យោធិន​ចូល​និវត្តន៍​នៅ​ភូមិ​តេជោ​អភិវឌ្ឍន៍​ទទូច​ឱ្យ​អាជ្ញាធរ​ផ្ដល់​ដី​កសិកម្ម​តាម​ការ​សន្យា

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​ចូលនិវត្តន៍ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ឱ្យ​មក​រស់​នៅ​ក្នុង​ភូមិ​តេជោអភិវឌ្ឍន៍ ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។ អាជ្ញាធរ​បាន​សន្យា​ផ្ដល់​ផ្ទះ ដី​លំនៅឋាន និង​ដី​កសិកម្ម​ដល់​ពួកគាត់ ដើម្បី​ឱ្យ​ពួកគាត់​ចាប់​ផ្ដើម​ជីវិត​ថ្មី​នៅ​តំបន់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្ទាល់​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទោះបីជា​បែប​ណា អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​អះអាង​ថា ពួកគាត់​ទទួល​បានតែ​ផ្ទះ​មួយ​ខ្នង និង​ដី​លំនៅឋាន​តែប៉ុណ្ណោះ ដោយ​មិន​ទាន់​ទទួល​បាន​ដីស្រែ​បង្កបង្កើនផល​ដូច​ការ​សន្យា​របស់​អាជ្ញាធរ​នៅ​ឡើយ។

"តេជោអភិវឌ្ឍន៍" គឺ​ជា​ភូមិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន កាល​ពី​ជិត ១០​ឆ្នាំ​មុន។ បច្ចុប្បន្ន ភូមិ​អភិវឌ្ឍន៍​មួយ​នេះ​មាន​ក្រុម​យោធិន​ពិការ ក្រុម​កងកម្លាំង​ប្រដាប់​អាវុធ​ចូលនិវត្តន៍ និង​ប្រជាពលរដ្ឋ​សាមញ្ញ​ជា​ច្រើន​គ្រួសារ​កំពុង​រស់​នៅ។

សម្រាប់​យោធិន​ពិការ អ្វីៗ​ហាក់​អំណោយផល​ដល់​ការ​រស់​នៅ​របស់​ពូក​គាត់។ លោក ហ៊ុន សែន បាន​ប្រគល់​ផ្ទះ​មួយ​ខ្នង និង​ដី​មួយ​ហិកតារ​កន្លះ​ដល់​ក្រុម​គ្រួសារ​យោធិន​ពិការ​សម្រាប់​ការ​រស់​នៅ និង​បង្កបង្កើនផល ព្រម​ទាំង​មាន​ការ​រៀបចំ​ជា​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ទីផ្សារ និង​ទឹក ភ្លើង​គ្រប់គ្រាន់។

ស្ថិត​ក្នុង​វ័យ​ជាង ៥០​ឆ្នាំ លោក ស៊ុន ពេជ្រ គឺ​ជា​យោធិន​ពិការ​ម្នាក់​ក្នុង​ចំណោម​យោធិន​ពិការ​ជា​ច្រើន​ផ្សេង​ទៀត ដែល​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ពី​មជ្ឈមណ្ឌល​កៀនស្វាយ ខេត្ត​កណ្ដាល ឱ្យ​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​ភូមិ​តេជោអភិវឌ្ឍន៍ នៅ​ខេត្ត​កំពត។ មាន​តួនាទី​ជា​អនុសេនីយ៍ឯក​ប្រចាំ​អង្គភាព ៣១៧ កោះស្លា លោក ស៊ុន ពេជ្រ ថ្លែង​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​រស់​នៅ​ភូមិ​តេជោអភិវឌ្ឍន៍ អស់​រយៈពេល​ជាង ៩​ឆ្នាំ​កន្លង​ទៅ​នេះ៖ «វា​គ្រប់គ្រាន់​របស់​គាត់​ហើយ ដែល​គាត់​ឱ្យ។ ត្រេកអរ​ជា​អនេកប្បការ​ជាង​ឪពុក​ម្ដាយ​បង្កើត ចិញ្ចឹម​ទៅ​ទៀត។ ឱ្យ​ដី​សម្បទាន​ផង ហើយ​កាប់ព្រៃ​ឱ្យ​ទៀត និង​ដាំ​ដុះ​ឱ្យ​ទៀត យើង​ចាំ​តែ​ថែ​រក្សា»

