ចាំ​មើល​លោកស្នងការ​ហ៊ាន​កំចាត់​កុងត្រូលជជុះ​នេះ​ទេ

ខេត្តក្រចេះ ៖ ស្នងការ​នគរបាល​ខេត្តក្រចេះ លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត បាន បញ្ជាក់​ថា កម្លាំង​នគរបាល​កំពុង​តែ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​ជន​ម្នាក់​ដែល​អះអាង​ថា ជា​ក្រុម​មន្ត្រី​របស់​អង្គការ​បរិស្ថាន​ដាក់​បណ្តុំ​កុងត្រូលជជុះ និង​បាន​បើករថយន្ត​ប្រដេញ​កាក់​ទា​លុយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្តកន្ទុយ​គ្នា​នៅ​លើ​ផ្លូវជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៦​។

រថយន្ត​យ៉ាង​ហោច​៣​គ្រឿង​ត្រូវ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា និង​ធ្លាក់​ជ្រោះ​ផ្លូវ  ដោយសារ​តែ​ការ​បើក​ប្រដេញ​វ៉ា​គ្នា​រវាង​រថយន្ត​ដឹក​ក្តារ និង​រថយន្ត​របស់​កុងត្រូលជជុះ ក៏​បាន​រេ​ចង្កូត​ធ្លាក់​ជ្រោះ​ផ្លូវ​នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ។

យ៉ាងណា​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បាន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ចំណែកឯ​រថយន្ត​ទាំង​៣​គ្រឿង បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​។

គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា បណ្តាល​មក​ពី​ការ​ប្រដេញ​កាក់​ទារ​លុយ​ក្រុម​កុងត្រូលជជុះ​ពី​ជន​ម្នាក់​ឈ្មោះ ស៊ឹង គឹ​ម​ស៊ា​រ ដែល​តែងតែ​អះអាង​ថា ខ្លួន​ជា​មន្ត្រី​របស់​អង្គការ​បរិស្ថាន មាន​ភារកិច្ច​មក​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​បាន​បើក​ប្រដេញ​កាក់​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ក្តារ​មួយ​គ្រឿង​លើ​ចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូ​មែ​ត្រ បណ្តាល ឲ្យ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ក្តារ​មួយ​គ្រឿង​នោះ ជ្រុល​ទៅ​បុក​រថយន្ត​អ្នក​ធ្វើ​ដំណើរ​មួយ​គ្រឿង​ទៀត ចំ​ពីមុខ ហើយ​រេ​ចង្កូត​ធ្លាក់​ជ្រោះ​ផ្លូវ​។ ក្រោយ​ពី​រថយន្ត​សាំ​យ៉ុ​ង​២​គ្រឿង​បាន​បុក​គ្នា ជន​ឈ្មោះ​ស៊ឹង គឹ​ម​ស៊ា​រ ដែល​កំពុង​តែ​បើករថយន្ត​ប្រដេញ​ពីក្រោយ​នោះ​ក៏​បើក​គេច និង​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ដូច​គ្នា​។

ភ្លាម​ៗ​ជន​បង្ក​ឈ្មោះ ស៊ឹង គឹ​ម​ស៊ា​រ ដែល​តែងតែ​អះអាង​ថា ខ្លួន​ជា​មន្ត្រី​របស់​អង្គការ​បរិស្ថាន និង​តែងតែ​ធ្វើ​សកម្មភាព​ប្រដេញ​រថយន្ត​ប្រ​ម៉ា​ញ់​កាក់​ទារ​លុយ​ពី​រថយន្ត គោ​យន្ត និង​ម៉ូតូ​ជំរិត​ទារ​លុយ​នោះ បាន​រត់គេច​ខ្លួន​បន្សល់​ទុក​តែ​រថយន្ត​កាម​រី​គូថ​ហើម​ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់ ស្លាក​លេខ​ភ្នំពេញ 2H 0184 របស់​ជន​នេះ ដែល​ជិះ​ប្រដេញ​កាក់​ទារ​លុយ​។

រាប់​ទាំង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​នេះ ជា​ករណី​ទី​៣ ហើយ​ដែល​ជន​ម្នាក់​នេះ​បាន​បង្ក​ឲ្យ​គេឯង​គ្រោះថ្នាក់ ដោយសារ​តែ​ការ​បើករថយន្ត​ប្រដេញ​កាក់​ទារ​លុយ​របស់​គេ​នៅ​លើ​ផ្លូវជាតិ​។

នៅ​ជុំវិញ​ហេតុការណ៍​មួយ​នេះ ស្នងការ​នគរបាល​ខេត្តក្រចេះ លោក​ឧត្តមសេនីយ៍ លន់ សុ​ផាត បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​ថា នគរបាល​កំពុង​តែ​ស្រាវជ្រាវ​រក​ជន​នេះ ដើម្បី​មាន​វិធាន​ការណ៍​ចាប់ខ្លួន​៕