ការ​អភិវឌ្ឍ​ ដែល​មាន​ការ​ដាក់​បញ្ចូល​ពិការភាព ​ក្នុង​វិស័យ​ការងារ​

ការ​អភិវឌ្ឍ​ ដែល​មាន​ការ​ដាក់​បញ្ចូល​ពិការភាព ​ក្នុង​វិស័យ​ការងារ​



ភ្នំពេញ ៖ អង្គការ​ជន​ពិការ​កម្ពុជា (​អ ព ​ក បាន​ធ្វើជា​ដៃគូ​ជា​មួយ​សាកលវិទ្យាល័យ​ម៉ូ​ណាស់ (Monash University) និង​សាកលវិទ្យាល័យ​ឌី​ឃី​ន (Deakin University) អូស្ត្រាលី ដើម្បី​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ ស្តីពី​ការអភិវឌ្ឍ​ដែល​មាន​ដាក់បញ្ចូល​ជន​ពិការ​ភាព​ក្នុង​វិស័យ​ការងារ​សម្រាប់​រយៈពេល​២​ឆ្នាំ​កន្លះ។ នៅ​ដំណាច់​ឆ្នាំ​២០១៥​នេះ​ គម្រោង​ដំណើរការ​បាន​រយៈពេល​២​ឆ្នាំ​ហើយ​ដោយ​នៅ​ក្នុង​នោះ ​ជំហាន​ទី​១​ ក្រុម​ការងារ​ស្រាវជ្រាវ​បាន​ចុះ​ស្ទង់មតិ​តាម​ខ្នង​ផ្ទះ​ប្រជាជន​ចំនួន​៩៨៨ នៅ​តំបន់​គោលដៅ​ចំនួន​៣ ៖ ១-​ភូមិ​ក្នុង​ខេត្ត​កំពត។ ២-​ភូមិ​ក្នុង​ខេត្ត​កំពង់ឆ្នាំង និង​៣​-ភូមិ​នៅ​ភ្នំពេញ​) ។

លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​បាន​ផ្តល់​បទ​សម្ភាសន៍​ក្នុង​សន្និ​សីទ​កាសែត​ថ្មីៗ​នេះ​ថា ឆ្លើយតប​ទៅ​នឹង​អនុក្រឹត្យ​ស្ដីពី​បែបបទ​ និង​អត្រា​ជ្រើសរើស​ជន​ពិការ​ចូល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​២% និង​វិស័យ​ឯកជន​១% និង​អនុសញ្ញា​ ស្ដីពី​សិទ្ធិ​ជន​ពិការ​ដែល​អនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២ ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ឱកាស​ការងារ​សម្រាប់​ជន​ពិការ។

លោក​បាន​បន្ត​ស្នើ​ដល់​រាជរដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​នានា ​បន្ត​អនុវត្តន៍​ច្បាប់​ ស្ដីពី​កិច្ច​ការ​ពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ អនុសញ្ញា ​ស្ដីពី​សិទ្ធិ​ជន​ពិការ​ និង​បទដ្ឋាន​គតិយុត្តិ​នានា​ ពាក់ព័ន្ធ​និង​ជន​ពិការ​ ដើម្បី​ធានា​ការចូលរួម​ពេញលេញ​របស់​ជន​ពិការ។

តាមរយៈ​ការ​ធ្វើ​បទ​បង្ហាញ​ពី​ដំណើរការ​ និង​លទ្ធផល ​នៃ​គម្រោង​ស្រាវជ្រាវ​របស់​លោក​ស្រី​បណ្ឌិត Alexandra Gatrell អ្នក​ជំនាញ​ស្រាវជ្រាវ នៃ​សាកលវិទ្យាល័យ​ម៉ូ​ណាស់​អូស្ត្រាលី ​បាន​ឲ្យ​ដឹង​ថា ក្រុមការងារ​ស្រាវជ្រាវ​បាន​ចុះ​សម្ភាសន៍​ជាមួយ​ជន​ពិការ​គ្រប់​ប្រភេទ​ចំនួន​៦៨​នាក់ (​ជន​ពិការ​បុរស​៣៤​នាក់​ ស្ត្រី​ពិការ​៣៤​នាក់ នៅ​តាម​អង្គការ​ផ្សេងៗ​ដូចជា ​អង្គការ​អេ​ឌី​ឌី​អន្តរជាតិ (ADD) សាមគ្គីធម៌​ម៉ា​រី​ស្ត​កម្ពុជា (MSC) មូលនិធិ​កុមារ​ពិការ (KPF) និង​អង្គការ​គ្រួសារ​ថ្មី (KT)។

