សាលា​រាជធានី​ មាន​គម្រោង​កែលំអ​ផ្សារ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ ​

សាលា​រាជធានី​ មាន​គម្រោង​កែលំអ​ផ្សារ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ ​



ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ នា​រសៀល​ថ្ងៃ​ទី​១១​ឧសភា​ ដើម្បី​ពិភាក្សា​លើ​គម្រោង​កែលំអ​ទីផ្សារ​មួយ​ចំនួន ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​គម្រោង​ទាំង​នោះ​បាន​គិតគូរ​ទាំង​សណ្ដាប់ធ្នាប់​,​បរិស្ថាន​,​អនាម័យ និង​ផាសុកភាព ​ទាំង​ក្នុង​ និង​ក្រៅ​ទីផ្សារ​ផង​ដែរ​។​

លោក ប៉ា សុជាតិ​វង្ស អភិបាល ​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា​ ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ត្រូវតែ​បាន​គិតគូរ​ពី​សណ្ដាប់ធ្នាប់​,​បរិស្ថាន​,​អនាម័យ និង​ផាសុកភាព​ទាំង​ក្នុង​ និង​ក្រៅ​ទីផ្សារ​។​

លោក​អភិបាល​បន្ត​ថា ក្នុង​រាជធានី​ភ្នំពេញ ​បច្ចុប្បន្ន​មាន​ផ្សារ​ដែល​ជា​ផ្សារ​របស់​រដ្ឋ​មាន​ចំនួន​២៥​ផ្សារ យើង​ចាំបាច់​ត្រូវតែ​ធ្វើការ​កែលំអ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ល្អ​ប្រសើរ ​ព្រោះ​បច្ចុប្បន្ន​នេះ​ទីផ្សារ​មួយ​ចំនួន​មាន​រូបភាព​រញ៉េរញ៉ៃ​ បាត់​សណ្ដាប់ធ្នាប់ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ និង​បរិស្ថាន​ ក៏​ដូចជា​សុខភាព​ប្រជាពលរដ្ឋ​ ទាំង​អ្នកលក់ និង​អ្នក​ទិញ។​

លោក ប៉ា សុជាតិ​វង្ស បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្រើន​ជម្រើស​សម្រាប់​ការពិចារណា​លើ​ប្លង់​ស្ថាបត្យកម្ម​,ទំហំ​តូប​,​ចរន្ត​ខ្យល់​,​អនាម័យ និង​បរិស្ថាន​ក្នុង​ផ្សារ​ជាដើម។

សូម​បញ្ជាក់​ថា ផ្សារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ទាំង​២៥​ក្នុង​រាជធានី​ភ្នំពេញ​ ចាំបាច់​ត្រូវតែ​ធ្វើការ​កែលំអ​។ ​ក្នុង​នោះ​ផ្សារ​ចំនួន​២​ ត្រូវ​បាន​ពិចារណា​កែលំអ​មុន គឺ​ផ្សារ​កណ្តាល និង​ផ្សារ​ជម្ពូវ័ន។​ផ្សារ​កណ្ដាល​មាន​តូប​ផ្លូវការ​៨៧៤​តូប​,​ផ្សារ​ជម្ពូ​វ័​ន មាន​តូប​២០៤​តូប​។​

អាជ្ញាធរ​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ទីផ្សារ ក៏​ដូច​គណៈកម្មការ​គ្រប់គ្រង​ទីផ្សារ​បាន​លើក​ឡើង​ថា ភាព​រញ៉េរញ៉ៃ​បាត់​សណ្ដាប់ធ្នាប់​តាម​ទីផ្សារ គឺ​តែង​បាន​បង្កឡើង​ដោយសារតែ​ការលក់ដូរ​ចល័ត ឬ​អ្នកលក់​តាម​កញ្ច្រែង រួម​ទាំង​ការ​ចត​យានយន្ត​ពាសវាលពាសកាល​បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ព្រមទាំង​បង្ក​ឲ្យ​មាន​គំនរ​សំរាម​យ៉ាង​អនាធិបតេយ្យ​។​

ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​ទាំងនេះ សាលា​រាជធានី​ភ្នំពេញ ​ត្រូវ​តែ​ចាត់វិធានការ​លើ​ការ​រៀបចំ​កែលំអ​ទីផ្សារ​ក្នុង​ទីក្រុង​ឲ្យ​បាន​ប្រសើរឡើង​៕សាលា​រាជធានី​ មាន​គម្រោង​កែលំអ​ផ្សារ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ ​
សាលា​រាជធានី​ មាន​គម្រោង​កែលំអ​ផ្សារ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ ​
សាលា​រាជធានី​ មាន​គម្រោង​កែលំអ​ផ្សារ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ ​

សាលា​រាជធានី​ មាន​គម្រោង​កែលំអ​ផ្សារ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ ​