ប៉ែន ចំរ៉ុង ព្យាយាមលាក់បាំង រឿងលែងលះ ខណៈ ភិន សុដាលីស គេចមិនផ្តល់បទសម្ភាសន៍

ភ្នំពេញ៖ លោក ប៉ែន ចំរ៉ុង និងអ្នកនាង ភិន សុដាលីស នៅព្រឹកថ្ងៃទី១២ ខែឧសភា នេះ បានចូលទៅបំភ្លឺនៅតុលាការ តាមដីការកោះរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅ និងបណ្តឹងសុំលែងលះ ។ ប៉ុន្តែអ្វីដែលគេ ចាប់អារម្មណ៍នោះ គឺភាគីទាំងពីរមិនបានផ្តល់ បទសម្ភាសន៍ដល់ អ្នកសារព័ត៌មាន ពាក់ព័ន្ធបណ្តឹងលែងលះ របស់ពួកគេឡើយ ។

ក្រោយការសាកសួរ ប្រមាណជាង ២ម៉ោងរួចមក តារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ដោយលោកមិនបាននិយាយអ្វី ពាក់ព័ន្ធមូលហេតុនៃការ ដាក់ពាក្យប្តឹងលែងលះ របស់លោកឡើយ ដោយលោកពោលយ៉ាងខ្លីថា «ទុកឲ្យតុលាការជាអ្នកដោះស្រាយ ព្រោះថារឿងគ្រប់យ៉ាង បានធ្លាក់ដល់ដៃ តុលាការរួចរាល់ ហើយខ្ញុំក៏មិនចង់និយាយអ្វីដែរ » ។

ដោយឡែក អ្នកនាង ភិន សុដាលីស បានបង្ហាញកាយវិការគេច មិនចង់ផ្តល់បទសម្ភាសន៍ ជាមួយអ្នកកាសែតឡើយ ដោយនាងបានឡើង រថយន្តយ៉ាងលឿន ហើយបើកចេញទៅ ។

បើតាមការសង្កេតពី សកម្មភាពរបស់ស្វាមីភរិយា ដែលមានតែអេតាស៊ីវិលនេះ ហាក់សរបញ្ជាក់ឲ្យឃើញ ហើយថាការកោះហៅពីសំណាក់ តុលាការសាលា ដំបូងរាជធានីភ្នំពេញ ក្នុងការសម្របសម្រួល ហាក់មិនជោគជ័យឡើយ ដោយឡែកពាក់ព័ន្ធដំណឹង ក្នុងការកោះហៅជាថ្មី របស់តុលាការនោះ គឺមន្ត្រីខាងតុលាការ មិនទាន់បង្ហើបឲ្យដឹង នៅឡើយទេ ៕

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដូចអ្វីដែលបានគ្រោងទុក តារាសម្ដែង ប៉ែន ចំរ៉ុង បានចូលខ្លួនមកបំភ្លឺ នៅក្នុងសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះប្រពន្ធ គឺអ្នកនាង ភិន សុដាលីស កាលពីអំឡុងមុន ពិធីបុណ្យចូលឆ្នាំថ្មី ។ ជាមួយគ្នានេះ តារាសម្ដែងល្បីឈ្មោះ កំពុងតែត្រៀមខ្លួន ក្លាយជាស្រ្តីមេម៉ាយ ទាំងក្មេងវ័យ អ្នកនាង ភិន សុដាលីស ក៏បានចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ តាមការកោះអញ្ជើញ របស់មន្រ្តីតុលាការដែរ នៅព្រឹកជាមួយគ្នានេះ ដើម្បីឆ្លើយបំភ្លឺជុំវិញបណ្ដឹង សុំលែងលះ របស់លោកប្ដីហេងស៊យ គឺលោក ប៉ែន ចំរ៉ុង ។

