខ្លាំង​ៗ​ផង​ដែរ ក្នុង​នោះ​កីឡាករ សៅ ចេក មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុទី មក​ពី​ក្លិប​ខ្លា​រិ​ន​មាន​រិ​ទ្ធ ។ កីឡាករ​ឡុ​ង វ៉ា​ន់​ត មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​សូត្រ ខេ​វិ​ន មក​ពី​ក្លិប​ក្សី​ស្លាប​ដែក​។ កីឡាករ​ភិន សុទី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ឆោម ប៊ុ​ន​ឡុ​ង មក​ពីសមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​។ កីឡាករ​ផា​ន រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ប្រកួត​ជាមួយ​កីឡាករ​ផ​ន ផឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ​សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​គូ​ចុង​ក្រោយ​កីឡាករ ជា លី​ន មក​ពី​ក្លិប​រស្មី​កុមារ​កំព្រា​ប្រកួត​ជាមួយ​កីឡាករ ហេង ពៅ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