Liverpool និង Dortmund កំពុងដណ្តើមគ្នាទិញខ្សែប្រយុទ្ធវ័យក្មេងរបស់ Rennes

ហង្សក្រហម Liverpool កំពុងសម្លឹងចង់បានកីឡាករ Ousmane Dembele ខណៈក្រុមរបស់លោក Jurgen Klopp នេះកំពុងដំណ្តើមកីឡាករនេះ ជាមួយនឹងក្លិប Borussia Dortmund ដើម្បីផ្ទេរកីឡាករវ័យក្មេងសញ្ជាតិបារាំងនេះ ពីក្លិប Rennes ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃខ្លួនជាង ២៨លានផោន។
Ousmane-Dembélé
Dembele ដែលស៊ុតបាន ១២គ្រាប់ក្នុងអាជីពបាល់ទាត់ដំបូងនៅរដូវកាលនេះ បានអះអាងកាលពីម្សិលមិញថា រូបគេនឹងលេងប្រកួតចុងក្រោយឲ្យ Rennes នាចុងសប្តាហ៍នេះ មុនពេលបន្ថែមថា រូបគេដឹងកន្លែងដែលគេនឹងទៅ។

ការអះអាងកាលពីមុនរបស់កីឡាករវ័យ ១៨ឆ្នាំរូបនេះថា រូបគេចង់ទៅបន្តអាជីពក្នុងលីក Bundesliga នោះមានន័យថា ខ្សែប្រយុទ្ធរូបនេះនឹងចុះហត្ថលេខាជាមួយក្លិប Dortmund ខណៈដែលរូបគេ រួមជាម្តាយ និងអ្នកតំណាង បានទៅទស្សនាទីលានហ្វឹកហាត់កាលពីខែមុន។

ទោះជាយ៉ាងនេះក្តី ខណៈមានក្លិបយក្សអឺរ៉ុប ដូចជា Barcelona និង Bayern Munich ក៏បានសម្លឹងមើលខ្លាំងលើកីឡាករ Dembele នេះ ក្លិបអង់គ្លេស Liverpool បានខិតជិត បង្ហាញបំណងខ្លាំងក្លាក្នុងការតាមចុះហត្ថលេខាជាមួយកីឡាករនេះ។ Rennes បានដាក់តម្លៃលក់ប្រមាណជា ៣៥លានអឺរ៉ូ (២៧.៦លានផោន)។

Dembele ត្រូវបានគេរាយការណ៍ថា បាននិយាយជាមួយលោក Klopp តាមទូរសព្ទនាសប្តាហ៍នេះ និងត្រូវបានជឿថា មានការចាប់អារម្មណ៍ជាមួយក្លិបត្រូវប្រកួតផ្តាច់ព្រ័ត្រពាន Europa League នេះវិញ ថ្វីបើមិនទាន់ច្បាស់ ចំពោះការសម្រេចនៅពេលណា នៅឡើយ។

សម្រាប់ក្លិប Rennes ចង់លក់កីឡាករ Dembele នេះទៅក្លិប Dortmund ជាង៕