អ្នក​ជំនាញ​បារម្ភ​ខ្លាច​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​នឹង​ជំរុញ​ឲ្យ​មាន​ចំណាក​ស្រុក​ជនបទ​កើន​ឡើង

គ្រោះ​រាំង​ស្ងួត​នៅ​តែ​ជា​បញ្ហា​ប្រឈម​ដ៏​រសើប​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ បញ្ហា​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​កសិកម្ម បាន​លើក​ឡើង​ថា ចំនួន​កសិករ ពិសេស​គ្រួសារ​កសិករ​ខ្នាត​តូច​នៅ​តាម​ទី​ជនបទ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម កំពុង​បោះបង់​ការងារ​កសិកម្ម រួច​នាំ​គ្នា​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រកប​របរ​ផ្សេង។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម បារម្ភ​ថា ប្រសិន​បើ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បន្ត​ធ្លាក់​ចុះ​ដោយសារ​ឥទ្ធិពល​រាំង​ស្ងួត​នេះ បណ្ដាល​ឲ្យ​កសិករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្នុង​វិស័យ​ផ្សេងៗ។ បញ្ហា​នេះ អាច​នឹង​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​ដល់​លទ្ធភាព​ផ្គត់ផ្គង់​ស្បៀង​អាហារ​នៅ​កម្ពុជា និង​អាច​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​ជា​ក្បាល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។

ករណី​នេះ ត្រូវ​បាន​ប្រធាន​កម្មវិធី​បង្កើន​ភាព​ធន់​នៃ​អង្គការ​អ៊ុកហ្វាម​កម្ពុជា (Oxfam) លោក ឡឹក សុធារ ឲ្យ​ដឹង​ថា គ្រោះ​រាំង​ស្ងួត​ដែល​បណ្ដាល​មក​ពី​រលក​កម្ដៅ​បាតុភូត​អេលនីណូ (El Nino) ដែល​បាន​អូស​បន្លាយ​រយៈពេល ២​ឆ្នាំ​ជាប់​គ្នា​មក​នេះ វា​បាន​រាល​ដាល​ស្ទើរ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រួសារ​ពលរដ្ឋ​ប្រមាណ​ជាង ២​លាន​នាក់។ ផល​ប៉ះពាល់​នេះ លោក​ថា​កំពុង​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​នៅ​ជនបទ​ជាច្រើន បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក និង​បោះបង់​ការងារ​កសិកម្ម​ចោល៖ «បើ​សិន​បើ​គ្រោះ​រាំង​ស្ងួត​នៅ​តែ​បន្ត​ឥទ្ធិពល យើង​ប្រមើល​ឃើញ​ថា ប្រជាជន និង​កសិករ​ខ្នាត​តូច នឹង​មាន​និន្នាការ​នៃ​ការ​ចំណាក​ស្រុក​ជនបទ​មាន​ការ​កើន​ឡើង ដោយសារ​តែ​ពួក​គាត់​មិន​អាច​បន្ត​រង់ចាំ​ទឹក​ភ្លៀង​មក​វិញ និង​ដើម្បី​ស្វែងរក​ប្រភព​ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ។ ហេតុ​នេះ គាត់​នឹង​បោះបង់​ការងារ​កសិកម្ម​កាន់​តែ​ច្រើន»

ប្រធាន​កម្មវិធី​បង្កើន​ភាព​ធន់​នៃ​អង្គការ​អ៊ុកហ្វាម​កម្ពុជា រូប​នេះ​សង្កេត​ឃើញ​ថា និន្នាការ​នៃ​ការ​បោះបង់​ការងារ​កសិកម្ម ភាគ​ច្រើន​ជា​គ្រួសារ​កសិករ​ខ្នាត​តូច​មាន​ជីវភាព​ក្រីក្រ រស់នៅ​ឆ្ងាយ​ពី​តំបន់​ទន្លេ​មេគង្គ និង​ទន្លេសាប គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់ ពិបាក​សម្រប​ទៅ​នឹង​ឥទ្ធិពល​នៃ​គ្រោះ​រាំង​ស្ងួត។ ហេតុ​នេះ កសិករ​ខ្នាត​តូច​ទាំង​នោះ​បាន​ចាប់​យក​ការងារ​ក្នុង​បណ្ដា​រោងចក្រ​សហគ្រាស ធ្វើ​ជា​កម្មករ​ក្នុង​វិស័យ​សំណង់​ជាដើម៖ «ទី​មួយ គឺ​អ្នក​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក។ ទី​២ អ្នក​ដែល​មិន​អាច​ប្រើប្រាស់​ប្រភព​ទឹក​ក្រោម​ដី​បាន ឃើញ​ថា​អ្នក​ទាំង​ពីរ​នេះ​ជា​អ្នក​ដែល​ក្រីក្រ ពឹង​លើ​វិស័យ​កសិកម្ម​មាន​លក្ខណៈ​តូចតាច ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ»