លោក ស៊ុន ពេជ្រ ទទួល​បាន​ផ្ទះ​ថ្ម​មួយ​ខ្នង​ទំហំ ៥​ម៉ែត្រ​ការ៉េ មាន​បន្ទប់​ទឹក បង្គន់​អនាម័យ ទូរទស្សន៍ អាគុយ បន្ទះ​សូឡា និង​ទទួល​បាន​ដី​ទំហំ ៥០ គុណ ៣០០​ម៉ែត្រ ដែល​អាច​ដាំ​ដុះ​ដំណាំ​បាន​យ៉ាង​ល្អ។ លោក ស៊ុន ពេជ្រ បញ្ជាក់​ទៀត​ថា ក្នុង​មួយ​ខែ​លោក​ទទួល​បាន​ប្រាក់ខែ និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ សរុប​ជាង ១​លាន​រៀល​ពី​រដ្ឋាភិបាល។ ក្រៅ​ពី​នេះ អ្នកដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​រាប់​ចាប់​តាំង​ពី​អាជ្ញាធរ​ស្រុក ខេត្ត រហូត​ដល់​នាយករដ្ឋមន្ត្រី តែង​ចុះ​មក​សួរសុខទុក្ខ​ពួក​លោក​ដែល​ជា​យោធិន​ពិការ​ជា​ប្រចាំ៖ «យក​លុយ​ទាំង​នោះ​មក ខ្ញុំ​រក​ស៊ី​លក់​ដូរ​ខោ​អាវ​នៅ​ផ្សារ​របស់​សម្ដេច។ អា​ហ្នឹង​យើង​អាច​ចាយ​រស់​ចាយ​គ្រប់​គ្រាន់​ហើយ​ មួយ​ខែ​ជាង ១​លាន​ហ្នឹង»

ផ្ទុយ​ពី​ក្រុម​យោធិន​ពិការ លក្ខខណ្ឌ​រស់​នៅ​របស់​អតីត​យុទ្ធជន​ជា​ច្រើន​រយ​គ្រួសារ​នៅ​ក្នុង​ភូមិ​តេជោអភិវឌ្ឍន៍ មាន​សភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ។

ភូមិ​តេជោអភិវឌ្ឍន៍ កំពត ៨៥៥ ២០១៦
ភូមិឋាន​របស់​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​នៅ​ភូមិ​តេជោអភិវឌ្ឍន៍ ក្នុង​ស្រុក​ឈូក ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មេសា ខែ​២០១៦។ RFA/Chuop Sereyroth

ភូមិម្ករ​របស់​អតីត​យុទ្ធជន​មាន​ចម្ងាយ​ប្រមាណ​ជា​ជាង ១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​លំនៅឋាន​របស់​ក្រុម​យោធិន​ពិការ ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ទាន់​ត្រូវ​បាន​រៀបចំ​ល្អ​​នៅ​ឡើយ។ ថ្វីត្បិតតែ​មាន​ផ្លូវ​លំ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​ស្រួល ប៉ុន្តែ​មិន​មាន​ភ្លើង​អគ្គិសនី និង​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស់​នៅ​ឡើយ។ ក្រុម​និវត្តន៍​ជន​ជា​កងកម្លាំង​ប្រដាប់​អាវុធ​អះអាង​ថា ពួកគាត់​ត្រូវ​ទិញ​ទឹក​ពី​គេ​ដើម្បី​ប្រើប្រាស់ ចំណែក​ឯ​អគ្គិសនី​វិញ ដើរ​ដោយ​ថាមពល​អាគុយ។

ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​ភ្លើង និង​គ្មាន​ដី​កសិកម្ម​សម្រាប់​បង្កបង្កើន​ផល ក្រុម​អតីត​យុទ្ធជន​ជា​ច្រើន​គ្រួសារ​ បាន​ចាកចោល​លំនៅឋាន​ដែល​ប្រមុខ​រដ្ឋាភិបាល​សាងសង់​ឱ្យ​ទៅ​រស់​នៅ​កន្លែង​ដទៃ​វិញ។ បច្ចុប្បន្ន​គេ​សង្កេតឃើញ​គេហដ្ឋាន​មួយ​ចំនួន​ធំ​ត្រូវ​បិទ​ទ្វារ​គ្មាន​មនុស្ស​រស់​នៅ សល់​តែ​សម្បក​ផ្ទះ ហើយ​ខ្លះ​ទៀត​ត្រូវ​ស្មៅ​ដុះ​រុំ​ជុំ​ជិត ប្រៀប​បាន​នឹង​ភូមិឋាន​ដែល​ត្រូវ​គេ​បោះបង់​ចោល​ដូច្នេះ​ដែរ៖ «សំឡេង​ដាក់​ចំណី​មាន់​ទា»

មាន​វ័យ​ជាង ៥០​ឆ្នាំ កម្ពស់​ប្រហែល ១,៥០​ម៉ែត្រ សម្បុរ​ស្រអែម សក់​រួញ​ចង​ក្របួច កំពុង​បាច​ចំណី​ឱ្យ​មាន់​ទា លោកស្រី ព្រុយ ជឿន គឺ​ជា​អតីត​យុទ្ធជន​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ លោកស្រី​រៀបរាប់​ថា លោកស្រី​បាន​ចូល​ធ្វើ​ជា​ទាហាន​តាំង​ពី​ឆ្នាំ​១៩៩០ មក​ទល់​នឹង​ឆ្នាំ​២០១០ ទើប​ត្រូវ​បាន​អង្គភាព​ដាក់​ឱ្យ​ចូល​និវត្តន៍​តាម​គោលការណ៍​របស់​រដ្ឋាភិបាល។

ក្រោយ​មក​នៅ​ឆ្នាំ​២០១២ លោកស្រី​ត្រូវ​បាន​គេ​បញ្ជូន​ឱ្យ​មក​រស់​នៅ​ភូមិ​តេជោអភិវឌ្ឍន៍ ដោយ​ទទួល​បាន​គេហដ្ឋាន​មួយ​ខ្នង​ទំហំ ៥​ម៉ែត្រការ៉េ និង​ដី​លំនៅឋាន​ទំហំ ៣០ គុណ​នឹង ៤០​ម៉ែត្រ។ ប៉ុន្តែ​ចំពោះ​ដី​កសិកម្ម​ទំហំ ១​ហិកតារ​ដែល​អាជ្ញាធរ​សន្យា​ផ្ដល់​ជូន​វិញ លោកស្រី​មិនទាន់​ទ​ទូល​បាន​នៅ​ឡើយ គិត​ចាប់​តាំង​ពី​ថ្ងៃ​មក​រស់​នៅ​រហូត​ដល់​ឆ្នាំ​២០១៦ នេះ ដោយ​អាជ្ញាធរ​ខេត្ត​កំពត បាន​លើក​ពេល​វាស់វែង​ជា​ច្រើន​ដង៖ «សម្ដេច ​គាត់​ឱ្យ​មក ហើយ​មេៗ​គេ​ឱ្យ​មក។ គេ​សន្យា​ថា គេ​ឱ្យ​ដី​ គេ​ឱ្យ​ផ្ទះ​ គេ​ចែក​របស់​ទ្រព្យ​មាន​ចាន​​ ឆ្នាំង និង​ពាង​ឱ្យ តែ​ចំពោះ​ខ្ញុំ​អត់​ទាន់​បាន​អ្វី​ទាំង​អស់។ រាល់​ថ្ងៃ បាន​តែ​ផ្ទះ​ទទេ និង​ដី​ផ្ទះ​តែ​ប៉ុណ្ណឹង​ឯង»

