អាវុធហត្ថ​រាជធានី​ បង្ក្រាប​ អ្នក​ចែកចាយ​ និង​ប្រើ​គ្រឿងញៀន​២៥​នាក់​ ដក​ថ្នាំញៀន​ជាង​៣០០​កញ្ចប់​

អាវុធហត្ថ​រាជធានី​ បង្ក្រាប​ អ្នក​ចែកចាយ​ និង​ប្រើ​គ្រឿងញៀន​២៥​នាក់​ ដក​ថ្នាំញៀន​ជាង​៣០០​កញ្ចប់​



ភ្នំពេញ ៖ ​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​២៥​នាក់ ​ស្រី​៦​នាក់​ ត្រូវ​បា​ន​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​ជា​បន្តបន្ទាប់​នា​ព្រឹក​ថ្ងៃទី​១២​ ខែឧសភា ​ឆ្នាំ​២០១៦​ នៅក្នុង​ភូមិ​សា​ស្ត្រ​ខណ្ឌដូនពេញ​,​ មានជ័យ និង​ពោធិ៍​សែន​ជ័យ ដោយ​ដកហូត​ថ្នាំញៀន​ប្រមាណ​៣២៤​កញ្ចប់ និង ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត។​

មន្ត្រី​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​១៣​និង​១៥​នាទី​ថ្ងៃទី​១២​ ខែឧសភា​ថា កម្លាំង​អាវុធហត្ថ​ការិយាល័យ​ជំនាញ​រាជធានី​ភ្នំពេញ ,​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ទួ​លគោក​,​ ខណ្ឌដូនពេញ,​ មានជ័យ, ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯក​ភាព​ខណ្ឌ​ដូនពេញ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២​០​១៦​នេះ បាន​បើក​ប្រតិបត្តិការ​ដំបូង​ចុះទៅ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅផ្ទះ​សំណាក់ យីហោ «Oh Yes» ស្ថិតនៅ​ផ្ទះ​លេខ​លេខ​១៧ ក្រុម​២០ ភូមិ​២ ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

ប្រភព​បន្ត​ថា ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់​មនុស្ស​ប្រុស-​ស្រី​១៩​នាក់ ​ដកហូត​ថ្នាំញៀន​១៧៧​កញ្ច​ប់​។ នៅ​ព្រឹក​ថ្ងៃ​ដដែល​កម្លាំង​អាវុធហត្ថ​ជំនាញ​បាន​បន្ត​ស្រាវជ្រាវ​ចាប់បាន​ជនសង្ស័យ​៦​នាក់​ថែម​ទៀ​ត ​នៅ​ខណ្ឌមានជ័យ​ និង​ពោធិ៍​សែន​ជ័យ​ ដកហូត​ថ្នាំញៀន​ថែម​១៤៧​កញ្ចប់​ទៀត សរុប​ទាំងអស់ ៣២​៤​កញ្ចប់តូច​។​

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ចំណែក​ទីតាំង​ផ្ទះសំណាក់​ខាងលើ មិន​មាន​អាជ្ញាប័ណ្ណ​មន្ទីរ​ទេ​ស​ច​រណ៍​នោះ​ឡើយ ហេតុ​ដូច្នេះហើយ ទើប​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជា​ឲ្យ​បិទ​តែម្តង​។

​បច្ចុប្បន្ន ​មនុស្ស​ទាំង​២៥​នាក់​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​ធា​នី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​បន្ត​៕​