ដី​សមូហភាព​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី​រងការ​ទន្ទ្រាន​កាន់កាប់​ខុស​ច្បាប់

តំបន់​ដី​ដែល​សហគមន៍​បាន​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​សមូហភាព​ផ្លូវការ​នៅ​ភូមិ​ឡាអិន ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​ទៅ​កាន់កាប់​កាន់​តែ​ច្រើន​ប៉ះពាល់​ទៅ​លើ​តំបន់​ដី​កប់​សព ដី​ត្រៀម​បម្រុង និង​ដី​សាលារៀន​ជាដើម។

តើ​មាន​ហេតុផល​អ្វី​ខ្លះ​បាន​ជា​ពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​ទៅ​កាន់កាប់​ដី​ដែល​ចុះ​បញ្ជី​កម្មសិទ្ធិ​សហគមន៍​នេះ​បាន?

គណៈកម្មការ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ឡាអិន អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី ចាត់​វិធានការ​ជា​បន្ទាន់​លើ​ការ​ចូល​ទៅ​កាន់​កាប់​ដី​សហគមន៍​ដែល​បាន​ចុះ​បញ្ជី​ផ្លូវការ​ជា​ដី​កម្មសិទ្ធិ​សមូហភាព​សហគមន៍។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ដោះស្រាយ​ទំនាស់​ដីធ្លី​សហគមន៍​ភូមិ​ឡាអិន នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា រៀបចំ​ឡើង​ដោយ​សហគមន៍​ភូមិ​ឡាអិន ក្រោម​ការ​សម្របសម្រួល​ដោយ​អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា ដោយ​មាន​សមាជិក​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​ប្រមាណ ១០០​នាក់ ចូល​រួម។

ប្រធាន​គណៈកម្មការ​សហគមន៍​ភូមិ​ឡាអិន លោក ផាន់ សុភីរ៉ាធុប ថ្លែង​បញ្ជាក់​ថា ផល​ប៉ះពាល់​ជា​ច្រើន​កំពុង​កើត​មាន ខណៈ​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​មក​កាន់កាប់ និង​សង់​លំនៅឋាន​លើ​ដី​សហគមន៍​ដោយសារ​ការ​ទិញ-​លក់​ដី​ខុស​ច្បាប់ និង​ការ​ទន្ទ្រាន​កាន់កាប់​ដី​បំពាន​ទៅ​លើ​តំបន់​ដែល​មាន​ប្លង់​កម្មសិទ្ធិ​សហគមន៍​រួច​ហើយ។

លោក​កត់សំគាល់​ថា សមាជិក​សហគមន៍ រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ គឺ​ជា​អ្នក​រួម​ចំណែក​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​មក​រស់​នៅ​លើ​ដី​ពួកគេ​ខុស​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃ​ក្នុង​សហគមន៍។ លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​បាន​បង្ក​ការ​រើសអើង ប្រមាថ​ទៅ​លើ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ជា​ម្ចាស់​ទឹកដី​ទៀត​ផង៖ «បុគ្គល​ណា​យក​ដី​ហ្នឹង​រំលោភ​បំពាន​ដី​ហ្នឹង ខ្ញុំ​នឹង​មាន​វិធានការ​ដាក់​ពាក្យ​ប្ដឹង​ផ្លូវ​ច្បាប់​ឲ្យ​ប្រគល់​ជូន​ដី​សហគមន៍​វិញ»

សេចក្ដី​រាយការណ៍​របស់​ប្រធាន​គណៈកម្មការ​សហគមន៍​ភូមិ​ឡាអិន ឲ្យ​ដឹង​ថា ដី ៥​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​ចូល​មក​កាន់កាប់​រួម​មាន ដី​កប់​សព​ជាង ៥​ពាន់​ម៉ែត្រក្រឡា ដី​សាលារៀន​ជាង ៨០០​ម៉ែត្រក្រឡា ដី​លំនៅឋាន​ជាង ៥​ពាន់​ម៉ែត្រក្រឡា និង​ដី​ចំការ​ជិត ៣០​ម៉ឺន​ម៉ែត្រក្រឡា។

