ព្រឹទ្ធសភា​ប្រេ​ស៊ី​ល​ឈាន​ទៅ​ដកហូត​តំណែង​លោកស្រី​ប្រធានាធិបតី​ROUSSEFF

វា​ស្ទើរតែ​ចប់​ហើយ​សម្រាប់​លោកស្រី​ប្រធានាធិបតី DILMA ROUSSEFF ដោយ​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន​កាលពី​យប់​ថ្ងៃ​ទី​១១ ឧសភា បោះ​ឆ្នោត​ដកហូត​តំណែង​លោកស្រី ។

រួម​ប្រជុំ​ចាប់តាំងពី​ថ្ងៃ​ទី​១១ ឧសភា មក បណ្តា​សមាជិក​ព្រឹទ្ធសភា​ត្រូវ​សម្រេច​ថា​តើ​ត្រូវ​ដកហូត​អំណាច​របស់​លោកស្រី ដើម្បី​ឈាន​ទៅ​ដកហូត​តំណែង​លោកស្រី​ជា​ស្ថាពរ ឬ​យ៉ាងណា ។ មាន​ពេល​ម្នាក់​១៥​នាទី ព្រឹទ្ធ​សមាជិក​មួយ​រូប​ៗ​ថ្លែង​ដើម្បី​ការពារ ឬ​ត្រូវ​ដកហូត​តំណែង​លោកស្រី ROUSSEFF ដែល​ទទួល​ការ​ចោទប្រកាន់​ពី​ការ​ប្រើ​គណនី​សាធារណៈ ដើម្បី​បាន​ជាប់​ឆ្នោត​ជា​ថ្មី ។ រហូត​ដល់​ភ្លឺ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ម៉ោង​នៅ​ស្រុក​បារាំង ខណៈ​ដែល​ការ​បោះ​ឆ្នោត​នៅ​ពុំ​ទាន់​បញ្ចប់ ព្រឹទ្ធ​សមាជិក​៣៤​រូប ប្រកាស​រួច​ហើយពី​ការ​ចាកចេញ​របស់​លោកស្រី ROUSSEFF ហើយ​ព្រឹទ្ធ​សមាជិក​១៤​រូប​ប្រឆាំង ខណៈ​សំឡេង​ភាគច្រើន​ដែល​ត្រូវការ​មាន​ដល់​៤១ ក្នុង​ចំណោម​ព្រឹទ្ធ​សមាជិក​ទាំង​៨១​រូប​ដែល​មាន​វត្តមាន ។

ពិត​ណាស់ ជា​ផ្លូវការ​លោកស្រី​ត្រូវ​គេ​ដកហូត​អំណាច​ត្រឹម​១៨០​ថ្ងៃ​សិន រួច​ព្រឹទ្ធសភា​ត្រូវ​រួម​ប្រជុំ​គ្នា ក្រោម​អធិបតីភាព​របស់​ប្រធាន​តុលាការ​កំពូល ដើម្បី​ធ្វើការ​បោះ​ឆ្នោត​ឱ្យ​បាន​សំឡេង​ភាគច្រើន​២​ភាគ​៣ សម្រាប់​ការ​ដកហូត​តំណែង​លោកស្រី​ជា​ស្ថាពរ ។ ការ​បោះ​ឆ្នោត​ចុង​ក្រោយ​នេះ​អាច​ធ្វើ​ក្នុង​ខែកញ្ញា ។

ជានា​រី​ដំបូង​គេ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ​២០១០ លោកស្រី DILMA ROUSSEFF ត្រូវ​ថ្លែង​នា​ថ្ងៃ​ទី​១២ ឧសភា មុន​ពេល​ចាក​ចេញពី​វិមាន​ប្រធានាធិបតី PLANALTO ក្រុង​ប្រា​ស៊ី​លី​យ៉ា ។ ចំពោះ​ការ​ចោទប្រកាន់​លោកស្រី​ពី​រឿង​ប្រើ​គណនី​ប្រជាជាតិ​សម្រាប់​ការ​បោះ​ឆ្នោត លោកស្រី​ថា អ្នក​កាន់​អំណាច​មុន​ៗ​ក៏​ធ្វើ​ដូច្នោះ​ដែរ ៕