អាជ្ញាធរ​គ្រោង​ស្នើសុំ​ដី​ជាង​៦០០​ហិកតារ​នៅ​តំបន់​ឆ្នុកទ្រូ​រៀបចំ​លំនៅឋាន​ជូន​អ្នក​ភូមិ​បណ្ដែត​ទឹក

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង គ្រោង​ស្នើសុំ​ដី​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ទំហំ​ជាង ៦០០​ហិកតារ​នៅ​តំបន់​ឆ្នុកទ្រូ ឋិត​នៅ​ជាប់​បឹង​ទន្លេសាប ដើម្បី​រៀបចំ​លំនៅឋាន​ជូន​អ្នក​ភូមិ​បណ្ដែត​ទឹក​ជាង ១​ពាន់​គ្រួសារ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម។

តើ​គណៈកម្មការ​ចម្រុះ​ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ខេត្ត បាន​អនុវត្ត​លើ​ការងារ​អ្វី​ខ្លះ ហើយ​មាន​គោល​ជំហរ​យ៉ាង​ណា​ចំពោះ​ការ​អភិវឌ្ឍ​តំបន់​ឆ្នុកទ្រូ​នេះ?

គណៈកម្មការ​ចម្រុះ​ដែល​បង្កើត​កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​ស្រង់​ស្ថិតិ​លម្អិត​លើ​ពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​បឹង​ទន្លេសាប​ក្នុង​តំបន់​ឆ្នុកទ្រូ និង​ចេញ​គំនូស​ប្លង់​ទីតាំង​សង់​លំនៅឋាន​ថ្មី​លើ​គោក ដើម្បី​ត្រៀម​ផ្លាស់​ទី​អ្នក​ភូមិ​ឡើង​រស់នៅ​លើ​គោក។ ប៉ុន្តែ​មន្ត្រី​នៃ​គណៈកម្មការ​នេះ​បញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​មាន​ការ​សិក្សា​ច្រើន​ដំណាក់​កាល ហើយ​អាច​ប្រើ​ពេល​យូរ មុន​នឹង​រដ្ឋាភិបាល​ពិនិត្យ​សម្រេច។

អភិបាល​ស្រុក​បរិបូរណ៍ និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រចាំ​ការ លោក ឃួន សៅរុំ មាន​ប្រសាសន៍​ថា ការ​នាំ​យក​អ្នក​ភូមិ​បណ្ដែត​ទឹក​ឡើង​គោក​នេះ គឺ​អាច​កាត់​បន្ថយ​ការ​បំពុល​ទឹក​ទន្លេ និង​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ទីលំនៅ​ច្បាស់លាស់ មាន​សាលា​រៀន មន្ទីរពេទ្យ និង​សេវាកម្ម​សាធារណៈ​ផ្សេង​ទៀត​នៅ​ក្បែរ​ខ្លួន។ លោក​ថា លំនៅឋាន​ថ្មី​នេះ​អាច​ជា​បុរី ប៉ុន្តែ​លក្ខខណ្ឌ​នៃ​ការ​ចូល​រស់នៅ លោក​មិន​ទាន់​ដឹង​ទេ៖ «ជា​ផែនការ​គ្រោង​ទុក​របស់​យើង អាច​ថា​ប្រាំ​ឆ្នាំ​ទៀត​ក៏​មិន​ដឹង ដើម្បី​សុំ​អនុប្រយោគ​ទៅ​រដ្ឋាភិបាល ដើម្បី​ជម្លៀស​គាត់​មក​នៅ​លើ​គោក​វិញ។ អ៊ីចឹង​យើង​កំពុង​សិក្សា​មិន​ទាន់​បាន​ល្អិតល្អន់​មែន​ទេ ទាល់​តែ​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់​ពី​ផល​លំបាក និង​បញ្ហា​គ្រប់​បែប​យ៉ាង បាន​យើង​ដាក់​ផែនការ​ហ្នឹង​ជូន​រដ្ឋាភិបាល»

ចុះ​ឈ្មោះ​វៀតណាម កំពង់ឆ្នាំង ៦២០
សកម្មភាព​អាជ្ញាធរ​ស្រង់​ឈ្មោះ​ជន​បរទេស នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Chin Chetha