ទាក់ទិន​ការ​ចូល​ទៅ​កាន់កាប់​ដី​សហគមន៍​នេះ មេ​ឃុំ​តឺន លោក តឺន ឡាំងឃុន ទទួល​ស្គាល់​ថា សមាជិក​សហគមន៍ និង​មន្ត្រី​ភូមិ​មួយ​ចំនួន​គឺ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​លក់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​មក​រស់​នៅ​លើ​ដី​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ពួកគេ ហើយ​មន្ត្រី​ភូមិ​ជា​អ្នក​សម្របសម្រួល​ចេញ​លិខិត​ទទួលស្គាល់​ដោយ​បំពាន​ច្បាប់។ លោក​កត់សំគាល់​ថា នេះ​គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មការ​សហគមន៍​ដែល​មិន​បាន​អនុវត្ត​តាម​លក្ខន្តិកៈ​សហគមន៍​បាន​ត្រឹមត្រូវ៖ «វា​ពិបាក​ខ្ញុំ​ឈឺ​ក្បាល​រាល់​ថ្ងៃ សហគមន៍​ប្ដឹង​រហូត។ វិបត្តិ​នេះ​តាំង​ពី​គណៈកម្មការ​សហគមន៍​ចាស់​គាត់​មិន​យល់​ពី​លក្ខន្តិកៈ​សហគមន៍ គាត់​លួច​លក់​ដី ហៅ​អ្នក​ក្រៅ​ចូល​ពេញ​សហគមន៍ ពិសេស​មេ​ភូមិ​គាត់​អត់​ចេញ​គ្រប់គ្រង​អ្នក​ភូមិ​លក់​មេ​ភូមិ​លក់​ដែរ»

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ឡាអិន ចុះ​បញ្ជី​ទទួល​ស្គាល់​សហគមន៍​ជា​ផ្លូវការ ដោយ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០០៧ និង​​ចុះ​បញ្ជី​ដី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​កាល​ពី​ឆ្នាំ​២០១១។

សហគមន៍​នេះ​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដី​សរុប ១.២១៨,៩៦​ហិកតារ ក្នុង​នោះ​ដី​កប់​សព​មាន ៣,៣១​ហិកតារ ដី​ព្រៃ​អារក្ស ​៧​ហិកតារ ដី​ត្រៀម​បម្រុង ៧៣៥,៧៩​ហិកតារ ដី​សាលារៀន ២,៣៩​ហិកតារ ដី​លំនៅឋាន ១១,៨០​ហិកតារ ដី​ចំការ ៤២៥,១១​ហិកតារ និង​ដី​ស្រែ​ប្រើប្រាស់ ៣៣,២៤​ហិកតារ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ អភិបាល​រង​ស្រុក​កូនមុំ លោក ធិន វិន បញ្ជាក់​ដែរ​ថា អាជ្ញាធរ​ស្រុក​ដោះស្រាយ​បញ្ហា​ជូន​សហគមន៍​បាន​ពីរ​ករណី​ដែល​ពាក់ព័ន្ធ​ការ​ផ្ទេរ​ដី​ផ្ទៃក្នុង​សហគមន៍ ដោយ​ឡែក​បញ្ហា​ដី​សហគមន៍​មួយ​ផ្នែក​ទៀត ភាគី​ពាក់ព័ន្ធ​រឹងរូស​មិន​អាច​ដោះស្រាយ​បាន ទើប​អាជ្ញាធរ​បាន​ណែនាំ​គណៈកម្មការ​សហគមន៍​ដាក់ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ៖ «ដី​បម្រុង​ស្រែ និង​ដី​កប់ខ្មោច​នៅ​ឡាអិន ចំការ​នេះ និង​ដី​លំនៅឋាន ដោយ​យោង​ស្ថានភាព​ស្មុគស្មាញ មិន​អាច​ដោះស្រាយ មាន​តែ​នីតិវិធី​តាម​ផ្លូវ​តុលាការ ផ្ដល់​ព័ត៌មាន​ទៅ​គណៈកម្មការ​សហគមន៍​ថា សុំ​ប្ដឹង​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​គាត់​មិន​មាន​សមាជិក​សហគមន៍ ហើយ​គាត់​រឹងរូស»

នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​មើល​ជាក់ស្ដែង​នៅ​កន្លែង​មាន​ទំនាស់​ដី​សហគមន៍​ភូមិ​ឡាអិន នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា អភិបាល​រង​ខេត្ត​រតនគិរី លោក លី វិន កត់សំគាល់​ថា ដី​សហគមន៍​ដែល​ចុះ​បញ្ជី​មាន​ប្លង់​កម្មសិទ្ធិ​រួម​សហគមន៍ ពិត​ជា​ត្រូវ​បាន​រំលោភ​បំពាន ហេតុនេះ​អាជ្ញាធរ​ខេត្ត​ផ្ដល់​ពេល​វេលា​មួយ​សប្ដាហ៍​ជូន​អាជ្ញាធរ​ស្រុក អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ចូល​កាន់កាប់​ដី​សហគមន៍​ខុស​ច្បាប់​ឲ្យ​ប្រគល់​ដី​ជូន​សហគមន៍ បើ​មិន​ដូច្នេះ​អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ផ្លូវ​ច្បាប់៖ «ចាប់​ពី​ថ្ងៃ​នេះ​ទៅ​សុំ​ឲ្យ​មេ​ឃុំ​ធ្វើ​កាច​បន្តិច អ្នក​ណា​លក់​គឺ​រឿង​ហើយ។ មេ​ភូមិ​ក៏​កាច​ដែរ បើ​មិន​អ៊ីចឹង​ទេ រឿង​ចាស់​ដោះ​មិន​រួច​ផង បង្កើត​រឿង​ថ្មី​មាន​ទៀត តើ​បងប្អូន​ប្ដេជ្ញា​ឈប់​លក់​ទេ បើ​ឈប់​លក់​លើកដៃ ឈប់​លក់»

រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​កម្មសិទ្ធិ​សមូហភាព​ដើម្បី​លើក​កម្ពស់​ការពារ​សិទ្ធិ​ដីធ្លី និង​ជីវភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​បាន​កាន់​តែ​ប្រសើរ​ ជា​ពិសេស​គោលនយោបាយ​នេះ​ជួយ​ការពារ​មិន​ឲ្យ​សហគមន៍​លក់ដូរ​ដី​ដែល​ជា​ហេតុផល​សំខាន់​នាំ​ឲ្យ​ជន​ជាតិ​ដើម​បាត់បង់​ដី​ចិញ្ចឹម​ជីវិត និង​ប៉ះពាល់​ទៅ​លើ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ទៅ​ថ្ងៃ​អនាគត។

មន្ត្រី​អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា អ្នកស្រី សៀន សុខនី កត់សំគាល់​ដែរ​ថា ទោះ​បី​ដីធ្លី​សហគមន៍​បាន​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​រួម​ផ្លូវការ​ក្ដី ក៏​ការ​រំលោភ​បំពាន​កាន់​កាប់​ពី​អ្នក​ខាង​ក្រៅ​សហគមន៍​នៅ​តែ​បន្ត​កើត​មាន។ លើស​ពី​នោះ​ទៀត ប្រជាពលរដ្ឋ​ក្រៅ​សហគមន៍​មិន​បាន​គោរព​វិធាន​ផ្ទៃក្នុង​សហគមន៍ ហើយ​រើសអើង​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់​នៅ និង​វប្បធម៌​ទំនៀមទម្លាប់​ជនជាតិ​ដើម​ទៀត​ផង។ អ្នកស្រី​អំពាវនាវ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ដី​សហគមន៍​ឲ្យ​បាន​ប្រសើរ និង​សំណូមពរ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន​នេះ​ជូន​សហគមន៍​ដើម្បី​រួម​ចំណែក​អនុវត្ត​គោលនយោបាយ​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​បាន​ប្រសើរ៖ «ការ​ចូល​មក​នៅ​មិន​ត្រឹម​រំលោភ​បំពាន​ដីធ្លី​របស់​គាត់​ទេ ថែម​ទាំង​ជាន់​ឈ្លី​ប្រពៃណី​វប្បធម៌​ពួក​​គាត់​ទៀត​ផង»

យ៉ាង​ណា​ក៏ដោយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​រតនគិរី លោក ទឹម ស៊ីណាត បញ្ជាក់​ថា ការ​ទិញ​លក់ ឬ​ការ​ទន្ទ្រាន​កាន់កាប់​ដី​សហគមន៍​ដែល​បាន​ចុះ​បញ្ជី​ជា​កម្មសិទ្ធិ​សមូហភាព​រួច​ហើយ​ថា ជា​អំពើ​ខុស​ច្បាប់។ លោក​ថា សហគមន៍​មាន​សិទ្ធិ​ប្ដឹង​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដក​ហូត​ដី​នោះ​មក​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។