ខេត្តស្វាយរៀង​បាន​៣​ពិន្ទុ​ដោយ​មិន​ប្រើ​កម្លាំង ប៉ូលិស និង​ភ្នំពេញ​ក្រោ​ន​លត់​ក្រុម​ខេត្ត​លើស​១០​គ្រាប់​

​ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៦ វគ្គ​ជម្រុះ​តាម​ពូ​ល នៃ​ដំណាក់កាល​ផ្តាច់ព្រ័ត្រ ក្នុង​សប្តាហ៍​ទី​៦ កាលពី​ម្សិលមិញ ខេត្តស្វាយរៀង​ទទួលបាន​៣​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ​មុន​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុមប៉ូលិស​ទ​ទួ​បាន​៣​ពិន្ទុ​សម្រាប់​ឈរ​លេខ​រៀង​ទី​១​ពូ​ល​C និង​ទី​២​ពូ​ល​D ក្រោយពី​លត់​ក្រុម​ឡើង​ពី​វគ្គ​ជម្រុះ​តាម​ខេត្ត​លើសពី​១០​គ្រាប់​។ ចំណែក​ក្រុម​វេ​ស្ទើ​ន ស៊ី ខេត្ត​ប៉ៃលិន ៦-១, ស៊ីម៉ាក់ ស៊ី ខេត្តកំពត ១-០ មុន​ក្រុម​ណាហ្គា​វើ​ល លត់​ក្រុម​សៀមរាប​អង្គរ​៤-០​។​

​ខេត្តស្វាយរៀង​ដែល​ឈរ​ក្នុង​ពូ​ល​D ទទួលបាន​៣​ពិន្ទុ​ដោយ​មិនបាច់​ប្រឹង​ក្រោយពី​ក្រុម​ខេត្តព្រះវិហារ ដែល​ត្រូវ​ប្រកួត​ជាមួយ​ខ្លួន​កាលពី​ម្សិលមិញ​សុំ​ដកខ្លួន​ចេញពី​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន លើក​ទី​១០ ដោយសារ​បញ្ហា​ខ្វះខាត​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ថ្លៃ​អាហារ និង​ការ​ស្នាក់នៅ​របស់​ក្រុម​កីឡាករ នៅពេល​ចេញទៅ​ប្រកួត​នៅក្រៅ​ទឹកដី ធ្វើ​ឲ្យ​ខេត្តស្វាយរៀង​ឈរ​លំដាប់​លេខ​៤​ក្នុង​ពូ​ល ដោយមាន​៤​ពិន្ទុ​។

​ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ប្រើ​កីឡដ្ឋាន RSN របស់ខ្លួន ដើម្បី​លត់​ក្រុម​ខេត្តកំពង់ស្ពឺ​រហូតដល់ ១៥-០ ជ័យជម្នះ​នេះ ខ្សែប្រយុទ្ធ កែវ សុខ​ផេង រកបាន​៦​គ្រាប់​តែម្នាក់ឯង ហើយ​កីឡាករ​វ័យក្មេង អ៊ិន សូ​ដា​វីដ រកបាន​៣​គ្រាប់ ធ្វើ​ឲ្យ​ក្រុម​នេះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម សម្រាប់​ឈរ​កំពូល​តារាង​ក្នុង​ពូ​ល​C ជា​បណ្តោះអាសន្ន​ដោយមាន​៩​ពិន្ទុ​។​

ខេត្តស្វាយរៀង​បាន​៣​ពិន្ទុ​ដោយ​មិន​ប្រើ​កម្លាំង ប៉ូលិស និង​ភ្នំពេញ​ក្រោ​ន​លត់​ក្រុម​ខេត្ត​លើស​១០​គ្រាប់​

​ដោយឡែក ក្រុម​ប៉ូ​លិ​ល បាន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​លត់​ក្រុម​ខេត្តក្រចេះ ១១-០ នៅក្នុង​ពូ​ល​D សម្រាប់​ឈរ​លំដាប់​ទី​២ ដោយមាន​៧​ពិន្ទុ​។ ចំណែក​ណាហ្គា​វើ​ល បាន​លត់​ក្រុម​ម្ចាស់ផ្ទះ​សៀមរាប​អង្គរ ៤-០ ដើម្បី​បាន​៣​ពិន្ទុ សម្រាប់​បន្ត​ឈរ​លំដាប់​លេខ​១ ក្នុង​ពូ​ល D ដោយមាន​៩​ពិន្ទុ​។ ជ័យជម្នះ​៤​គ្រាប់​របស់ ណាហ្គា​វើ​ល សម្រេច​ដោយ កីឡាករ ឆេង ម៉េង​, ស៊ុន សុ​បញ្ញា​, សុះ ស៊ូ​ហា​ណា និង​កីឡាករ ថន ដា​រ៉ា​ពេជ្រ ម្នាក់​មួយគ្រា​ប់​។

ខេត្តស្វាយរៀង​បាន​៣​ពិន្ទុ​ដោយ​មិន​ប្រើ​កម្លាំង ប៉ូលិស និង​ភ្នំពេញ​ក្រោ​ន​លត់​ក្រុម​ខេត្ត​លើស​១០​គ្រាប់​

​យ៉ាងណាមិញ ក្នុង​ពូ​ល C ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ ខេត្ត​ប៉ៃលិន ៦-១ ដើម្បី​ឈរ​លំដាប់​លេខ​៣​បណ្តោះអាសន្ន​ក្នុង​ពូ​ល ដោយមាន ៦​ពិន្ទុ ខណៈ​ខេត្ត​ប៉ៃលិន បន្ត​ឈរ​បាត​តារាង​ជាមួយ ខេត្តកំពត និង​ខេត្តក្រចេះ ដោយ​មិនមាន​មួយ​ពិន្ទុ​។ ចំណែក ក្រុម​ស៊ីម៉ាក់ បាន​យកឈ្នះ​លើ​ខេត្តកំពត​តែមួយ​គ្រាប់​ប៉ុណ្ណោះ ១-០ សម្រាប់​ឈរ​លំដាប់​លេខ​២ ដោយមាន​៩​ពិន្ទុ​ស្មើ​ក្រុម​ឈរ​លំដាប់​លេខ​១ ភ្នំពេញ​ក្រោ​ន ប៉ុន្តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​ក្រុម​នេះ​៕

​លទ្ធផល​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្ងៃទី​១១ ខែឧសភា ៖

​ពូ​ល C៖
-​ម៉ោង​៣:៣០-​ខេត្ត​ប៉ៃលិន ១-៦ វេ​ស្ទើ​ន​ភ្នំពេញ នៅ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន​
-​ម៉ោង​៣:៣០-​ខេត្តកំពត ០-១ មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា នៅ​កីឡដ្ឋាន​ខេត្តកំពត​
-​ម៉ោង​១៨:០០-​ភ្នំពេញ​ក្រោ​ន ១៥-០ ខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន RSN

​ពូ​ល D៖
-​ម៉ោង​៣:៣០-​សៀមរាប​អង្គរ ០-៤ ណាហ្គា​វើ​ល នៅ​ពហុ​កីឡដ្ឋាន​ខេត្តសៀមរាប​
-​ម៉ោង​៣:៣០-​ខេត្តស្វាយរៀង ៣-០ ខេត្តព្រះវិហារ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​
-​ម៉ោង​១៨:០០-​អគ្គស្នងការ​នគរបាល​ជាតិ ១១-០ ខេត្តក្រចេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។