២៧​ ឧសភា​ប្រកាស​សាលក្រម​សំណុំ​រឿង​បោក​ពលករ​១៩០​នាក់​នាំទៅ​ថៃ

២៧​ ឧសភា​ប្រកាស​សាលក្រម​សំណុំ​រឿង​បោក​ពលករ​១៩០​នាក់​នាំទៅ​ថៃ



ភ្នំពេញ ​៖​ សំណុំ​រឿ​បោក​ពលករ​ខ្មែរ​១៩០​នាក់​ថា​នាំទៅ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ តែ​ទីបំផុត​នាំ​យក​ទៅ​បំបរបង់​ចោល​នៅ​ព្រំដែន​ខ្មែរ​ថៃ​ ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ​លើក​យក​មក​កាត់ក្ដី​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែ​ឧសភា ឆ្នាំ ២០១៦ នៅ​ចំពោះ​មុន​ជនជាប់ចោទ។

ជន​ត្រូវ​ចោទ​មាន​៦​នាក់​ តែ​រត់​គេចខ្លួន​អស់ហើយ នៅ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន​ ហើយ​ឃុំខ្លួន​រហូតដល់​បច្ចុប្បន្ន។

តុលាការ​បាន​ផ្ដើម​ចោទប្រកាន់​លើ​ឈ្មោះ សេង សា​ឡែ​ន ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​បុគ្គលិក​អង្គការ​អភិវឌ្ឍ​គុណភាព​ការងារ​កម្ពុជា ពីបទ ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន។

ប្រឈម​មុខ​ការចោទប្រកាន់​របស់​តុលាការ ជន​ត្រូវ​ចោទ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ចូល​បម្រើការ​នៅក្នុង​អង្គការ​អភិវឌ្ឍន៍​គុណភាព​ការងារ​កម្ពុជា​បាន​៤៥​ថ្ងៃ​ប៉ុណ្ណោះ។ លុះដល់​ថ្ងៃទី ១៨ ខែ​កញ្ញា ឆ្នាំ​២០១៥ អង្គការ​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ជិន​វ៉ាន់ដា​មែន​ផៅ​វើ​មាន​ទីតាំងនៅ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ​ នាំ​ពលករ​ចំនួន​៥៨​នាក់​ទៅ​កាន់​ប្រទេស​ថៃ​តាម​ច្រក​ឡែ​ម ​ខេត្ត​បាត់ដំបង​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​ជាមួយ​នឹង​ឈ្មោះ​ជិន វ៉ាន់ដា។

ជន​ត្រូវ​ចោទ​បាន​សារភាព​ទៀត​ថា ​នៅ​ទីនោះ​ខ្លួន​មិន​ដឹង​ថា​ក្រុមហ៊ុន​នាំ​ពលករ​មក​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​ទេ ព្រោះ​មិន​មាន​ការងារ​ធ្វើ​ ហើយ​ត្រូវ​រង់ចាំ​យូរ​ទៀត​ ខ្លួនគេ​ក៏​ត្រឡប់​មក​ភ្នំពេញ​វិញ​ ដោយ​មិន​ឲ្យ​ពលករ​ដឹង​ឡើយ។ ក្រោយមក​ក៏មាន​សមត្ថកិច្ច​មក​ចាប់ខ្លួន​តែម្ដង។

ក្នុង​សំណុំ​រឿងនេះ តំណាង​ពលករ​១៩០​នាក់ បាន​ប្ដឹង​ថា ក្នុងអំឡុង​កញ្ញា ឆ្នាំ​២០១៥ ក្រុមហ៊ុន ជិន​វ៉ានដា​មែន​ផៅ​វើ បាន​ផ្សព្វផ្សាយ​រើស​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។ ពេលនោះ​ពួកគេ​ក៏​បានមក​ចុះឈ្មោះ​និង​បង់ប្រាក់​មុន​ក្នុង​ម្នាក់​៣០០​ដុល្លារ ហើយ​បាន​រង់ចាំ​អស់​ជាច្រើន​ខែ​ដើម្បី​ក្រុមហ៊ុន​នាំទៅ។ នៅ​ទីបំផុត​ក្រុមហ៊ុន​បាន​នាំ​ពួកគេ​ចំនួន​១៩០​នាក់​ទៅ​ប្លុង​ចោល​នៅ​ច្រក​ឡែ​ម​អត់​ការងារ​ធ្វើ​អត់បាយ​ឡើង​វ៉​ល់ ក៏​ត្រឡប់មកវិញ​ទៅ​ក្រុមហ៊ុន​ ក៏​ឃើញ​បិទទ្វារ​ចាក់សោ​ ទម្លាក់​ស្លាក​យីហោ​ចោល​បាត់​ ទើប​ភ្ញាក់ខ្លួន​ថា​ចាញ់​បោក​ក្រុមហ៊ុន​​​បាត់​ទៅ​ហើយ ក៏​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់​បានតែ​ឈ្មោះ​សេង សា​ឡែ​ន ចំណែក​អ្នកផ្សេង​ទៀត​រត់​បាត់អស់។

តំណាង​ពលករ​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​ទាមទារ​ប្រាក់​ដែល​ក្រុមហ៊ុន​បោកប្រាស់​មកវិញ៕