អគ្គ​នាយកដ្ឋាន​​ពន្ធដារ​​រៀប​​​យុទ្ធសាស្ត្រ​៤ ​​ប្រមូល​​ចំណូល​​ពន្ធ​​ឲ្យ​​គ្រប់​តាម​​ផែន​ការ

ដើម្បី​ធានា​បា​ននូវ​ប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​គ្រប់​តាម​ផែន​ការ​កំណត់​ដោយ​ច្បាប់​សម្រាប់​ឆ្នាំ​២០១៦ ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី “កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ត្រីមាស​ទី​១ ​និង​ប្រចាំ​ខែ​មេសា​ ឆ្នាំ២០១៦” ស្រប​ពេល​ដែល​គោល​នយោបាយ​លុប​ចោល​ការ​បង់​ពន្ធ​តាម​របរ​ម៉ៅ​ការ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​កែ​ទម្រង់​ដ៏​មុត​ស្រួច ដូច​ខាង​ក្រោម​៖

 

– បន្ត​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល​និង​កម្មវិធី​កែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ។

 

– ពិនិត្យ​កែសម្រួល​ឡើងវិញ​នូវ​ច្បាប់​ស្ដី​ពី​សារពើពន្ធ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​វិវឌ្ឍ​នៃ​សង្គម​ជាតិ។

 

– ពង្រឹង​ការ​ប្រមូល​ពន្ធ​លើ​ការ​ជួល​អចលនទ្រព្យ (ដី+ផ្ទះ) តាម​រយៈ​ការ​ដាក់​ឲ្យ​អនុវត្ត ការ​គ្រប់​គ្រង​ការ​​ប្រកាស​បង់​ពន្ធ​ប្រភេទ​នេះ តាម​ប្រព័ន្ធ​កុំព្យូទ័រ។

 

– បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​ការ​ចុះ​បញ្ជី​ពន្ធដារ​និង​​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌មាន​សហគ្រាស។

 

បើ​តាម​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធដារ បាន​រាយការណ៍​អំពី​ស្ថានភាព​ចំណូល​ពន្ធដារ​ក្នុង​ខែ​មេសា ឆ្នាំ២០១៦ នេះ ​ ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​ចំនួន ៧៤២ ០៨៧,៤៩ លាន​រៀល (ប្រមាណ ១៨៥,៥២ លាន​ដុល្លារ)។

 

សម្រាប់​រយៈពេល​៤​ខែ ឆ្នាំ​២០១៦ ចំណូលពន្ធអាករ​សរុប​ដែល​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​បាន មាន​ចំនួន ២ ៥៥១ ២៧៨ , ៧៦ លាន​រៀល (ប្រមាណ ៦៣៧ , ៨២ លាន​ដុល្លារ) ស្មើ​នឹង ៤៤, ៨៧% នៃ​គោលដៅ​កំណត់​ដោយ​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៦៕

 

អគ្គ​នាយកដ្ឋាន​​ពន្ធដារ​​រៀប​​​យុទ្ធសាស្ត្រ​៤ ​​ប្រមូល​​ចំណូល​​ពន្ធ​​ឲ្យ​​គ្រប់​តាម​​ផែន​ការ

 

អត្ថបទ៖ លឹម សុ​នា