ក្តៅ! ក្តៅ! ឃាតករសម្លាប់ប្អូនស្រីជីដូនមួយ ​ធ្លាយរឿងថ្មី​​ទៀតហើយ

រាជធានី​ភ្នំពេញ ៖ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យបាន​​បង្ហើបឱ្យ​​ដឹង​ថា តាម​ការ​សួរ​ចម្លើយ​យ៉ាង​​យក​ចិត្ត​ទុកដាក់ ទៅ​តាម​​ជំនាញ​នោះ មេ​ខ្លោង​​គឺ​ឈ្មោះ​​ជុំ វី​រៈ ហៅ​ទូ ដែល​​បាន​វាយ​សម្លាប់ប្អូនស្រី​ជីដូនមួយ​របស់​ខ្លួន​​ឈ្មោះវ៉ុ​ន រ​ដ្ឋា​ន អាយុ​១៩​ឆ្នាំ មាន​​ទី​​លំនៅ​ក្នុងភូមិ​ព្រៃ​កី​​ខ សង្កាត់​ពងទឹក ខណ្ឌដង្កោ ដែល​ជា​សិស្ស​ថ្នាក់​ទី​១២​វិទ្យាល័យ​ពងទឹក កាលពី​កាលពី​វេលា​រសៀលថ្ងៃ​ទី​១០ ​ឧសភា ​​២០១៦ នៅ​ក្នុ​ង​សំណង់ផ្ទះ​ល្វែង​មួយ ដែល​សាងសង់​មិន​ទាន់​ហើយ និង​ត្រូវ​បា​ន​គេ​ទុក​ចោល ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ជន​សង្ស័យ​បាន​​សារភាព​​ថា ក្រៅពី​សម្លាប់​ប្អូនជីដូនមួយហើយ ខ្លួន​​ក៏​ធ្លាប់​បាន​ច្រាន​បុរស​ម្នាក់​ទៀត​​​ដែល​ជា​មិត្តភក្ដិទម្លាក់​ចូល​ក្នុង​រណ្តៅ​ដី​ដ៏​ជ្រៅ​មួយ​​កន្លែង (​រ​ណ្តៅ​​ដី​ដែល​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​) ស្ថិត​ក្នុងភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខ​ណ្ដ​ដង្កោ កាលពី​យប់​ថ្ងៃ​ទី​១៦ ​មេសា ​​២០១៤​ កន្លង​ទៅ​នេះ​ ក្នុង​រឿង​ទំនាស់​ផឹកស៊ី​ ។

ប្រភព​​ដដែល​​បន្ត​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​នោះ ច្រាន​ទម្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី បណ្ដាល​ឲ្យ​បាក់.​ក​ស្លាប់​នោះ ឈ្មោះ​ជ្រិ​ច ពិសិដ្ឋ អាយុ​២៤ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំ​រ៉ែ​ង សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​ឃាតករ​ឈ្មោះ​ជុំ វី​រៈ ហៅ​ទូ អាយុ​២២​ឆ្នាំ មាន​ទៅ​លំនៅ​ក្នុងភូមិ ទ័ព​បោះ សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ។​

រឿងរ៉ាវ​ដែល​បាន​កើតឡើងនៅ​​​ពេល​នោះ គឺ​​​មុន​ពេល​កើតហេតុ ជន​នោះ​និង​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជុំ​គ្នា ហើយ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​​កើត​ឡើង បន្ទាប់​មក ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ផឹកស៊ី​មុន ស្រាប់តែ​ឃាតករ​រូប​នោះ ជិះ​ម៉ូតូ​ដេញ​តាម​រករឿង​ពី​ក្រោយ​ទៀត​។ ប្រភព​ដដែល​​​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​ទៅ​តតាំង​វិញ​បន្តិច ក៏​បាន​រត់ឡើង​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​មុខ​ទៀត ស្រាប់តែ​ជនសង្ស័យ​រត់​ដេញ​តាម​ទាន់ រួច​បាន​ចាប់​រុញច្រាន​ជន​រង​គ្រោះ ទម្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​ដ៏​ជ្រៅ បណ្ដាល​ឲ្យ​ធ្លាក់​ទាំង​មនុស្ស ​និង​ម៉ូតូ​បាក់.​ក​ស្លាប់ (​រណ្ដៅ​ដី​ដែល​ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​) ។

​ខណៈនោះ​ សាកសព​ត្រូវ​បាន​ប្រជាពលរដ្ឋ​ន្រ​ទះ​ឃើញ ហើយ​ខ្លះ​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ធ្លាក់​​រណ្ដៅ​ដី និង​ខ្លះ​ទៀត ក៏​​​សង្ស័យ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម និង​​បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​ជន​នេះ​ដែរ ព្រោះ​មុន​ពេល​មាន​គ្រោះថ្នាក់​ ជន​រង​គ្រោះ​មាន​​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ជន​នោះ​ ។

ពេល​នោះ​ប៉ូលិស​បាន​ហៅ​ជន​នោះ​ទៅ​បំភ្លឺ​ដែរ ប៉ុន្តែ​គេ​មិន​បាន​សារភាព​ឡើយ ទើប​មិន​មាន​ទោស ហើយ​រហូត​ពេល​នេះ​ទើប​ឃាតកររូប​នេះ​​សារភាព​ថា បុរស​ដែល​ស្លាប់​ក្នុង​រណ្ដៅ​ដី​នោះ គឺ​ខ្លួន​ជា​អ្នក​ច្រាន​ទម្លាក់ បណ្ដាល​ឱ្យ​​ធ្លាក់​បាក់.​​ក​ស្លាប់​ ៕