ក្រសួង​ព័ត៌មាន​ព្រមាន​ចាត់​វិធានការ​លើ​ស្ថាប័ន​ព័ត៌មាន​ដែល​មិន​ប្រើ​គោរមងារ​សម្ដេច

ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ព្រមាន​ចាត់​វិធានការ​លើ​ស្ថាប័ន​សារព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ប្រើ​គោរមងារ​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ក្រសួង​ព័ត៌មាន កោះ​ហៅ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ជាង ៣០ ទៅ​ណែនាំ​ពី​ការ​ប្រើ​គោរមងារ​សម្ដេច នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន។

ក្រសួង​ព័ត៌មាន ទុក​ពេល​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​រហូត​ដល់​ចុង​ខែ​មិថុនា ពិចារណា​ពី​ការ​ប្រើ ឬ​មិន​ប្រើ​គោរមងារ​សម្ដេច​សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​គោរមងារ​ជា​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន។

ការ​ណែនាំ​ជា​ថ្មី​របស់​ក្រសួង​ព័ត៌មាន ដោយសារ​រហូត​មក​ទល់​ពេល​នេះ​នៅ​មាន​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​មិន​ទាន់​ប្រើ​គោរមងារ​សម្ដេច​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ពួកគេ​នៅ​ឡើយ ដោយ​គ្រាន់តែ​ប្រើប្រាស់​តួនាទី​របស់​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​សម្ដេច​ទាំង​អស់​នោះ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​បុគ្គល ឬ​អ្នក​នយោបាយ​ដែល​មាន​គោរមងារ​សម្ដេច មាន​ដូចជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​គោរមងារ​ជា សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន មាន​គោរមងារ​ជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ មាន​គោរមងារ​ជា សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​គោរមងារ​ជា សម្ដេច​ក្រឡាហោម ស ខេង។ ប៉ុន្តែ​បុគ្គល​មាន​គោរមងារ​ជា​សម្ដេច ដែល​ត្រូវ​បាន​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ប្រើប្រាស់​បំផុត​នោះ គឺ​គោរមងារ​របស់​លោក ហ៊ុន សែន តែម្ដង។

​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ដែល​ដឹកនាំ​កិច្ចប្រជុំ​មាន​ប្រសាសន៍​ថា ដើម្បី​ជា​ការ​គោរព​ទៅ​តាម​ច្បាប់​ដែល​លោក​សំដៅ​ទៅ​លើ​​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ប្រទាន​គោរមងារ​សម្ដេច​អោយ​អ្នក​នយោបាយ និង​ដើម្បី​ជា​ការ​លើក​កម្ពស់​នូវ​ក្រម​សីលធម៌ វប្បធម៌​ខ្មែរ ស្ថាប័ន​សារព័ត៌មាន​ទាំង​អស់​ត្រូវតែ​ប្រើ​គោរមងារ​សម្ដេច​សម្រាប់​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​នេះ​ពី​ព្រះមហាក្សត្រ។

​លោក​ថា បើ​ស្ថាប័ន​សារព័ត៌មាន​ណា​មិន​ព្រម​ប្រើ​គោរមងារ​តាម​ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​នោះ​ទេ ក្រសួង​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចាប់​ពី​ដើម​ខែ​កក្កដា ត​ទៅ។ វិធានការ​ទាំង​អស់​នោះ អាច​ជា​ការ​បញ្ចប់ ឬ​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​បន្ត​ទៀត​ចំពោះ​ស្ថាប័ន​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន។ ដោយ​ឡែក​សម្រាប់​បណ្ដាញ​សារព័ត៌មាន​បរទេស ដែល​ផ្សាយ​ជា​ខេមរភាសា ដូចជា​វិទ្យុ​អាស៊ីសេរី ភាសា​ខ្មែរ​ជាដើម ប្រសិនបើ​នៅ​តែ​មិន​ប្រើ​គោរមងារ​សម្ដេច​ទេ ក្រសួង​ព័ត៌មាន នឹង​មិន​អនុញ្ញាត​អោយ​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី ផ្សាយ​បន្ត​ឡើយ។

