អាជ្ញាធរ​ពង្រឹង​កិច្ច​ការពារ​ជីវិត​សត្វ​ស្លាប

ខេត្តសៀមរាប ៖ អភិបាលក្រុង​សៀមរាប​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល​សត្វ​ស្លាប​នៅ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ស្នូល​បឹង​ពារាំង កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប តាម​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ថា ៖ គ្រោះ​រាំង​ស្ងួត​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស សត្វពាហនៈ និង​សត្វ​ស្លាប​ដ៏​កម្រ​មួយ​ចំនួន​ធំ​ផង​ដែរ ។

លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប​បាន​ប្រាប់​ថា ទោះបី​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នាំ​គ្នា​ចូលរួម​ថែរក្សា​ការពារ​ប្រភេទ​ពូជ​សត្វ​ស្លាប​ដ៏​កម្រ​ទាំង​អស់នេះ​ផង សូមកុំ​ប្រមាញ់ ឬ​ដាក់​ថ្នាំ​បំពុល​យក​សត្វ​ស្លាប​ទាំងនោះ​មក​ទទួលទាន ឬ​ធ្វើ​អាជីវកម្ម​ឱ្យ​សោះ ។ សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ​មិន​ត្រឹមតែ​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​ទៀត​ផង​ដូច​ជា​នៅ​បឹង​ពារាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ជាដើម ។

ក្នុង​នាម​អាជ្ញាធរ លោក​ក៏​បាន​ដឹកនាំ​គ្នា​ចុះ​ទៅ​រឹត​បន្តឹង និង​ចាត់ចែង​អភិរក្ស​កុំឱ្យ​មានការ​សម្លាប់សត្វ​ស្លាប​នៅ​តំបន់​នោះ​តទៅ​ទៀត ។ ការ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​ស្នូល​បឹង​ពារាំង​អាច​នឹង​ផ្ដល់​នូវ​អនុសាសន៍​ល្អ​ៗ ដើម្បី​អភិ​វ​ឌ្ឈ​តំបន់​មួយ​នេះ​ឱ្យ​ក្លាយទៅជា​រមណី​ស្ថាន​ទេសចរណ៍ធម្មជាតិ ៕