សព្វថ្ងៃ​នេះ លោកស្រី​រស់​នៅ​ពឹងផ្អែក​តែ​ទៅ​លើ​ប្រាក់​សោធន​និវត្តន៍ និង​របរ​ដាំ​ដុះ​ស្លឹកគ្រៃ​បន្តិចបន្តួច​តែប៉ុណ្ណោះ។ ប្រាក់​សោធន​និវត្តន៍​ដែល​មាន​ចំនួន ៤០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំខែ​របស់​ក្រុម​គ្រួសារ​លោកស្រី ព្រុយ ជឿន នោះ​ទេ ពីព្រោះ​លោកស្រី​ត្រូវ​ចំណាយ​លើ​ម្ហូប​អាហារ និង​ជំងឺតម្កាត់​ផ្សេងៗ។

និយាយ​ដល់​ត្រឹម​នេះ លោកស្រី ព្រុយ ជឿន ទម្លាក់​ទឹក​មុខ​ចុះ​បន្តិច រួច​ពោល​ថា លោកស្រី​សោកស្ដាយ​ដែល​មក​រស់​នៅ​ភូមិ​តេជោអភិវឌ្ឍន៍ ពីព្រោះ​បើ​លោកស្រី​នៅ​ធ្វើជា​កម្មករ​គេ​នៅ​ឯ​រាជធានី​ភ្នំពេញ​វិញ ក៏​ជីវភាព​របស់​លោកស្រី​ប្រសើរ​ជាង​នេះ​ដែរ៖ «បើ​យើង​នៅ​ឯ​ណោះ (រាជធានី​ភ្នំពេញ) យើង​ស៊ី​ឈ្នួល​ធ្វើ​កម្មករ​គេ ចេះ​តែ​បាន​ប្រាក់​ខែ​ តែ​ពេល​មក​នៅ​ទី​នេះ យើង​មាន​អី។ រក​មួយ​ថ្ងៃ​ស៊ី​មួយ​ថ្ងៃៗ ទៅ​រក​អី។ យើង​ទៅ​ស៊ី​ឈ្នួល​គេ បើ​យើង​មាន​ចម្ការ​ទៅ​ យើង​ចេះ​តែ​ធ្វើ​របស់​យើង​ទៅ ដល់​ពេល​យើង​អត់​ចម្ការ យើង​មាន​អ្វី​ធ្វើ»

អតីត​យុទ្ធជន ភូមិ​តេជោអភិវឌ្ឍន៍ ៨៥៥ ២០១៦
អតីត​យុទ្ធជន​ម្នាក់​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោកស្រី ព្រុយ ជឿន និង​ស្វាមី ចិញ្ចឹម​មាន់​ទា​គ្រាន់​ដោះ​ទាល់​ម្ដងម្កាល ភូមិ​តេជោអភិវឌ្ឍន៍ ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត។ រូប​ថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦។ RFA/Yang Chandara

លោកស្រី ព្រុយ ជឿន អះអាង​បន្ត​ថា លោកស្រី​និង​អតីត​យុទ្ធជន​ដទៃ​នៅ​ក្នុង​ភូមិ​តេជោអភិវឌ្ឍន៍ តែង​ចាត់​ទុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ឪពុក​របស់​ខ្លួន និង​បាន​បូជា​កម្លាំង​កាយ​ចិត្ត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ។ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​ដែល​ត្រឡប់​មក​ឱ្យ​លោកស្រី និង​អតីត​យុទ្ធជន​ផ្សេង​ទៀត នៅ​ពេល​នេះ​វិញ គឺ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ។ អាជ្ញាធរ​មិន​ដែល​បាន​ចុះ​សួរ​នាំ​ពួកគាត់​អំពី​ការ​រស់​នៅ និង​តម្រូវការ​របស់​ពួកគាត់​ឡើយ ហើយ​សូម្បីតែ​ការ​ចង់​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​លោក​ចុះ​មក​តំបន់​តេជោអភិវឌ្ឍន៍ ម្ដងៗ ក៏​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​ដែរ។

ស្ថិត​ក្នុង​ស្ថានភាព​រស់​នៅ​កណ្ដោចកណ្ដែង និង​ដាច់​សង្វែង​បែប​នេះ លោកស្រី ព្រុយ ជឿន និង​អតីត​យុទ្ធជន​ផ្សេង​ទៀត​បាន​ប្រៀប​ប្រដូច​ខ្លួន​ទៅ​នឹង​កូន​ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​បំបរបង់​ចោល​ដូច្នេះ​ដែរ៖ «គាត់​ទៅ​តែ​កន្លែង​ក្រុម​យោធិន​ពិការ​ឯណោះ បើ​ពួក​សោធន​ខ្ញុំ​នេះ អត់​មាន​ដែល​គាត់​អ៊ឺអើ ទៅ​អើត​មើល​កូន​ចៅ​ម្ដង​ឱ្យ​បាន​សប្បាយ។ ឃើញ​មុខ​ឪ​ទៅ កូន​សប្បាយ អត់​ឃើញ​មុខ​ឪ​ កូន​ចៅ​បាន​អី​សប្បាយ។ មាន​តែ​ភ័យ​ ចេះ​តែ​ខ្លាច​ទៅៗ​ មាន​អារម្មណ៍​ថា​ គាត់​យក​មក​បោះបង់​ចោល​នៅ​ក្នុង​ព្រៃ​ អត់​មាន​គិត​ថា ឥឡូវ កូន​អញ​បាន​ស្អី​ស៊ី បាន​អី​ចាយ​ បាន​អី​សប្បាយ។ គាត់​អត់​មាន​គិត​ទេ​សព្វថ្ងៃ​នេះ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពត ទទួល​បន្ទុក​ខាង​ដីធ្លី លោក ហេង វន្ថា បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​នឹង​ចុះ​វាស់វែង​ដី​ចំនួន ១.២៨៨​ហិកតារ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ផ្ដល់​ដល់​អតីត​យុទ្ធជន​ទាំង ២៤០​គ្រួសារ ដែល​មិន​ទាន់​ទទួល​បាន​ដី​បង្កបង្កើន​ផល។ លោក​ពន្យល់​ថា ការ​យឺតយ៉ាវ​ក្នុង​ការ​វាស់វែង​ដី​នៅ​ពេល​កន្លង​មក គឺ​ដោយសារ​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ដី​ជិត ១.៣០០​ហិកតារ​នោះ ជា​កម្មសិទ្ធិ​របស់​ពួកគេ៖ «ខាង​លើ​គេ​ពិនិត្យ​ឃើញ​ថា ការងារ​នេះ សម្រាប់​ដោះ​ស្រាយ​ជូន​កង​ទ័ព​ដែល​ចូល​និវត្តន៍​ចំពោះ​ដី​ទាំង ១.២៨៨​ហិកតារ។ អ៊ីចឹង​គណៈកម្មការ​របស់​ខេត្ត​នេះ គេ​នឹង​រៀបចំ​ជា​សមាសភាព​ថ្មី ឆាប់ៗ​នេះ​ហើយ​មិន​យូរ​ទេ»