បញ្ហា​ចំណាក​ស្រុក​ជនបទ​កើន​ឡើង​នេះ​ដែរ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា លោក សម វិទូ មាន​ប្រសាសន៍​ថា ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា មាន​វិធានការ ឬ​គោល​នយោបាយ​លើក​ស្ទួយ​វិស័យ​នេះ​ក្តី ក៏​គោល​នយោបាយ​នៅ​តែ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព និង​មិន​ទាន់​សមស្រប​ជួយ​សម្រួល​ដល់​កសិករ​ក្នុង​ការ​ពង្រឹង​លទ្ធភាព​បាន​ពេញលេញ​ក្នុង​ការងារ​កសិកម្ម​នៅ​ឡើយ ខណៈ​កម្ពុជា អូស​បន្លាយ​គ្រោះ​រាំង​ស្ងួត​រយៈពេល​វែង។ លោក​បន្ត​ថា បញ្ហា​រាំង​ស្ងួត​នេះ នៅ​តែ​ជា​បញ្ហា​ដ៏​រសើប​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ព្រោះ​វិស័យ​កសិកម្ម​មាន​តួនាទី​សំខាន់​បំផុត​ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ស្បៀង​អាហារ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​រូប។

កសិកម្ម គឺ​ជា​វិស័យ​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​កម្លាំង​ពលកម្ម​ប្រមាណ ៦៥% កំពុង​ប្រកប​របរ​នេះ។

របាយការណ៍​បូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៦ បង្ហាញ​ថា ចំនួន​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កសិកម្ម​កំពុង​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ របាយការណ៍​នេះ​បង្ហាញ​ថា បច្ចុប្បន្ន វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ជិត ៣០% (២៨,%) នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ​២០១៤។ ជាង​នេះ របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា ការ​ថយ​ចុះ​នៃ​ការ​ចូលរួម​របស់​វិស័យ​កសិកម្ម គឺ​អាស្រ័យ​ទៅ​លើ​ការ​រីក​លូតលាស់​នៃ​ផ្នែក​ពីរ​សំខាន់​ផ្សេង​ទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច ដែល​មាន​ដូចជា វិស័យ​ឧស្សាហកម្ម សំណង់ និង​វិស័យ​សេវាកម្ម ហើយ​ករណី​នេះ​បង្ហាញ​ថា ការ​ចូលរួម​ចំណែក​របស់​វិស័យ​កសិកម្ម​មាន​ការ​ប្រែប្រួល​ដោយ​ថយ​ចុះ​ពី ៣៣,% ទៅ ២៨,% ក្នុង​ចន្លោះ​ឆ្នាំ​២០១០-២០១៤ ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា បោះបង់​ការងារ​កសិកម្ម ហើយ​ងាក​ទៅ​រក​វិស័យ​ឧស្សាហកម្ម​កាន់​តែ​មាន​ការ​កើន​ឡើង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​កសិកម្ម​នៅ​តែ​យល់​ថា កង្វះ​ប្រព័ន្ធ​ធារាសាស្ត្រ គឺ​ជា​មូលហេតុ​សំខាន់​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន ដែល​ជំរុញ និង​កំពុង​គំរាម​កំហែង​ឲ្យ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​ទី​ជនបទ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ប្រធាន​កម្មវិធី​បង្កើន​ភាព​ធន់​នៃ​អង្គការ​អ៊ុកហ្វាម​កម្ពុជា លោក ឡឹក សុធារ ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរ​ធ្វើ​ការ​វិនិយោគ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី និង​ស្ដារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​មាន​ស្រាប់ ទើប​អាច​កាត់​បន្ថយ​ចំណាក​ស្រុក​ជនបទ​បាន៖ «ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បន្ត ឬ​ក៏​វិនិយោគ​បន្ថែម​ទៅ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ធារាសាស្ត្រ អាច​កសាង​ថ្មី ឬ​ស្ដារ​ឡើង​វិញ ហើយ​សម្រាប់​រដ្ឋាភិបាល​ថ្នាក់​ក្រោម​ជាតិ គួរ​តែ​ជំរុញ និង​ការពារ​ប្រភព​ទឹក​សំខាន់ៗ​នៅ​តំបន់​របស់​ខ្លួន ចៀសវាង​បង្វែរ​ប្រភព​ទឹក​សំខាន់ៗ​ទៅ​ធ្វើ​ជា​សំណង់​លំនៅឋាន ឬ​អគារ​ផ្សេងៗ​ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​រងគ្រោះ​ធ្ងន់ធ្ងរ»

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​អាសន្ន​ថា ក្នុង​ឆ្នាំ​នេះ​បញ្ហា​រាំង​ស្ងួត​ដែល​បណ្ដាល​ឲ្យ​ខ្វះ​ទឹក កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​គ្រោះ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ ក្រោយ​មក គេ​ឃើញ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ទាំងអស់ ប្រើ​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​គ្រោះថ្នាក់​ដោយសារ​បញ្ហា​ខ្វះ​ទឹក​នោះ​ឡើយ។ លោក ហ៊ុន សែន ក៏​អះអាង​ថា យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ នឹង​នៅ​តែ​បន្ត​រហូត​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់៖ «យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក ដែល​យើង​បាន​មើល​ឃើញ​រួច​ហើយ ព្រោះ​យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​មហន្តរាយ​ដោយសារ​រាំង​ស្ងួត និង​រលក​កម្តៅ​ខុស​ពី​ធម្មតា។ បើ​យើង​មើល​វិស័យ​កសិកម្ម ស្រូវ​បង្កើន​រដូវ​របស់​ពលរដ្ឋ ក៏​មិន​អាច​ធ្វើ​បាន។ ចឹង​កម្ពុជា យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាក្រក់​ណាស់»

ផ្ទុយ​ទៅ​វិញ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម យល់​ថា វិធានការ​ចែក​ទឹក​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ​បាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ និង​មិន​អាច​ទប់ស្កាត់​ចលនា​ចំណាក​ស្រុក​ជនបទ​បាន​ឡើយ។

ការ​ព្យាករ​របស់​ធនាគារ​ពិភពលោក (World Bank) បង្ហាញ​ថា កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា នឹង​ធ្លាក់​ពី ៧% នៅ​ឆ្នាំ​២០១៥ មក​ត្រឹម ៦,% ដោយសារ​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម។ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​កសិកម្ម​នេះ គឺ​បណ្ដាល​មក​ពី​បាតុភូត​គ្រោះ​រាំង​ស្ងួត​ដែល​មាន​ឈ្មោះ​ថា អេលនីណូ (El Nino) ដែល​កំពុង​វាយ​ប្រហារ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

ជាង​នេះ​ទៀត របាយការណ៍​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ស្ដីពី​ការ​លុប​បំបាត់​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា បង្ហាញ​ថា នៅ​កម្ពុជា វិស័យ​កសិកម្ម​បាន​ផ្តល់​ស្បៀង​អាហារ​ដល់​ប្រជាជន​ជិត ១៥​លាន​នាក់ ដែល​កំពុង​កើន​ឡើង និង​កើន​ចំណាយ​ប្រើប្រាស់​ក្នុង​មនុស្ស​ម្នាក់ៗ។ ដូច​នេះ ការ​ធានា និង​រក្សា​ការ​ផ្គត់ផ្គង់​ស្បៀង​អាហារ​ឲ្យ​មាន​ស្ថិរភាព ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា ទៅ​ថ្ងៃ​អនាគត។

ទន្ទឹម​គ្នា​នេះ អ្នក​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភពលោក (World Bank) កន្លង​មក​ក៏​ធ្លាប់​ផ្ដល់​យោបល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ដោះស្រាយ​ប្រព័ន្ធ​ធារាសាស្ត្រ​ជា​បន្ទាន់ ព្រម​ទាំង​ទប់ស្កាត់​ចលនា​ចំណាក​ស្រុក​ជនបទ ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។