លោក​អ៊ូ វីរៈ ​ស្នើឲ្យ​អយ្យការ​តម្កល់​រឿង​មិន​ចាត់ការ​ចំពោះ​បណ្ដឹង​លោក​សុខ ឥសាន

លោក​អ៊ូ វីរៈ ​ស្នើឲ្យ​អយ្យការ​តម្កល់​រឿង​មិន​ចាត់ការ​ចំពោះ​បណ្ដឹង​លោក​សុខ ឥសាន



ភ្នំពេញ ​៖ ​លោក​អ៊ូ វីរៈ​ ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​នយោបាយ បាន​ចូល​មក​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១២ ​ខែ​ឧសភា ឆ្នាំ​២០១៦ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ដោះសា​សម្រាល​បន្ទុក​ក្នុង​សំណុំ​រឿ​បរិហារកេរ្តិ៍ ដែល​ប្ដឹង​ដោយ​លោក​សុខ ឥសាន ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​សៀង សុខ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ក្រុង​​​ភ្នំពេញ​បាន​សាកសួរ​លោក ​អ៊ូ វី​រៈ ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ។

ក្រោយ​បញ្ចប់​ការ​សាក​សួរ​លោក វី​រៈ បាន​ប្រាប់​អ្នកកាសែត​នៅ​ខាងក្រៅ​របង​តុលាការ​ថា លោក​បាន​ស្នើ​ឲ្យ​លោក​ព្រះរាជអាជ្ញា​អម​តុលាការ​តម្កល់​រឿង​ទុក​មិន​ចាត់ការ​នូវ​បណ្ដឹង​របស់​លោក សុខ ឥសាន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ​ពាក្យបណ្ដឹង​នោះ​មិន​មាន​ភស្តុតាង​ត្រឹមត្រូវ​ក្នុង​ការ​ចោទប្រកាន់​លើ​រូបលោក​ពី​បទ​បរិហារកេរ្តិ៍​នោះ​ទេ ព្រោះ​ជា​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ​ក្នុង​ពេល​លោក​អ៊ូ វី​រៈ ​ចូល​មក​តុលាការ​ មាន​អង្គការ​សង្គម​ស៊ី​វិល​នានា ជាច្រើន​បាន​មក​ឃ្លាំមើល​សកម្មភាព​ផ្សេងៗ​នៅមុខ​តុលាការ​ ដោយ​ពួកគេ​បារម្ភ​ពី​ការ​ឃាត់ខ្លួន​លោក​អ៊ូ វីរៈ។

កាលពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ​ឆ្នាំ ២០១៦ លោក សុខ ឥសាន អម​ដំណើរ​ដោយ​លោក​គី តិច ជា​មេធាវី បាន​ចូល​មក​អយ្យការ​អម​តុលាការ​​ដើម្បី​ផ្ដល់​ឯកសារ​ដាក់​បន្ទុក​ និង​ការពារ​បណ្ដឹង​របស់​ខ្លួន​ក្នុង​ការ​ប្ដឹង​លោក​អ៊ូ វី​រៈ​ពី​បទ​បរិហារកេរ្តិ៍។

នៅ​ក្រោយ​បញ្ចប់​ការ​ផ្ដល់​ចម្លើយ​​​ឲ្យ​លោក​ព្រះរាជអាជ្ញា​, លោក​សុខ ឥសាន ​បាន​ប្រាប់​អ្នកកាសែត​ថា ​អ្វី​ដែល​លោក​អ៊ូ វី​រៈ ​និយាយ​មិន​មែន​ជា​ការ​បញ្ចេញមតិ​ទេ តែ​វា​ជា​ការ​បរិហារកេរ្តិ៍​ទៅវិញ៕