ជុំវិញ​រឿង​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ យល់​ឃើញ​ថា អាជ្ញាធរ​មិន​គូរ​អនុវត្ត​ស្តង់ដារ​ពីរ​ចំពោះ​ក្រុម​យោធិន​ពិការ និង​ក្រុម​អតីត​យុទ្ធជន​នោះ​ទេ ត្បិត​ពួកគាត់​សុទ្ធ​តែ​ជា​អ្នក​តស៊ូ​ដើម្បី​ជាតិ​មាតុភូមិ​ដូច​គ្នា។ លោក ហេង ភារៈ បន្ត​ថា អាជ្ញាធរ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ដី​ដែល​ក្រុម​ពលរដ្ឋ​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ពួកគេ និង​ដោះស្រាយ​ទំនាស់​នេះ​ឱ្យ​បាន​ចប់​សព្វគ្រប់ មុន​ពេល​ធ្វើការ​វាស់វែង​ជូន​អតីត​យុទ្ធជន​ដើម្បី​បញ្ចៀស​ការ​ប្រឈម​ណា​មួយ​រវាង​ក្រុម​ពលរដ្ឋ និង​អតីត​យុទ្ធជន៖ «ខ្ញុំ​គិត​ថា អាជ្ញាធរ​គាត់​ដឹង​ហើយ ហើយ​គាត់​ក៏​បាន​ទៅ​ទី​នោះ​ជា​ប្រចាំ​ដែរ។ ដូច្នេះ​គាត់​គួរ​តែ​មើល​ថា តើ​ការ​ផ្ដល់​ដី​ជូន​យោធិន​ពិការ​នេះ វា​មាន​លក្ខណៈ​បែប​ណា​ ហើយ​មាន​ជីវភាព​បែប​ណា។ អាជ្ញាធរ (ខេត្ត​កំពត) គួរ​តែ​យក​គំរូ​ដែល​សម្ដេច​ធ្វើ​មក​ផ្ដល់​ដី ឬ​​ក៏​មក​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ​ទៅ​លើ​សោធន ឱ្យ​បាន​ដូច​យោធិន​ពិការ​ ដែល​សម្ដេច​បាន​អនុវត្ត​ជា​គំរូ»

អតីត​យុទ្ធជន​ដែល​ទទួល​បាន​ផ្ទះ និង​ដី​លំនៅឋាន នៅ​ភូមិ​តេជោអភិវឌ្ឍន៍ មាន​ចំនួន​ជាង ៤០០ គ្រួសារ ហើយ​ពួកគេ​ភាគ​ច្រើន​មិន​ទាន់​បាន​ដី​កសិកម្ម​នៅ​ឡើយ។

លោកស្រី ព្រុយ ជឿន និង​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ផ្សេង​ទៀត​នៅ​ភូមិ​តេជោអភិវឌ្ឍន៍ សុទ្ធតែ​ទទូច​ដល់​អាជ្ញាធរ​ខេត្ត​កំពត ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​ផ្ដល់​ដី​កសិកម្ម​ជូន​ពួកគាត់​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​ពួកគាត់​មាន​មុខរបរ​ត្រឹមត្រូវ​អាច​រស់​នៅ​ដោយ​ជីវភាព​សមរម្យ​ដូច​ក្រុម​យោធិន​ពិការ​ដែរ៖ «មិន​ទាន់​អី​ផង​យើង​អស់​សង្ឃឹម​ពី ​ ថ្ងៃ​នេះ​ទៅ​ហើយ។ បើ​យើង​រក​មិន​បាន​ ហើយ​ណា​មួយ​យើង​ចេះ​តែ​ឈឺៗ ជួន​កាល​យប់​ឡើង​យើង​ដេក​អត់​បាន​ទេ។ ខ្ញុំ​ប្រុង​ចេញ​ដែរ​ តែ​មិន​ដឹង​ចេញ​ទៅ​ណា ខ្ញុំ​អត់​មាន​លុយ​អត់​មាន​កាក់​ អត់​មាន​ដី អត់​មាន​កន្លែង​ណា​ដែល​យើង​អាច​ទី​ពឹង​បាន។ យើង​នៅ​សង្ឃឹម​តែ​ប៉ុណ្ណឹង ចេះ​តែ​សង្ឃឹម​ទៅ​ក្រែង​គាត់​ឱ្យ​ក្រែង​គេ​ឱ្យ​ដី​មក​ទៀត»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។