ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

ប្រតិកម្មរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងការចោទ​កូនប្រុស​របស់លោក ដែលថា​មិនមែន​ជាកូនលោក និង​ជាកូន​របស់​មេដឹកនាំ​វៀតណាមនោះ មិនមែនទើបតែធ្វើ ជាលើកទីមួយទេ។ ប៉ុន្តែ​លើក​នេះ មាន​លក្ខណៈ​ច្បាស់​ជាង​លើក​​មុនៗ និងមានភ្ជាប់​ដោយ​សារព្រមាន ទៅកាន់​ក្រុមប្រឆាំង​វិញ​ផង។
ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

លោក ហ៊ុន សែន និងកូនប្រុសរបស់លោក ឈ្មោះ ហ៊ុន ម៉ាណែត។ (រូបថតសហការី)

តើមានភាពចាំបាច់ឬទេ ដែលអ្នកនយោបាយមួយរូប ត្រូវរំលើកពីរឿងរ៉ាវ កូនខ្លួនជាកូនបង្កើត កើត​ចេញ​ពី​ភរិយា​ខ្លួន ហើយ​ភរិយា​នេះទៀតសោធ មានភាពស្មោះសររស់នៅជាមួយគ្នា (...) នោះ? សម្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន វា​ជា​រឿងចាំបាច់ណាស់ ហើយលោកបានថ្លែងលំអិត ពីរឿងរ៉ាវឯកជន​ក្នុង​ជីវិត​គ្រួសារ​របស់​លោក​នេះ ជា​សាធារណៈ ដើម្បីជាការតបត ទៅកាន់ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម​មួយ​ចំនួន ដែល​ចេះ​តែ​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត ថាជា​កូន​វៀតណាម មិនមែនជាកូនបង្កើត​របស់លោក និងភរិយានោះ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅវិទ្យាស្ថាន​ជាតិអប់រំ នាព្រឹកថ្ងៃទី១២ ខែឧសភានេះ  លោក ហ៊ុន សែន បានថ្លែង​ឡើងថា កូនប្រុសច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត បានទាមទារ​ទៅ​ពិនិត្យ​មើល DNA បន្ទាប់ពីការចោទ​ប្រកាន់​ទាំងនោះ។ លោក​នាយករដ្ឋមន្ត្​រី បាន​ថ្លែង​ឡើង​ថា៖ «ហ៊ុន ម៉ាណែត បានទាមទារពិនិត្យ DNA។ (...) បានទាមទារ​ទៅ​ពិនិត្យ​មើល DNA។ (ពួក​ណ្នឹង) ប្រៀប​ធៀប​កូនខ្ញុំ ទៅជាកូនវៀតណាម។ មានបង្ហោះហ្វេសប៊ុកថា ហ៊ុន ម៉ាណែត មិនមែន​ជា​កូន ហ៊ុន សែន។ ទៅ​រួច... ហ៊ុន ម៉ាណែត ជាកូនខ្ញុំ​ ! រៀបការហើយ ប្រពន្ធខ្ញុំនៅជាមួយខ្ញុំ។»

មិនខុសពីលើកមុនៗប៉ុន្មានទេ លោក ហ៊ុន សែន បានរំលឹករឿងរ៉ាវក្នុងគ្រួសាររបស់លោក មក​បញ្ជាក់​ឡើង​វិញ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រនោះថា កូនទី១ (ច្បងគេបំផុត) ឈ្មោះ ហ៊ុន កំសត់ ស្លាប់ និង​កូន​ទី២ គឺ ហ៊ុន ម៉ាណែត នេះ​ហើយ។ លោកបានរំលឹកមកវិញថា នៅពេលដែលអ្នកស្រី ប៊ុន រ៉ានី មាន​ផ្ទៃពោះ​៥ខែ មាន​កូន ហ៊ុន ម៉ាណែត គឺជា​ពេល​ដែលលោក បានចាកចេញទៅបម្រើប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តី បាន​ថ្លែង​ឲ្យដឹង​ទៀត​ថា៖ «ខ្ញុំ​ឈឺ​ចុក​ចាប់​ណាស់។ ២៤ កុម្ភៈ ឆ្នាំ១៩៧៩ ទើបខ្ញុំជួបកូន​និងប្រពន្ធកូននេះ ហៅ​ខ្ញុំពូ (អស់​រយៈពេល) ២ខែ។ នេះ​ជា​រឿង​អណោច​អធ័ម។»