នៅ​ក្នុង​លិខិត​បង្គាប់​ការ​របស់​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​ប្រគល់​ភារកិច្ច​ឲ្យ​គណៈកម្មការ​ទំនាក់ទំនង​ជាមួយ​ក្រុម​ការងារ​សិក្សា​រៀបចំ​កំពង់ផែ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សិក្សា​ទីតាំង​សម្រាប់​រៀបចំ​ផ្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នៅ​តំបន់​ឆ្នុកទ្រូ ស្រាវជ្រាវ​ស្ថិតិ​លំនៅឋាន​បណ្ដែត​ទឹក សិក្សា​ឯកសារ​នានា​ពាក់ព័ន្ធ​ម្ចាស់​ផ្ទះ​បណ្ដែត​ទឹក រៀបចំ​ផែនការ​លម្អិត​សម្រាប់​អភិវឌ្ឍ​តំបន់​ឆ្នុកទ្រូ ដោយ​គិតគូរ​ឲ្យ​បាន​ច្បាស់​ពី​ផល​ប៉ះពាល់ និង​សតិ​អារម្មណ៍ និង​ធ្វើ​របាយការណ៍​លទ្ធផល​នៃ​ដំណាក់​កាល​នីមួយៗ​ជូន​អភិបាល​ខេត្ត ដើម្បី​ផ្ដល់​គោលការណ៍​សម្រាប់​អនុវត្ត​បន្ត។

ទាក់ទង​នឹង​ភារកិច្ច​នេះ អនុប្រធាន​គណៈកម្មការ​ចម្រុះ​ប្រចាំ​ការ លោក ឃួន សៅរុំ បញ្ជាក់​ថា ក្រុម​ការងារ​បាន​សម្រេច​នូវ​ការងារ​សំខាន់​ចំនួន​ពីរ គឺ​ការ​គ្រប់គ្រង ឬ​ចុះ​ស្រង់​ស្ថិតិ​ផ្ទះ​បណ្ដែត​ទឹក និង​កំណត់​ទីតាំង​ដី​ព្រៃ​លិច​ទឹក​មួយ​កន្លែង​ក្បែរ​ទន្លេ ដើម្បី​ត្រៀម​ចាក់​ដី​ឲ្យ​ខ្ពស់​ផុត​ពី​ទឹក​ទន្លេ​នៅ​គ្រប់​រដូវ​កាល។

ស្ថិតិ​របស់​មន្ទីរ​ផែនការ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ឆ្នាំ​២០១៤ បង្ហាញ​ថា ស្រុក​បរិបូរណ៍ មាន​ប្រជាជន​សរុប​ជិត ៦​ម៉ឺន​នាក់ (៥៧.៣៥៦​នាក់) ស្មើ​នឹង ១១.៩២% នៃ​ប្រជាជន​ក្នុង​ខេត្ត​សរុប​ជាង ១​ម៉ឺន​គ្រួសារ (១៣.០១១​គ្រួសារ)

យោង​តាម​ស្ថិតិ​របស់​គណៈកម្មការ​ចម្រុះ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន មាន​ពលរដ្ឋ​ជិត ២.៦០០​គ្រួសារ (.៥៧៦​គ្រួសារ) កំពុង​រស់នៅ​ក្នុង​ឃុំ​ចំនួន​៥ នៃ​ស្រុក​បរិបូរណ៍ គឺ​ឃុំ​ឆ្នុកទ្រូ ឃុំ​ខុនរ៉ង ឃុំ​ផ្សារ ឃុំ​ត្រពាំងចាន់ និង​ឃុំ​កំពង់ព្រះគគីរ គឺ​ឋិត​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់ ក្នុង​នោះ​មាន​ពលរដ្ឋ​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​តាម​ទូក កាណូត និង​ផ្ទះ​បណ្ដែត​ទឹក​សរុប​ជិត ២​ពាន់​គ្រួសារ (.៨៨៧​គ្រួសារ)

មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ទត គឹមស្រូយ ថ្លែង​គាំទ្រ​ចំពោះ​វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់ ឬ​នាំ​អ្នក​ភូមិ​បណ្ដែត​ទឹក​ទៅ​រស់នៅ​លើ​គោក។ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ គិតគូរ​ផ្ដល់​ទី​ជម្រក​សមរម្យ​ដល់​ពួក​គាត់ ដើម្បី​កុំ​ឲ្យ​វិល​ត្រឡប់​ទៅ​រស់នៅ​លើ​ទឹក​វិញ ដែល​បង្ក​ឲ្យ​ទឹក​មាន​ជាតិ​ពុល និង​ប៉ះពាល់​ដល់​ធនធាន​មច្ឆជាតិ​កាន់​តែ​ខ្លាំង​ឡើង៖ «ការ​រៀបចំ​ហ្នឹង​វា​ប្រសើរ​ហើយ ដោយសារ​ការ​រស់នៅ​លើ​ទឹក​នេះ​មិន​មែន​មាន​តែ​ផ្ទះ​ទេ មាន​ទាំង​បែរ​ត្រី ហើយ​បែរ​មាន​ចម្រឹង​ច្រើន ហើយ​អា​បែរ​នេះ​ឯង​ធ្វើ​ឲ្យ​កក​ស្ទះ​បណ្ដាល​ឲ្យ​ដី​ដុះ​ឡើង។ ឥឡូវ​នេះ​ខ្ញុំ​ពិនិត្យ​ផ្ទាល់​ឃើញ​គោក​អស់​ដោយសារ​រឿង​ផ្ទះ​ទឹក»

លោក គឹមស្រូយ ឲ្យ​ដឹង​ថា ស្រប​ពេល​នឹង​ការ​រៀបចំ​ឲ្យ​អ្នក​ភូមិ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម ឡើង​រស់នៅ​លើ​គោក​នេះ មាន​ជនជាតិ​វៀតណាម ជាង ១០០​គ្រួសារ​ហើយ​បាន​លក់​ផ្ទះ​បណ្ដែត​ទឹក ហើយ​នាំ​គ្នា​ទៅ​រស់នៅ​ប្រទេស​វៀតណាម វិញ។ លោក​ថា ហេតុផល​សំខាន់​ដែល​ពួក​គាត់​ចាក​ចេញ គឺ​ដោយសារ​ពួក​គាត់​លែង​រក​ត្រី​បាន​លក់​ដូច​មុន ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ផ្ទះ​ជនជាតិ​វៀតណាម បឹង​ទន្លេសាប កំពង់ឆ្នាំង ៦១០
៧-មីនា-២០១៤៖ ផ្ទះ​របស់​ជនជាតិ​វៀតណាម នៅ​លើ​បឹង​ទន្លេសាប ម្ដុំ​ស្ពាន​តាម៉ៅ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ RFA/Chin Chetha


តំបន់​ឆ្នុកទ្រូ ជា​ទី​ប្រជុំជន​មួយ​ក្នុង​ចំណោម​ទី​ប្រជុំជន​នានា​ក្នុង​ស្រុក​បរិបូរណ៍ និង​ជា​មាត់​ច្រក​យ៉ាង​សំខាន់​សម្រាប់​ផ្លាស់ប្ដូរ ឬ​បែង​ចែក​ផល​នេសាទ និង​កសិផល​ជាច្រើន​ប្រភេទ​នៅ​បឹង​ទន្លេសាប។

នៅ​ក្នុង​របាយការណ៍​របស់​គណៈកម្មការ​ចម្រុះ​ដដែល​បង្ហាញ​ថា បច្ចុប្បន្ន តំបន់​ឆ្នុកទ្រូ​មាន​អ្នក​ភូមិ​តាំង​ទី​លំនៅ​មិន​រៀបរយ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម។ រដ្ឋបាល​សាលា​ខេត្ត​កំពង់ឆ្នាំង ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​តំបន់​ឆ្នុកទ្រូ​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​បរិស្ថាន​ទឹក សណ្ដាប់ធ្នាប់​សាធារណៈ សោភ័ណភាព និង​សុវត្ថិភាព​ឈាន​ទៅ​លើក​ស្ទួយ​សេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តំបន់​ឆ្នុកទ្រូ​ប្រកប​ដោយ​ចីរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។