សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ចុះបញ្ជី​ម៉ាក​អង្ករ​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៦

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ចុះបញ្ជី​ម៉ាក​អង្ករ​នៅ​ខែ​មិថុនា​ឆ្នាំ​២០១៦



ភ្នំពេញ​ ៖ ​ទីបំផុត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​សម្រេច​ចុះ​បញ្ជី​ម៉ាក​យីហោ​អង្ករ​​​ជា​ផ្លូវការ​ហើយ ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៦ ហើយ​ការ​ចុះបញ្ជី​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ការ​លើក​កម្ពស់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។

លោក​មូង សា​រិទ្ធី អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ទី ១១​ខែ​ឧសភា​នេះ​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ស្រេច​រួចជាស្រេច​ហើយ​ក្នុងការ​ដាក់ឈ្មោះ​ម៉ាក​អង្ករ​កម្ពុជា​ដែលមាន​ឈ្មោះថា អង្ករ​ម្លិះ ហើយ​ឯកសារ​ផ្លូវច្បាប់​មាន​អស់​ហើយ​ដែល​សល់​តែ​ការសម្រេច​ចុងក្រោយ​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ប៉ុណ្ណោះ។

លោក​មូង សា​រិទ្ធី​បន្ត​ទៀត​ថា ការ​ដាក់​ឈ្មោះ​យីហោ​អង្ករ​ម្លិះ​នេះ ដោយសារតែ​ដំបូង​ឡើយ​ពាក្យ​អង្ករ និង​អង្គរ​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា ហើយ​អង្គរ​ជា​ឈ្មោះ​បេតិកភណ្ឌ​ពិភពលោក ដែល​គេ​ស្គាល់​កម្ពុជា​ទូទាំង​ពិភពលោក​។ ចំណែក​ពាក្យ​អង្ករ​ម្លិះ​ទីផ្សារ​ខាងក្រៅ​បាន​ស្គាល់​ច្រើនជាងគេ ហើយ​តម្រូវការ​ទីផ្សារ​មាន​ច្រើន​ដែល​ធ្វើ​ឲ្យ​បរទេស​គេ​ទទួលស្គាល់​អង្ករ​កម្ពុជា​។​

លោក​លើក​ឡើង​ថា​ ឈ្មោះ​អង្ករ​ម្លិះ​នេះ​មិន​មាន​បញ្ហា​ទេ ហើយ​សហព័ន្ធ​បាន​សិក្សា​តាម​ផ្លូវ​ច្បាប់​រួច​ហើយ ហើយ​ឈ្មោះ​នេះ​បាន​ឆែក​ត្រឹមត្រូវ​ពី​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​រួច​ហើយ។ ថ្មីៗ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានធ្វើ​សិក្ខា​សិលា​ជាច្រើន​ដង​ហើយ ដើម្បី​​​ជម្រាប​ដល់​អ្នកប្រើប្រាស់​ជាពិសេស​នោះ​អ្នកទិញ​តែម្តង។

លោក​បាន​បញ្ជាក់ថា ការដាក់​អង្ករ​ម្លិះ​ជា​ម៉ាក​រួម​ដែល​មាន​ប្រភេទ​ផ្សេង​គឺ​មាន រំដួល ម្លិះ សុ​ម៉ាលី​ជាដើម ដែល​ជា​ចង្កោម​របស់​អង្ករ​ម្លិះ ហើយ​ត្រូវ​ស្វះ​ស្វែងរក​ឈ្មោះ​ណាមួយ​ដើម្បី​ដាក់​ជា​ឈ្មោះ​រួម​ត្រូវ​បានគេទទួលស្គាល់ ជាពិសេស​ទីផ្សារ​ខាងក្រៅ​តែម្តង​។​

កាលពីពេល​ថ្មីៗ​នេះ លោក ស៊ុ​ង សារ៉ន អគ្គនាយក​ក្រុមហ៊ុន AMRU Rice Cambodia ធ្លាប់បាន​បញ្ជាក់ថា ការរៀបចំ​ចុះបញ្ជី​ម៉ាក​យីហោ​ពេលនេះ​ដូច្នោះ​ អាច​ធ្វើ​ឲ្យ​អង្ករ​កម្ពុជា​ថមថយ​ចុះ​កេរ្តិ៍ឈ្មោះ​បន្តិច​ដែរ ដោយសារតែ​ការរៀបចំ​កន្លងមក​មាន​ភាព​យឺតយ៉ាវ​ច្រើន​ក្នុងការ​ចុះបញ្ជី​នេះ​។​

លោក​បាន​បន្ថែមថា ភាគី​ភាគ​ពាក់ព័ន្ធ​ ដែល​រៀបចំ​ការចុះបញ្ជី​នេះ​គួរតែ​ធ្វើ​ការ​រួម​គ្នា​​​ដើម្បី​ពន្លឿន​ការចុះបញ្ជី​ឲ្យ​បាន​ឆាប់​នា​ពេល​ខាងមុខនេះ ហើយ​បើ​យល់​ល្អ​ខាង​សហព័ន្ធ និង​ក្រសួងកសិកម្ម​គួរតែ​ដាក់​ឈ្មោះ​ឡូហ្គោ​ជា​«Cambodia Jasmine Rice »​ ឬ​ប្រែ​មក​ខ្មែរ​ថា អង្គរ​ម្លិះ ​ឬ​រំដួល​ម្លិះ​ ដែល​គួរ​យកឈ្មោះ​រួម​តែមួយ។

សហព័ន្ធ​ស្រូវ​អង្ករ​បង្ហាញ​ថា ចំពោះ​យីហោ​អង្ករ​កម្ពុជា​នេះ​នឹង​ត្រូវ​បាន​ជូនដំណឹង​ដល់ វិស័យ​ស្រូវ​អង្ករ​ ព្រមទាំង​អន្តរក្រសួង​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ​ឆ្នាំ​២០១៦ ហើយ​ម៉ាក​យីហោ​នេះ​នឹង​ត្រូវ​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៦ នៅ​ក្រសួងពាណិជ្ជកម្ម​ ដែល​មាន​ឈ្មោះ ថា អង្ករ​ម្លិះ​តែ​ម្ដង៕