ប៉ុន្តែលោក ហ៊ុន សែន បានរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួន របស់លោកនៅវេលានេះ មិនដូចលើកមុនៗ ដែល​លោកគ្រាន់​តែ​ប្រតិកម្ម​ហើយ រួចស្រេចនោះទេ។ លោកបានថ្លែងព្រមាន ទៅកាន់ក្រុម​ប្រឆាំង​វិញ ថា​លោក​នឹង​មិនអត់​អោន​ឲ្យ​ក្នុង​ករណី​នេះ​ឡើយ ហើយលោកនឹងបន្ត «កំដរលេង»​ជាមួយក្រុមប្រឆាំង តទៅមុខទៀត។ លោក​បានថ្លែង​ថា៖ «ខ្ញុំ​មិន​នឹក​ស្មានថា ពួកប្រឆាំងធ្វើបែបនេះចំពោះខ្ញុំ។ បើអ្នកឯង​មិន​ឲ្យ​ខ្ញុំសុខ ខ្ញុំក៏មិន​ឲ្យ​អ្នក​សុខ។ ថា កូន​ខ្ញុំ​ជា​កូន​មេដឹកនាំវៀតណាម​ណា​មួយ​នោះ។»

អ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រើប្រាស់ប្លុក (Blog) ជាច្រើន បានយករូបកាត់តមួយ មកធ្វើការ​បង្ហោះ​តៗ​គ្នា។ ​ប៉ុន្តែ​រូបថត​មួយ​នេះ មិនមែនជារូបថ្មីថ្មោងនោះឡើយ ព្រោះគេបានឃើញរូបនេះ បានពន្លេច​វត្តមាន​ឡើង តាំង​ពី​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ។ ក្នុងរូបភាព គេឃើញរូបថត​របស់​លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ាណែត លោក ហ៊ុន តូ រួមនឹងអតីតមេដឹកនាំ​កុម្មុយនីស របស់ប្រទេសវៀតណាម​ឈ្មោះ ឡេ ឌឹកថូ (Lê Đức Thọ) ត្រូវ​បាន​យក​មកដាក់តម្រៀបគ្នា ជាបន្តបន្ទាប់ ជាមួយសេចក្ដីអត្ថាធិប្បាយ មាន​ជា​អាថ៌​ថា​លោក ហ៊ុន ម៉ាណែត ជាកូនរបស់លោក ឡេ ឌឹកថូ ជាមួយនឹងអ្នកស្រី ប៊ុន រ៉ានី។

ហ៊ុន សែន ព្រមាន​ក្រុម​ប្រឆាំង​​រឿង​​ចោទ ហ៊ុន ម៉ាណែត ជា​កូន​យួន

ប៉ុន្តែការធ្វើអត្ថាធិប្បាយនោះ មិនដែលត្រូវបានបញ្ជាក់អះអាង ថាជារឿងពិត ដោយប្រភពច្បាស់​ការណ៍​ណា​មួយ​ឡើយ។ ក្រុមអ្នកតាមដានសភាពការណ៍​នយោបាយកម្ពុជា បានមើលឃើញ​ថា នោះ គឺជា​ការ​លាប​ពណ៌ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក រវាងក្រុមបក្ខពួកនយោបាយ នៅក្នុងប្រទេសកម្ពុជា ដែលបានកើត​មានឡើង​យ៉ាង​ខ្លាំង ក្នុង​រយៈ​ពេល​ចុង​ក្រោយ។ ប្រសិនជាកូនលោក ហ៊ុន សែន បានរងនូវការលាបពណ៌ ដោយប្រការ​ណា​មួយ​នោះ កូន​របស់​លោក សម រង្ស៊ី ឬ​កូន​របស់​លោក កឹម សុខា ក៏មិន​បាន​រួច​ខ្លួន​ដែរ។ ប៉ុន្តែគេបានសម្ដែង​​ជាចំងល់​ឡើង​ថា តើ​អ្នក​នយោបាយ​កម្ពុជា គប្បីយករឿងរ៉ាវ​ឯកជន​ផ្ទាល់ខ្លួន មកធ្វើការដោះស្រាយ​នៅ​ចំពោះ​មុខ និង​ខ្លាំង​ជាង​រឿង​ជាតិ​ប្រជាជន ឬ​យ៉ាង​ណា៕