យប់មិញ ឃាតករ​ធម្មជាតិ​សម្លាប់​មនុស្ស​៤​នាក់

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​រលក​កម្ដៅ​ឡើង​ខ្លាំង និង​ពុំ​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​មក កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុ​ល​ថា​ឡា​បរិ​វ៉ា​ត់ ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៤​បាន​ស្លាប់ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៨ និង​០៥​នាទី​យប់ ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង មេឃ​បាន​ធ្លាក់​ភ្លៀង ដោយ​មាន​ខ្យល់​ខ្លាំង ព្រមទាំង​ផ្គរលាន់ រន្ទះ ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​បាន​ដួល​រលំ​សង្កត់​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​របួសធ្ងន់ និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​រន្ទះបាញ់​សម្លាប់​បុរស​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​បុរស​ម្នាក់​ទៀត​រង​របួសធ្ងន់ ។ ប្រភព​ដដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់ មាន​ម្នាក់​ជា​ស្ត្រី​ដែល​ផ្ទះ​រលំ​សង្កត់ និង​បុរស​ម្នាក់​ទៀត​រង​របួស​ដោយសារ​រន្ទះបាញ់​នោះ បាន​ស្លាប់​ជា​បន្តបន្ទាប់​ដែរ ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ យី​ន ភ័ន្ត អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វើ​ចំការ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ព្រំ ឃុំ​បាទី ស្រុក​គន្ធរ​កណ្តាល ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយ​សភាព​របួស​ធ្ងន់ធ្ងរ​ពេក ។ ចំណែក​ជន​រង​គ្រោះ​របួសធ្ងន់​ដោយសារ​រន្ទះបាញ់​មានឈ្មោះ សុំ ហៀ​ង បាន​ស្លាប់​ក្រោយ​ពេល​កើតហេតុ និង​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​២​នាក់​ទៀត​សមត្ថកិច្ច​កំពុងធ្វើការ​ទំនាក់ទំនង​រក​អត្ត​ញ្ញាណ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ​សុទ្ធ​សឹង​ជា​អ្នក​ចំណាកស្រុក​មក​ប្រកប​របរ​ធ្វើ​ចំការ ។

ពាក់ព័ន្ធ​ធ្លាក់​ភ្លៀង​មាន​ផ្គរ​រន្ទះ​លាយឡំ​ខ្យល់​កន្ត្រាក់​នៅ​យប់​ថ្ងៃ​ទី​១១​ឧសភា​នេះ​ដែរ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​នៅ​ចំណុច​វាល​ព្រីង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់​ដួល​រលំ​រង​ការ​ខូចខាត់​ទាំងស្រុង​ដែរ តែ​មិន​បង្ក​ឲ្យ​ម្ចាស់ ផ្ទះ​រងគ្រោះថ្នាក់​នោះ​ទេ ដោយសារ​មេឃ​កល​រក​ភ្លៀង​មាន​ខ្យល់​ធំ ពួក​គាត់​បាន​ចុះ​ចេញពីផ្ទះ​នោះ​ទាន់​ពេលវេលា ៕