ក្រុង​បា​ដា​ដរ​ង​ការ​វាយប្រហារ​ភេរវកម្ម​3​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ស្លាប់​យ៉ាងតិច​94​នាក់

មនុស្ស​យ៉ាងតិច​៩៤​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១១ ឧសភា ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​៣​គ្រឿង នៅ​ក្រុង​បា​ដា​ដ ក្នុង​នោះ​ការ​វាយប្រហារ​មួយ​សំដៅលើ​ផ្សារ​មាន​មនុស្ស​កុះករ​មួយ​នា​ឱកាស​ទិវា​យ៉ាង​បង្ហូរឈាម​បំផុត​ក្នុង​រដ្ឋធានី​អុ​ី​រ៉ា​ក់​នា​ឆ្នាំ​នេះ ។

ការ​វាយប្រហារ​ភេ​វ​កម្ម​ទាំង​៣​នេះ​ដែល​ក៏​បណ្តាល​ឱ្យ​មនុស្ស​១៥០​នាក់​ទៀត​រង​របួស​ប្រកាស​ទទួលខុសត្រូវ ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​អះអាង​ថា ជន​អត្តឃាត​៣​នាក់​របស់​គេ​ជា​អ្នកធ្វើការ​វាយប្រហារ​ទាំងនោះ ។

ការ​វាយប្រហារ​ទាំងនេះ​ត្រូវ​បាន​ថ្កោលទោស​ដោយ អ​.​ស​.​ប និង​សហរដ្ឋ​អា​មេ​រិ​ក ហើយ​កើត​មាន​ក្នុង​កាលៈទេសៈ ដែល​កំពុង​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​នៅអីុ​រ៉ា​ក់ ។ ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​កើត​មាន​នា​វេលា​ម៉ោង​១០​ព្រឹក ម៉ោង​ក្នុងស្រុក ពេល​ម៉ោង​មាន​មនុស្ស​ច្រើន​កុះករ​ក្នុង​តំបន់​ផ្សារ​មួយ​នៃ​សង្កាត់​ស៊ី​អីុ​ត SADR CITY ភាគ​ខាងជើង​ក្រុង​បា​ដា​ដ ។ យោង​តាម​ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ និង​សន្តិសុខ​ថា ការ​វាយប្រហារ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦៤​នាក់ ហើយ​៨២​នាក់​ទៀត​រង​របួស​។ អគ្គិភ័យ​មួយ​កើត​មាន ហើយ​ភ្លើង​បាន​ឆេះ​រាលដាល​យ៉ាង​ឆាប់ ។ សាក្សី​ម្នាក់​និយាយ​ថា រថយន្ត​មួយ​ដំបូង​ប៉ុនប៉ង​បើក​ចូល​ក្នុង​ផ្សារ ក៏​ប៉ុន្តែ​ត្រូវ​ប៉ូលិស​ហាមឃាត់​មិន​ឱ្យទៅ​ក្បែរ ហើយ​ឱ្យ​អ្នកបើកប​ក​ក្រោយ​វិញ ក៏​ប៉ុន្តែ​រថយន្ត​ត្រូវ​ភ្លើង​ឆាបឆេះ​ហើយ​ផ្ទុះ ។ បណ្តាជន​រង​គ្រោះជា​អ្នក​លក់ដូរ ព្រមទាំង​ជា​ជន​ស៊ី​វិល​ស្លូតត្រង់ ។

យោង​តាម​ប៉ូលិស​ថា ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​នេះ មានការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​២​ទៀត​ក្នុង​សង្កាត់​២​ផ្សេង​គ្នា​នៃ​ក្រុង​បា​ដា​ដ ។ ការ​ផ្ទុះ​មួយ​គឺ​នៅ​ច្រកចូល​សង្កាត់ KAZIMIYAH ជា​សង្កាត់​ស៊ី​អុ​ី​ត​មួយ​មាន​កិច្ច​ការពារ​សន្តិសុខ​ខ្ពស់ ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច​១៧​នាក់ ។ សមាជិក​កងកម្លាំង​សន្តិសុខ​ជា​ច្រើន​នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ។

ក្នុង​សង្កាត់​ចម្រុះ​ស៊ុន​នី​ត​-​ស៊ី​អីុ​ត JAMEA ភាគ​ខាងលិច​ក្រុង​បា​ដា​ដ ការ​បំផ្ទុះ​រថយន្ត​សម្លាប់​មនុស្ស​១៣​នាក់ ។

ក្រុម​ស៊ុន​នី​ត​រដ្ឋ​អិុ​ស្លា​ម​ដែល​កាន់កាប់​ដែនដី​អីុរ៉ា​ក់​យ៉ាង​ធំ តែង​ធ្វើការ​វាយប្រហារ​ញឹកញាប់​លើ​សហគមន៍​ស៊ី​អៅិ​ត ដែល​មាន​ភាគច្រើន​នៅ អីុ​រ៉ា​ក់ ។

នៅ​សង្កាត់ SADR CITY ពលរដ្ឋ​អីុ​រ៉ា​ក់​ច្រើន​សិប​នាក់​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​កំហឹង ក្រោយ​ការ​វាយប្រហារ​នេះ ដោយ​បរិហារ​ពី​អសមត្ថភាព​របស់​អាជ្ញាធរ​ប្រឈម​មុខ​នឹង​ក្រុម​រដ្ឋ​អិុ​ស្លា​ម ។

បេសកជន​ពិសេស អ​.​ស​.​ប សម្រាប់​អីុ​រ៉ា​ក់ លោក JAN KUBIS បាន​បរិហារ​ការ​វាយប្រហារ​ទាំងនេះ​ថា ជា​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​កំសាក​ប្រឆាំង​ជន​ស៊ី​វិល​នៅ​ក្រុង​បា​ដាដ​។

សហរដ្ឋ​អា​​មេ​រិ​ក​ថ្កោលទោស​ថា នោះ​ជា​ការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ និង​យ៉ាង​កំសាក ដែល​នឹង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពលរដ្ឋ​អីុ​រ៉ា​ក់ និង​របស់​សហគមន៍​អន្តរជាតិ​កម្ទេច​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក ដែល​ក៏​អំពាវនាវ​ផង​ដែរ ដល់​បណ្តា​មេដឹកនាំ​អីុ​រ៉ា​ក់​ឱ្យ​ដោះស្រាយ​ទំនាស់​ពួក​គេ​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​បន្ត​ការ​រីក​ចម្រើន​ដែល​សម្រេច​បាន​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

អីុរ៉ា​ក់​កំពុង​ជួប​ប្រទះ​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​មួយ ។ គណបក្ស​ជា​ច្រើន​បាន​ប្រឆាំង​នឹង​ផែនការ​របស់​នាយក​រដ្ឋមន្ត្រី​លោក​ហៃ​ឌ័​រអា​ល់ អា​បា​ឌី បង្កើត​រដ្ឋាភិបាល​ដែល​យក​តែ​អ្នកបច្ចេកទេស ព្រោះតែ​ខ្លាច​បាត់បង់​ផលប្រយោជន៍​មួយ​ចំនួន​របស់​ពួក​គេ ៕