តោះ​ទៅ​មើល ផា​ន់ គ្រាន់ និង រឿ​ម វណ្ណៈ ប៉ះ​ថៃ​ថ្ងៃស្អែក​នៅ​លើ​រេញ ​SEA-TV ទាំងអស់​គ្នា​ !

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៤ ឧសភា ខាន​ស្អែក កីឡាករ​កម្ពុជា​២​រូប គឺ​ផា​ន់ គ្រាន់ និង​រឿ​ម វណ្ណៈ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ (SEA-TV) ។ នេះ​ជា​ការ​ប៉ះ​គ្នា​ក្នុង​កម្រិត​ទ្វេភាគី​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង ដែល​កីឡាករ​មានឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​នេះ ត្រូវ​គេ​កត់​សម្គាល់​ថា សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ ។

ការ​ប្រកួត​នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃខាន​ស្អែក​នោះ កីឡាករ​ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ដែល​គេ​ស្គាល់​យូរ​មក​ហើយ​ថា ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់ នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ល្បីឈ្មោះ​គឺ ឃុន ភេ​ន ដែល​មាន​ស្នាដៃ​ច្រើន​មក​ហើយ​នៅ​លើ​សង្វៀន ។ មន្ត្រី​អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​​បាន​អះអាង​ថា ជំនួប​រវាង​កីឡាករ​ទាំង​២ គឺជា​ការ​ប៉ះ​គ្នា​ដែល​ខាង​សហព័ន្ធ​មាន​បំណង​ចង់​សាកល្បង​សមត្ថភាព​របស់​អ្នក​ទាំង​២​ថា អ្នក​ណា​ល្អ​ជាង ។

លោក​ញាណ សុធី បាន​អះអាង​ថា កីឡាករ​ផា​ន់ គ្រាន់​ក្នុង​រយៈពេល​ដែល​គេ​ខាន​ប្រកួត​មានការ​អះអាង​ថា សម្ងំ​ហ្វឹកហាត់​ច្រើន​គួរសម ទើប​លោក​និង​សហព័ន្ធ​ប្រដាល់​សម្រេច​ដាក់​ឱ្យ​ប្រកួត​​ជាមួយ​កីឡាករ ឃុន ភេ​ន  ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។ លោក​ថា កីឡាករ​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​៩០​លើក ឈ្នះ​៦៩​លើក ចាញ់​១៨​លើក និង​ស្មើ​៣​លើក ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ​គឺ​បាន​វាយ​ផ្ដួល​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ប្រទេស​ច្រើន​ណាស់ ទើបបាន​ឈាន​ឡើង​ក្លាយជា​កីឡាករ​ល្អ​លេចធ្លោ​ម្នាក់ ។ លោក​ថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃខាន​ស្អែក កីឡាករ ផា​ន់ គ្រាន់ ទំនងជា​ត្រូវ​ប្រឹងប្រែង​ឱ្យ​បាន​ច្រើន ដ្បិត​បើ​មិន​ដូច្នោះ​ទេ គឺ​ពិតជា​ពិបាក​យកឈ្នះ ដោយសារ​កីឡាករ​ថៃ​រូប​នេះ ក៏​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ហ្វឹកហាត់​មុន​ឡើង​មក​ប្រកួត​នៅ​កម្ពុជា​ដូច​គ្នា​។ លោក​បាន​ប្រដូច​ពួក​គេ​ថា​ជា​ជើង​ខ្លាំង​ប៉ះ​ជើង​ខ្លាំង និង​ប៉ាន់​ស្មានថា នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ដែល​នឹង​កើតឡើង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ការ​ប្រដាល់​មិន​ខាន ។

ទោះបី​យ៉ាងណា លោក​ក៏​មិន​ហ៊ាន​ប៉ាន់​ស្មានថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​សម្រាប់​ការ​ប្រកួត​ស្អែក​នោះ​ដែរ ដោយសារ​តែ​កីឡាករ ផា​ន់ គ្រាន់ ក៏​មាន​ថ្វីដៃ និង​បច្ចេកទេស​មិនធម្មតា ហើយ​កីឡាករ​ថៃ​ក៏​ជា​ជើង​ខ្លាំង ។