ក្រៅ​ពី​នេះ ​ក៏​នៅ​មាន​ជន​ពិការ​មួយ​ចំនួន​ទៀត​ដែល​កំពុង​ធ្វើការ​ និង​មាន​មុខរបរ​ផ្ទាល់ខ្លួន​ត្រូវ​បាន​ក្រុមការងារ​ចុះ​សម្ភាសន៍​ដែរ​រួមមាន​ ជន​ពិការ​ជា​កសិករ​៣៣% ជន​ពិការ​កំពុង​ធ្វើការ​នៅ​វិស័យ​ឯកជន ១៥,៥% ជា​សិស្ស​/ និស្សិត​១១,៣% និង​ជន​ពិការ​ដែល​មាន​មុខរបរ​ផ្ទាល់ខ្លួន​ចំនួន​១០%។ តាម​លទ្ធផល​ នៃ​ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ​ជន​ពិការ​ទាំងអស់​ខាងលើ​ ដែល​មាន​ការអប់រំ​ល្អ​ពួកគេ​ ក៏​អាច​ទទួល​បាន​ការងារ​ល្អ​ប្រសើរ ដោយឡែក​ជន​ពិការ​ដែល​មានការ​អប់រំ​ទាប​ ពួកគេ​ក៏​អាច​ទទួល​បាន​ការងារ​សមរម្យ​ដែរ ប៉ុន្តែ​ពួកគេ​អាច​ធ្វើ​ការ​ទៅតាម​ចំណេះ​/​ជំនាញ​របស់​ពួកគេ អ្នក​ខ្លះ​មាន​មុខរបរ​តិចតួច ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​អ្នកខ្លះ​ក៏​អត់ មានការ​ងារ​ធ្វើ​ដែល​ដូច្នេះ​ពួកគេ​ក៏​ត្រូវ​ប្រឈម​នឹង​ផល​លំបាក​ជាច្រើន​ថែមទៀត។

ជន​ពិការ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ គឺ​ដោយសារតែ​គ្រួសារ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​លើកទឹកចិត្ត គាំទ្រ​ថវិកា និង​សម្ភារៈ​ដើម្បី​ឲ្យ​ពួកគេ​បាន​ទៅ​សាលារៀន។

ក្រៅ​ពី​នេះ​ ក៏​នៅ​មាន​មិត្តភ័ក្ដិ និង​អង្គការ​ធ្វើ​លើ​វិស័យ​ពិការភាព​នានា​បាន​ផ្តល់​ធនធាន​គាំទ្រ​ផ្សេងៗ​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ កន្លែង​ស្នាក់នៅ អាហារ ​និង​សម្ភារៈ​សិក្សា​ជាដើម។

ទោះ​បី​ជា​មានការ​ផ្តល់​ជំនួយ​ទាំង​អស់​នោះ​ក៏ដោយ ពួកគេ​ក៏​នៅតែ​ជួប​ឧបសគ្គ​ និង​ផល​លំបាក​ក្នុង​ការ​សិក្សា​ដដែល ដោយសារ​ពេល​សិក្សា ​ពួកគេ​មិន​មាន​សម្ភារៈ​/ឧបករណ៍​បច្ចេកទេស​ងាយស្រួល អក្សរ​ស្ទាប អ្នកបកប្រែ​ភាសា​ សញ្ញា ខ្វះ​អ្នកឯកទេស​បង្រៀន​ផ្នែក​ពិការភាព​ទាំង​នៅ​សាលា​រដ្ឋ​ និង​សាលា​អង្គការ មិន​មាន​ការ​បន្ថែម​ម៉ោង​ពេល​ប្រឡង (​សម្រាប់​សិស្ស​ពិការ​ភ្នែក ពិការ​គ​-​ថ្លង់​) សាលារៀន​ មិនបាន​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ពួកគេ និង​ការរើសអើង​ពី​អ្នក​ជុំវិញ​ខ្លួន ។​ល​៕