ពេលកំពុងសាកសួរ និងក្រោយពីសាកសួរចប់ គេបានសង្កេតឃើញថា មានអ្នកកាសែតកំពុងតែ ឈរចាំឲ្យរហង់ នៅខាងមុខទ្វារ និងនៅចំហៀង នៃសាលាដំបូងរាជធានៅភ្នំពេញ ដើម្បីផ្ដិតយករូបភាព និងធ្វើការសាកសួរដោយផ្ទាល់ ពីសំណាក់តារាសម្ដែង ទាំងពីរដួងនេះ ។ ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស គ្រាន់តែឃើញអ្នកកាសែតចាំសួរ និងថតរូបនាងផងនោះ បានធ្វើឲ្យនាង ហាក់ភិតភ័យឈររេរា មិនចង់ចេញពីក្នុងសាលាដំបូងឡើយ។ ខណៈដែលតារាសម្ដែង មានឈ្មោះជាព្រាននារី លោក ប៉ែន ចំរ៉ុង បានចេញតាមទ្វារក្រោយ អមដោយលោកមេធាវីម្នាក់ និងបងប្រុសរបស់លោក គឺលោក ប៉ែន រស់ ។

ភិន សុដាលីស បានធ្វើដំណើរចូល ក្នុងឡានយ៉ាងលឿន ជាមួយនឹងទឹកមុខស្រងូតស្រងាត់ ដោយមិនបាននិយាយស្ដី ឬផ្ដល់បទសម្ភាសន៍អ្វី ដល់អ្នកកាសែតនោះទេ ខណៈដែលលោក ប៉ែន ចំរ៉ុង បាននិយាយដោយខ្លីថា លោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែងហើយ លោកគ្មានអ្វីដែលត្រូវនិយាយទៀតទេ រួចក៏បានដើរឆ្លងផ្លូវ ដើម្បីទៅកន្លែង រថយន្តយ៉ាងលឿន។

សូមបញ្ជាក់ថា មុខនឹងចូលមកកាន់សាលាដំបូង រាជធានីភ្នំពេញ តាមការកោះហៅនេះ អ្នកនាង ភិន សុដាលីស បានបញ្ចេញប្រាប់ ពីអារម្មណ៍ឈឺចាប់ ឲ្យមហាជនបានដឹង បន្ទាប់ពីរឿងនេះ បានបែកធ្លាយជាង១ខែមកហើយ ។ ជាមួយគ្នានឹងការបញ្ចេញ អារម្មណ៍ឈឺចាប់គួរឲ្យអាណិតនេះ ភិន សុដាលីស ក៏បានសារភាពថា នាងកំពុងមានកូនក្នុងផ្ទៃ ហើយរំពឹងថា ភាពឈឺចាប់នេះ នឹងរសាត់អណ្ដែតចេញពីនាង តាមពេលវេលា ក្នុងពេលឆាប់ៗនេះ។

ក្នុងសារដែល ភិន សុដាលីស បង្ហាញឲ្យមហាជនដឹង ជាលើកដំបូង នៅពេលនេះ នាងបានសរសេរថា «សុំទោសចំពោះការបាត់មុខ តែយ៉ាងណាក៏ដោយ ក៏អរគុណចំពោះការតេ និងផ្ញើរសារលើកទឹកចិត្ត ក៏ដូចជារាល់ comments ទាំងអស់ ។ ខ្ញុំពិតជាសុំទោសណាស់ ដែលខ្ញុំមិនអាចធ្វើការឆ្លើយតប ឬចូលអានភ្លាមៗនៅពេលនោះ ។ អ្នកខ្លះក៏បានធ្វើការតបត ទៅលើ comments និង share អាក្រក់ៗមកលើរូបខ្ញុំ ខ្ញុំពិតជាអរគុណណាស់ អរគុណដែលបានប្រាប់ឲ្យខ្ញុំរឹងមាំ និងអរគុណចំពោះការស្រឡាញ់ មកលើកូនរបស់ខ្ញុំ។ ខ្ញុំពិតជាមានសំណាងណាស់ ដែលមានអ្នកទាំងអស់គ្នា នៅក្បែរមិនធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ឯកា!» ។

ស្រីស្រស់ ភិន សុដាលីស បានសសេរបន្តទៀតថា «វាពិតជាគ្រប់គ្រាន់ណាស់ហើយ សម្រាប់ខ្ញុំ ដែលខ្ញុំ និង កូនខ្ញុំត្រូវបានគេស្រឡាញ់បែបនេះ ហើយពួកយើងសង្ឃឹមថា អាចតបស្នងអ្នកទាំងអស់គ្នាវិញ ចំពោះក្តីស្រឡាញ់មួយនេះ ។ អរគុណណាស់ មានតែពេលវេលាទេ ដែលអាចធ្វើឲ្យការឈឺចាប់មួយនេះ ជាសះស្បើយ »៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload