ជន​អ​នា​មឹក​បាចក្រដាស់ប្រាក់ ម្ដុំ​ប៉ុស្ដិ៍​ប្រជា​ការពារ

ជន​អ​នា​មឹក​បាចក្រដាស់ប្រាក់ ម្ដុំ​ប៉ុស្ដិ៍​ប្រជា​ការពារ



ខេត្តបាត់ដំបង ៖ ក្រដាស់ប្រាក់​១០០​រៀល​ជា​ច្រើន​សន្លឹក ដែល​មាន​សរសេរ​ខ្លឹមសារ​វាយប្រហារ​ពី​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ក្នុង​ការ ​បង្ក្រាប​អ្នកលក់​ថ្នាំ​ញៀន ថែម​ទាំង​បាន​លាតត្រដាង​ពី​អត្តសញ្ញាណ​ស្ត្រី​លក់​ថ្នាំ​ញៀន​ដ៏​សកម្ម​ ម្នាក់​នៅ​ក្នុង​មូលដ្ឋាន​ទៀត​ផង ត្រូវ​ជន​អ​នា​មឹក​បាច​ចោល​នៅ​ម្ដុំ​ប៉ុស្ដិ៍​ប្រជា​ការពារ​មួយ​កន្លែង ក្នុងភូមិ​ខ្នាចរមាស ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១២ ឧសភា ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​អ្នក​ភូមិ​។

ប្រជាពលរដ្ឋ ​ដែល​រើស​បាន​ក្រដាស់ប្រាក់​នោះ បាន​ឲ្យ​ដឹង​ថា ក្រដាស់ប្រាក់​១០០​រៀល​យ៉ាងតិច​ជាង​១០​សន្លឹក​ត្រូវ​អ្នក​ដឹក​បន្លែ​ប្រទះ​ ឃើញ​នៅ​ខាង​មុខ​ប៉ុស្ដិ៍​ប្រជា​ការពារ​ក្នុងភូមិ ដែល​សន្លឹក​នីមួយ​ៗ មាន​សរសេរ​ខ្លឹមសារ​ផ្សេង​ៗ​គ្នា មាន​លក្ខណៈ​រិះគន់​ពី​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប​ អ្នកលក់​ថ្នាំ​ញៀន ដែល​កំពុង​រីក​រាលដាល​ពេញ​ក្នុង​មូលដ្ឋាន​នា​ពេល​បច្ចុប្បន្ន​។

ប្រភព ​ដដែល​បាន​បញ្ជាក់​ថា បើ​តាម​ពិនិត្យ​លើ​ខ្លឹមសារ​នានា​ដែល​គេ​សរសេរ​នៅ​លើ​ក្រដាស់ប្រាក់​នោះ ហាក់​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ឈ្មោះ​អ្នកលក់​ថ្នាំ​ញៀន និង​ថែម​ទាំង​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ភាព​អសកម្ម​របស់​សមត្ថកិច្ច​ថែម​ ទៀត​ផង​។

ក្រដាស់ប្រាក់​ខ្លះ​សរសេរ​ថា «​ក្រោយ​សាលា​បឋម​សិក្សា​ខ្នាចរមាស មីង​ហាច​លក់​ថ្នាំ​ញៀន ប៉ូលិស​មិន​បង្ក្រាប​ទេ ។ ក្រោយ​សាលារៀន​មាន​ថ្នាំ​ញៀន​លក់ មីង​ហាចជា​អ្នកលក់​ថ្នាំ​ញៀន​» ។ នៅ​មាន​ខ្លឹមសារ​ផ្សេង​ៗ​ទៀត ដែល​គេ​សម្គាល់ថា បាន​វាយប្រហារ និង​រិះគន់​ខ្លាំង​ទៅ​លើ​សមត្ថកិច្ច​ដែល​មិន​ព្រម​អើពើ​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​រាយការណ៍​អំពី​រឿង​នេះ​កន្លង​មក​។

ផ្តល់​សិទ្ធិ​ដោយ ៖ គេហទំព័រ និង​កាសែត​កោះសន្តិភាព