​ផ្អើល​​ទឹក​ផ្អើល​ដី!​ ព្រោះ​​ឃើញផុសកណ្តាល​​បឹង​ទន្លេ​​សាប​

ខេត្តសៀមរាប ៖ ថ្ម​បុរាណ​​៣​ដុំ​បាន​ផុស​ឡើង​នៅ​កណ្ដាល​បឹង​ទន្លេសាប បន្ទាប់​ពី​រីង​​ទឹក​អស់​មួយ​ចំនួន​​នោះ ខណៈ​​​​ដែល​​ប្រជា​ពល​រដ្ឋ​​បាន​ទៅ​នេសាទ​ត្រី​​នៅ​បឹង​ទន្លេសាប​ប្រទះ​ឃើញ​ ​បង្ក​ឱ្យ​​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដែល​ហេតុការណ៍នេះ​កើតឡើង កើត​ឡើង​កាលពី​ថ្ងៃ​ទី​០៩ ​ឧសភា ​​២០១៦ ស្ថិត​នៅ​ចម្ងាយ​​ពី​វត្ត​មាត់​​ខ្លា ទៅ​​កណ្ដាល​បឹង​​ទន្លេសាប ​ប្រហែល​ពី​៣​ ទៅ​៤​គីឡូម៉ែត្រ ក្នុងភូមិ​សាស្ត្រ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណ ស្រុក​ជីក្រែង ខេត្តសៀមរាប ​។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ស្តីទី​នគរ​បាល​ស្រុក​ជីក្រែង​បា​ន​​ប្រាប់​កោះសន្តិភាព​​ឱ្យ​ដឹង​ កាលពី​​រសៀល​ថ្ងៃ​ទី​១២ ​ឧសភានេះ​​​ថា ​បន្ទាប់​​ពី​ប្រជាពលរដ្ឋ​​​​ទៅ​​នេសាទ​ត្រី​​នៅ​បឹង​ទន្លេសាប​​នោះ ខណៈ​ដែល​ទឹក​បឹង​ទន្លេសាប​បាន​រីងស្ងួត​​អស់​មួយ​ចំនួន ពួក​​គាត់​ ក៏​ប្រទះ​ឃើញ​មាន​​ដុំ​ថ្ម​ផុស​នៅ​កណ្ដាល​បឹង​ទន្លេសាប​ចំនួន​៣​ដុំ​ជិត​ៗ​​គ្នា បណ្តាល​ឱ្យ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។​

លោក​​បន្ត​ថា  ក្រោយ​ពី​ឃើញដុំ​ថ្ម​ទាំង​​៣​ដុំ​នោះ ដោយ​១​ដុំ​មាន​ទទឹង​១,២០​ម៉ែត្រ បណ្ដោយ​៣,៧០​ម៉ែត្រ ជា​ប្រភេទ​ថ្ម​រលោង​​ធម្មតា​នៅ​ខាងត្បូង​ភូមិ​មាត់​ខ្លា ​ជាប់​ព្រំប្រទល់​ខេត្តពោធិ៍សាត់​ ។ លោក​បន្ត​ថា ​ដោយ​មាន​ស្ថាន​​ទឹក​​បឹង​ទន្លេសាប​រីង​​ហួតហែង​ខ្លាំង​ផង​នោះ ទើប​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ហើយ​មាន​ភ្ញាក់ផ្អើល​ភ្លូកទឹកភ្លូកដី មក​ពី​​តាម​​បណ្តា​ខេត្ត​ផ្សេង​ៗ​ ​បាន​នាំ​គ្នា​ទៅ​មើល​យ៉ាងច្រើន​កុះករ ​។

​លោក​បាន​បញ្ជាក់​ថា ថ្ម​ទាំងនោះ​ មិន​ត្រូវ​បាន​នាំ​យក​ទៅ​ទីណា​នោះ​ទេ ដោយសារ​វា​មាន​ទម្ងន់​ធ្ង​ន់​ពេក ហើយ​លោក​ក៏​បានឱ្យ​អ្នក​ភូមិ​ទុក​​នៅ​ទីនោះសិន ដើម្បី​ឱ្យ​ខាង​ជំនាញ​គេ​ចុះ​មើល​ ។ ​លោក​​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​បាន​ប្រទះ​ឃើញ​ថ្ម៣​ដុំ​នោះ​មក ប្រជា​ពលរដ្ឋ ក៏​មាន​ជំនឿជឿត​ៗ​គ្នា រហូត​បាន​ទៅ​រក​គ្រូ​ចូល​រូប ​។ ​បន្ទាប់​ពី​ពួក​គេ​បាន​រក​គ្រូ​ចូល​រូប ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា ថ្ម​ដែល​ផុស​​ចេញ​មក​នៅ​ចំ​កណ្តាលទន្លេ​សាប​នោះ ពួក​គេ​សុំ​យក​ទៅ​ទុក​នៅ​វត្ត​មាត់​ខ្លា ស​ម្រា​ប់​ឱ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ដុត​ធូប​សុំ​សេចក្តី​សុខ​ ។

​លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទោះបី​ពួក​គេ​បាន​នាំ​គ្នា​ទទូច​សុំ​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​នោះ​ក៏​ដោយ លោក​បាន​ប្រាប់​ទៅ​ពួក​គេ​ថា មិន​អាច​ទាន់​យក​ទៅ​ណា​បាន​ទេ ដោយសារ​ថ្ម​នោះ​ វា​មាន​ទម្ងន់​ធ្ងន់​រាប់​សិប​តោន​ ប៉ុន្តែ​លោក​សុំ​ទុក​នៅ​កន្លែង​ដើម​សិន ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ​មក​ទទួលយក​ទៅ​ចំណាត់ការ​បន្ត ព្រោះ​ពួក​យើង​មិនមែន​ជា​ជំនាញ​ទេ ​៕