អាមេរិក​ដំណើរការ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នៅ​រ៉ូ​ម៉ា​នី​ទប់ទល់​រុស្ស៊ី និង​អ៊ីរ៉ង់​

​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​លត​ម្លៃ ៨០០​លាន​ដុល្លារ​អាមេរិក​នោះ​ត្រូវបាន​ក្រុង​វ៉ាស៊ីនតោន​ដាក់​ឲ្យ​ដំណើរការ​ហើយ​នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ ឧសភា​នេះ​។ ការដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នេះ​ផ្នែក​មួយ​នៃ​នយោបាយ​សន្តិសុខ​អាមេរិក​និង​ណា​តូ​ដើម្បី​ការពារ​តំបន់​អឺរ៉ុប ជាពិសេស​ទប់ស្កាត់​មី​ស៊ី​ល​អ៊ីរ៉ង់ និង​រុស្ស៊ី​ផង​។​

​ដើម្បី​ជួយ​ការពារ​សន្តិសុខ​ដល់​ប​ណ្តា​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក​ចាប់ផ្តើម​ដាក់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ដែលមាន​តម្លៃ​សរុប ៨០០​លាន​ដុល្លារ​ដំណើរការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុងប្រទេស​រ៉ូ​ម៉ា​នី​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក Robert Work និង​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក Jen Stoltenberg ជា​អ្នក​ដែលមាន​វត្តមាន​ក្នុងការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​។

​បើ​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​របស់​អាមេរិក​នេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការចាប់​សញ្ញា​គ្រាប់​រ៉ុក្កែត និង​បាញ់​កម្ទេចចោល​តែម្តង​។ គេ​ដឹង​ច្បាស់​ថា​អាមេរិក​និង​ណា​តូ​ដាក់​ឲ្យ​ប្រព័ន្ធ​មី​ស៊ី​ល​នេះ​ដំណើរការ ជា​យុទ្ធសាស្ត្រ​មួយ​ដែលជា​ផ្នែក​នៃ​នយោបាយ​សន្តិសុខ​ដែល​អនុវត្ត​ឡើង​ដើម្បី​ការពារ​តំបន់​អឺរ៉ុប​ពី​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​និង​រុស្ស៊ី​។​

​មុនពេល​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នេះ ឧបការី​រដ្ឋមន្ត្រីការបរទេស​រង​លោក  Frank Rose បាន​ពន្យល់ថា វា​ជា​រឿង​ចាំបាច់​ព្រោះ​អ៊ីរ៉ង់​នៅ​បន្តធ្វើ​ទំនើបកម្ម​សព្វាវុធ​ជាពិសេស​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​ខ្ពស់ រហូតដល់​មាន​មី​ស៊ី​ល​អន្តរទ្វីប​ដែល​អាច​បាញ់​ដល់​អឺរ៉ុប​ថែមទៀត​។

​ជារឿយៗ រុស្ស៊ី​ចោទថា អាមេរិក និង​ណា​តូ កំពុងតែ​អនុវត្ត​គោលនយោបាយ​ហ៊ុមព័ទ្ធ​តំបន់​យុទ្ធសាស្ត្រ​ខ្លួន​ជាពិសេស​នៅ​សមុទ្រ​ខ្មៅ និង​នៅ​អឺរ៉ុប​ខាងកើត​។ ថ្មីៗ​នេះ ណា​តូ​បាន​បង្ហើប​ផែនការ​របស់ខ្លួន​ក្នុងការ​រៀបចំ​ល្បាត​នៅ​សមុទ្រ​ខ្មៅ​ទៀត​។ ក្រៅពីនេះ ណា​តូ ក៏​កំពុង​ត្រៀម​រៀបចំ​បង្កើន​កម្លាំង​ទ័ព​របស់ខ្លួន​នៅក្នុង​ប្រទេស​ប៉ូឡូញ​។

​តាំងពី​ឆ្នាំ ២០១៤ ក្រោយ​ពេលដែល​វិបត្តិ​អ៊ុយ​ក្រែ​ន​កើតឡើង និង​មានការ​ក្រសោប​យក​ទឹកដី Crimea ពី​អ៊ុយ​ក្រែ​ន​ផង​នោះ បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​សហរដ្ឋអាមេរិក​បាន​ចាប់​ពង្រឹង​សាច់ដុំ​យោធា​នៅ​អឺរ៉ុប​ខាងកើត​និង​ជុំវិញ​រុស្ស៊ី​តែម្តង​។ ហើយ​រុស្ស៊ី​ថា វា​ជាការ​បង្ករឿង​និង​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​យោធា​រុស្ស៊ី​ចុះខ្សោយ​ផង​។ ហើយ​វា​ក៏​ធ្វើ​ឲ្យ​មាន​បញ្ហា​អស្ថិរភាព​ក្នុង​តំបន់​ថែម​ទៀតផង​។​

​ទាក់ទិន​បញ្ហា​នេះ បេសកជន​អាមេរិក​ប្រចាំ​ណា​តូ លោក Douglas Lute បាន​អះអាង អាមេរិក​និង​ណា​តូ​មិនបាន​បង្កបញ្ហា​រហូត​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ឡើយ​។ តែ​លោក​បាន​សង្កត់ធ្ងន់ថា អាមេរិក​ធ្វើ​គ្រប់យ៉ាង​ដោយ​ពង្រឹងកម្លាំង​យោធា​ជើង​ទឹក ជើងគោក និង​ជើង​អាកាស ដើម្បី​ការពារ​រាល់​ការឈ្លានពាន​ពីស​ត្រូវ​៕