ខំ​លាក់​ទុក​ធ្វើ​កេរ ?

នាំ​ចូល​ថា​ជីធម្មជាតិ​...​ដល់​ពេល​មាន​ក្លិនស្អុយ​...​ជះក្លិន​ទ្រាំ​មិន​បាន​ទើប​ផ្អើល​ឈុ​ល​...​ពិនិត្យ​មែនទែន​ទៅ គឺជា​កាក​សំណល់​ពី​រោងចក្រ​...​កាក​សំណល់​គីមី​ដែល​គេ​មិនដឹង​ឱ្យឈ្មោះ​កាក​សំណល់​នេះ​ជា​អ្វី​ទេ​...​ក៏​ឱ្យឈ្មោះ​តាម​មើលឃើញ​ថា កាក​សំណល់​កន្ទុយបារី​...​ដែល​ឈ្មួញ​នាំ​ចូល​មក​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​តាំង​តែ​ពី​ឆ្នាំ​២០១៥ ។

កាក​សំណល់​ពី​រោងចក្រ​នៅ​អាហ្វ្រិកខាងត្បូង​ដែល​ឈ្មួញ​ខ្មែរ​នាំ​ចូល​មកនេះមាន​៣០​តោន​កំពុង​លាក់​ទុក​នៅ​ក្នុងឃ្លាំង​មន្ទីរ​កសិកម្ម​ខេត្តឧត្តរមានជ័យ​...
ដូច​ទុក​ក្នុង​ទូដែក ។ ប្រមាណ​ជាង​៣០តោន​ទៀត​នៅ​រាជធានី​ភ្នំពេញ មិនដឹង​ទុក​នៅ​ទីណា​ទេ​...​គ្មាន​អ្នក​ណា​ហ៊ាន​និយាយ​...​ព្រោះ​ទុក​ក្នុង​ទូដែក ។

មន្ត្រី​មួយ​ក្រុម​នៅ​ក្រសួងមហាផ្ទៃ​ប្រាប់​ថា តាម​ផ្លូវច្បាប់​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​...​ក្រុមហ៊ុន​ណា​នាំ​ចូល​ឱ្យ​ក្រុមហ៊ុន​នោះ​នាំ​ចេញ​វិញ​...​វា​ផុត​ពី​ដៃ​សមត្ថកិច្ច​របស់​មហាផ្ទៃ​ទៅ​ហើយ ។

អា​ឡេវ​មិន​ចង់​និយាយ​ទេ​...​ប៉ុន្តែ​អ្នក​អាន​ទូ​ទាំង​ប្រទេស​ចេះ​តែ​មាន​ប្រតិកម្ម​...​ចេះ​តែ​សួរ​ថា តើ​ដល់​ពេល​ណា​ទើប​គេ​រុញ​កាក​សំណល់​បរមាណូ​នេះ​ចេញ​ទៅ​វិញ ? ឬ​មួយ​គេ​ទុក​ធ្វើ​កេរ ? ឬ​មួយ​ទទឹកស្លាប​ហើរ​លែង​រួច​ហើយ ?

ក្រុម​អ្នក​តាមដាន​និយាយ​ថា នេះ​ជា​សមត្ថកិច្ច​របស់​ក្រសួងកសិកម្ម​...​ក្រសួងកសិកម្ម​ឱ្យ​នាំ​ចូល​ជីធម្មជាតិ តាម​ការ​ស្នើ​សុំ​ពី​ក្រុ​ុ​ម​ហ៊ុន​...​ដល់​ពេល​គេ​នាំ​ចូល បែរជា​កាក​សំណល់​ពាក់កណ្តាល​បរមាណូ​ទៅ​វិញ​...​ដូច្នេះ​ត្រូវ​តែ​ឱ្យ​នាំ​ចេញ ។

រដ្ឋមន្ត្រី​ថ្មី​ក្រសួងកសិកម្ម​ប្រាកដជា​សើរើ​សំណុំរឿង​អស្ចារ្យ​នេះ​...​ចៀសវាង​អ្នក​ខេត្តឧត្តរមានជ័យ​និយាយ​បញ្ឆិតបញ្ឆៀង​ថា​...​ទុក​កាក​សំណល់​ក្នុង​ឃ្លាំង​ឱ្យ​វា​ក្លាយទៅជា​មាស​ហើយ​មើលទៅ​...​ឃ្លាំង​កសិកម្ម​ធំ​ប៉ុន​យក្ស​គេ​មិន​ដាក់​ស្រូវ​អង្ករ​ទេ គេ​បែរជា​ដាក់​កាក​សំណល់​អត់​ប្រយោជន៍​...
ចាំ​មើល​តើ​ការ​ទុក​ធ្វើ​កេរ​នេះ វា​អាច​ក្លាយ​ពី​កាក​សំណល់​ទៅ​ជា​មាសទឹកដប់ ទឹក​ម្ភៃ មែនឬ​អត់ ?
                  អា​ឡេវ