ឆ្នាំ​២០១៥​ កម្ពុជា​ នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស ​កើន​ឡើង​២០​ភាគរយ​

ឆ្នាំ​២០១៥​ កម្ពុជា​ នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស ​កើន​ឡើង​២០​ភាគរយ​



ភ្នំពេញ​ ៖ ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ចេញ​ផ្សាយ​ កាលពី​ថ្ងៃ​ទី​១១​ឧសភា​ ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​ការងារ​ ឆ្នាំ​២០១៥-២០១៦ និង​លើក​ទិសដៅ ​ឆ្នាំ​២០១៦-២០១៧ បាន​ឲ្យ​ដឹងថា ផលិតផល​កសិកម្ម​ចំនួន​៦៦​មុខ ស្មើនឹង​ប្រមាណ​៤​ពាន់​១៥៧​លាន​តោន ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​នៅ​ក្នុង​តំបន់ និង​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០១៥ មានការ​កើន​ឡើង​ចំនួន​២០% ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៤ ដែល​មាន​ត្រឹមតែ​៤៧​មុខ​ប៉ុណ្ណោះ​។​

ក្នុងឱកាស​បើក​សន្និបាត កាលពី​ថ្ងៃទី​១១​ឧសភា លោក​ វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ កសិកម្ម​កម្ពុជា បាន​ប្រឈម​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ នៃ​បាតុភូត​ធម្មជាតិ ពិសេស​គ្រោះ​រាំ​ង​ស្ងួត ការ​កើន​ឡើង​កម្ដៅ ហើយ​បាន​បង្ក​ផល​ប៉ះពាល់​លើ​ផ្ទៃដី​បង្កបង្កើន​ផលដំណាំ​ស្រូវ​ជាង​២៥៣​ពាន់​ហិកតា​។ ក្នុង​នោះ ​ខូចខាត​ទាំងស្រុង ប្រមាណ​ជា​២៦​ពាន់​ហិកតា​។ ការ​បង្កបង្កើន​ផល​ស្រូវ​នៅ​ទូទាំង​ប្រទេស ​ក្នុង​ឆ្នាំ​២០១៥-២០១៦ មាន​កម្រិត​ទាប​ជាង​ឆ្នាំមុន​ប្រមាណ​ជា​០,១៣% ។

ដោយឡែក​ ការ​នាំ​អង្ករ​សម្រេច​បាន​ចំនួន​ជាង​៥៣៨ ពាន់​តោន ទៅកាន់​ប្រទេស​ចំនួន​៦០ ជាពិសេស​បណ្ដា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប អាស៊ាន និង​ប្រទេស​ចិន។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​អង្ករ​ពូជ​ក្រអូប ​ផ្កា​រំដួល​កម្ពុជា ដែល​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ជា​អង្ករ​ល្អ​បំផុត​នៅ​ក្នុង​ពិភពលោក​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​ផង​ដែរ គឺ​នៅ​ឆ្នាំ​២០១២ ២០១៣ និង​២០១៤​។ ហើយ​ការនាំចេញ​កៅស៊ូ​ស្ងួត​វិញ ​គឺ​មាន​បរិមាណ​ជាង​១២៨​ពាន់​តោន កើន​លើស​ឆ្នាំមុន​ប្រមាណ​២៨,៨% ។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ដែរ​ថា ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​សំខាន់ៗ ក៏មាន​ការកើនឡើង​លើ​ស​ឆ្នាំមុន​ដែរ ហើយក៏​កំពុងតែ​រីកចម្រើន​ជា​បន្តបន្ទាប់ ជា​លក្ខណៈ​គ្រួសារ និង​ជា​លក្ខណៈ​វិនិយោគ​ខ្នាត​តូច មធ្យម និង​ធំ ដែល​មាន​ដូចជា​ កៅស៊ូ ស្វាយចន្ទី ដំណាំ​ឈើ​ហូប​ផ្លែ​ផ្សេងៗ និង​ចម្ការ​ជាដើម​៕