​លោក អ៊ុក គឹមសេង៖ «បើ​យើង​គិត​ថា គ្រាន់តែ​ចូល​ស្ទឹង​តាម​បត់ ចូល​ស្រុក​តាម​ប្រទេស យើង​ធ្វើ​អត់​បាន ហើយ​យើង​ចង់​មាន​ការងារ​នៅ​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព ដែល​មាន​ច្បាប់​ទម្លាប់ មាន​ប្រពៃណី​គ្រប់​យ៉ាង អ្នក​ម្ចាស់​ស្រុក​នោះ​ក៏​មិន​អាច​ទទួល​យក​បាន​ដូចគ្នា។ កាល​ណា​យើង​ធ្វើ​ការងារ​ប៉ុណ្ណឹង​មិន​បាន យើង​ក៏​មិន​ចាំបាច់​នៅ​ទី​នេះ យើង​ត្រូវ​ប្រើ​ពាក្យ​មួយ​ថា បើ​មិន​ពេញ​ចិត្ត​ដើរ​ចេញ»

មុន​ពេល​ក្រសួង​ព័ត៌មាន ហៅ​ស្ថាប័ន​សារព័ត៌មាន​ទៅ​ណែនាំ​ឲ្យ​ប្រើ​គោរមងារ​សម្ដេច  ខុទ្ទកាល័យ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ណែនាំ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋ និង​អាជ្ញាធរ​ខេត្ត-​ក្រុង ទូទាំង​ប្រទេស​ពី​របៀប​សរសេរ និង​ប្រើប្រាស់​គោរមងារ​សម្ដេច​របស់​លោក ហ៊ុន សែន ទាំង​ក្នុង​លិខិត​បទដ្ឋាន ទាំង​ក្នុង​ការ​អាន​សុន្ទរកថា ក្នុង​ការ​ហៅ ឬ​ការ​និយាយ។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ការ​ពិភាក្សា​នោះ ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ដែល​កន្លង​មក​មិន​ធ្លាប់​ប្រើ​គោរមងារ​សម្ដេច​ក្នុង​អត្ថបទ​ព័ត៌មាន​ដូច​វិទ្យុ​អាស៊ីសេរី ដែរ​នោះ មាន​ការ​អល់អែក​ក្នុង​ការ​ទទួល​យក​ការ​ណែនាំ​នេះ។ ពួកគេ​ភាគ​ច្រើន​និយាយ​ថា នឹង​យក​ការ​ណែនាំ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​មុន​នឹង​សម្រេច​ថា ធ្វើ​យ៉ាង​ណា​នោះ។

តំណាង​ស្ថាប័ន​សារព័ត៌មាន​លើក​ឡើង​ថា វា​មាន​ការ​ពិបាក​ក្នុង​ការ​សរសេរ​គោរមងារ​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ជា​ភាសាបរទេស ខណៈ​អ្នក​ខ្លះ​ទៀត​យល់​ថា ស្ថាប័ន​ពួកគេ​ជា​ស្ថាប័ន​ដែល​ជា​មែកធាង​នៃ​ស្ថាប័ន​ព័ត៌មាន​បរទេស​ក្នុង​ទ្វីប​អឺរ៉ុប ឬ​អាមេរិក ដូច្នេះ​ជា​ទូទៅ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ប្រទេស​ទាំង​អស់​នេះ គឺ​ប្រើ​តួនាទី​របស់​អ្នក​នយោបាយ​ធម្មតា មិន​មែន​គោរមងារ​ឡើយ។ ចំណែក​អ្នក​ខ្លះ​ទៀត​យល់​ថា ព័ត៌មាន​ដែល​ល្អ​គឺ​ទាមទារ​ឲ្យ​ខ្លី ហើយ​ខ្លឹម ដូច្នេះ ការ​ប្រើប្រាស់​គោរមងារ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​អត្ថបទ​រឹតតែ​វែង​អន្លាយ​ថែម​ទៀត។

នៅ​ក្នុង​អង្គប្រជុំ​ពិភាក្សា​គ្នា​នោះ​ដែរ ក៏​មាន​តំណាង​ស្ថាប័ន​សារព័ត៌មាន​ខ្លះ​សម្ដែង​មតិ​ថា នៅ​កម្ពុជា មាន​សម្ដេច និង​ឯកឧត្ដម​ច្រើន​ពេក ដែល​ប្រការ​នេះ​ហាក់​ធ្វើ​ឲ្យ​តម្លៃ​របស់​បុគ្គល​ដែល​មាន​គោរមងារ​ទាំង​អស់​នោះ​ធ្លាក់​ចុះ។ អ្នក​ចូលរួម​ម្នាក់​ទៀត​ថ្លែង​ថា អ្នក​ដែល​មាន​គោរមងារ​ខ្ពង់ខ្ពស់ គួរ​តែ​ធ្វើ​ខ្លួន​ឲ្យ​មាន​តម្លៃ ឬ​ស័ក្ដិសម​ទៅ​នឹង​គោរមងារ​ដែល​ពួកគេ​ទទួល​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។