យោង​តាម​កំណត់​ត្រា​កីឡាករ​កម្ពុជា​ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៦​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ហើយ​បើ​ទោះជា​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ហាក់​ទទួល​បាន​ផល​វិជ្ជមាន​មិន​ច្រើន​ដូច​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​បាន ក៏​សមត្ថភាព និង​កណ្ដាប់ដៃ​របស់​កីឡាករ​រូប​នេះ នៅ​តែ​មិន​អាច​មើល​ស្រាល​បាន ។ ជា​ពិសេស បន្ទាប់​ពី​មានការ​ប្រកាស​ថា ផា​ន់ គ្រាន់​ហ្វឹកហាត់​ច្រើន​គួរសម ក្នុង​រយៈពេល​រយាល​ពី​ការ​ប្រដាល់​នោះ គឺ​ពិតជា​អាច​ប៉ះប៉ូវ​នូវ​ការ​ថមថយ​កម្លាំង​ដែល​ធ្លាក់​ចុះ​តាម​វ័យ​របស់​គេ​ឱ្យ​មាន​លទ្ធផល​ល្អ​ត្រឡប់​មក​វិញ ។ លោក ផា​ន់ ផា​ណាត ជា​គ្រូបង្វឹក​របស់​ផា​ន់ គ្រាន់ ហាក់​មាន​ជំនឿ​ចិត្តច្រើន​ទៅ​លើ​កូនសិស្ស​របស់​ខ្លួន បើ​ទោះជា​បានដឹង​ថា កីឡាករ ឃុន ភេន មិនមែន​ធម្មតា ទាំង​ថ្វីដៃ បច្ចេកទេស និង​កម្លាំង​ស៊ុ​ហ្វ ។

សម្រាប់​កីឡាករ​មួយ​រូប​ទៀត​ដែល​នឹង​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​គូ​អន្តរជាតិ​នោះ​ដែរ គឺ​រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ នឹង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឈាង ក្រៃ ដែល​ក្នុង​ប្រទេស​ថៃ​កីឡាករ​រូប​នេះ ក៏​មានឈ្មោះ​បោះ​សំឡេង​មិន​ណ​យ​នោះ​ដែរ​។ យ៉ាងណាមិញ មាន​សំឡេង​គាំទ្រ​ភាគច្រើន​ថា រឿ​ម វណ្ណៈ នឹង​ឈ្នះ​ការ​ប្រកួត​ដោយ​សំអាង​ថា គេ​កំពុង​ឡើង​កូដ មាន​ថ្វីដៃ​ល្អ ហើយ​កីឡាករ​ថៃ ឈាង ក្រៃ បើ​ទោះជា​ខ្លាំង ក៏​មាន​ចំណុចខ្សោយ​ធ្វើ​ឱ្យ​គេ​កត់សម្គាល់ ។ កីឡាករ​ថៃ​រូប​នេះ បើ​ទោះជា​មាន​កម្លាំង​ស៊ុ​ហ្វ​នៅ​មាំ ប៉ុន្តែ​កណ្ដាប់ដៃ​របស់​គេ​ក៏​ស្ទក់​ណាស់​ដែរ បើ​ធៀប​នឹង​រឿ​ម វណ្ណៈ ។ ម្យ៉ាង​មក​ពី រឿ​ម វណ្ណៈ ហាក់​នៅ​ក្មេង​ជាង និង​មាន​បច្ចេកទេស​ល្អ​មិន​ខុស​គ្នា​ផង ទើប​គេ​យល់​ថា គូ​នេះ កីឡាករ​កម្ពុជា​នឹង​មានឱកាស​ខ្ពស់​ជាង​។

យោង​តាម​កំណត់​ត្រា​កីឡាករ​រឿ​ម វណ្ណៈ ធ្លាប់​ប្រកួត​៨២​លើក ឈ្នះ​៦២​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ ឈាង ក្រៃ ធ្លាប់​ប្រកួត​បាន​៨៣​លើក ឈ្នះ​៦៣​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក​។ ដោយឡែក​នៅ​ថ្ងៃ​សៅរ៍​នោះ ចាប់ពី​ម៉ោង​៥​ល្ងាច​នៅ​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ ក៏​មានការ​ប្រកួត​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ រវាង​កីឡាករ​ជើង​ខ្លាំង​៤​រូប​ដែល​បាន​ទទួល​ឱកាស​ពី​ការ​ឈ្នះ​ក្នុង​ពូ​ល ដើម្បី​ដណ្ដើម​យក​កៅអី​បន្ត​ទៀត​ទៅ​ប្រកួត​យក​ជើងឯក ។ ព្រឹត្តិការណ៍​នេះ មាន​កីឡាករ​កម្ពុជា និង​បរទេស​ប្រកួត​គ្នា​ដែល​តាម​ការ​ប៉ាន់ស្មាន​ក៏​នឹង​មាន​អ្នក​ស្នេហា​ប្រដាល់​កកកុញ​ណាស់​ដែរ ៕