លោក ស៊ុន ចាន់ថុល គ្រោងស្នើរាជរដ្ឋាភិបាល បង្កើតឲ្យមានជញ្ជីងចល័ត និងដាក់ប្រព័ន្ធ GPS តាមរថយន្តដឹកទំនិញធុនធ្ងន់

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី១២ ខែឧសភានេះថា ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោង គ្រោងនឹងស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតឲ្យមានជញ្ជីងចល័តឡើងវិញដើម្បីថ្លឹង រថយន្តដែលបើកបរ លើដងផ្លូវលើសទម្ងន់ ដល់គោលដៅក្រុមហ៊ុនតែម្តង ដោយមិនចាំបាច់ឲ្យរថយន្តបើកបរលើផ្លូវហើយទើប ត្រួតពិនិត្យនោះទេ។

ការថ្លែងរបស់លោក ស៊ុន ចាន់ថុល យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែល លោកបញ្ចប់កិច្ចប្រជុំ សមាជិកគណៈកម្មការត្រួតពិនិត្យ រថយន្តដឹកលើសទម្ងន់ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «កិច្ចប្រជុំនេះ យើងបានពិភាក្សាគ្នាឡើងវិញ និងស្នើសុំការឯកភាពពីសម្តេចតេជោ ហ៊ុន សែន ក្នុងរៀបចំឲ្យមានជញ្ជីងចល័តឡើងវិញ ដោយសារយើងអត់មាន ជញ្ជីងចល័តទេ»

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ប្រសិនបើមានជញ្ជីងចល័តនោះ ក្រុមការងារនឹងធ្វើការចុះត្រួតពិនិត្យ ការដឹកជញ្ជូនលើសទម្ងន់ ដល់កន្លែងតែម្តង ដោយមិនអាចឲ្យរថយន្តដឹកលើសទម្ងន់នោះបើកបរ លើដងផ្លូវហើយ ទើបពិនិត្យនោះទេ។

លោករដ្ឋមន្ត្រីសាធារណការបានបញ្ជាក់ថា តាមពិតទៅជញ្ជីងចល័តពីមុនធ្លាប់មានម្តងរួចមកហើយ ប៉ុន្តែដោយសារតែមន្ត្រីមួយចំនួន យកវាទៅប្រើប្រាស់ខុសគោលដៅ ដូច្នេះហើយទើបសម្តេចតេជោ លុបការឲ្យមានជញ្ជីងចល័តនោះចេញ ប៉ុន្តែនៅពេលនេះយើងធ្វើការកែទម្រង់ត្រឹមត្រូវហើយ នឹងសូមគោលការណ៍ពីសម្តេចតេជោ ឲ្យមានជញ្ជីងចល័តឡើងវិញ។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថាទៀតថា ក្រសួងក៏មានគម្រោងបំពាក់ប្រព័ន្ធ GPS នៅតាមរថយន្តដឹកជញ្ជូន ផងដែរ ដើម្បីតាមតានការដឹកជញ្ជូន របស់រថយន្តនោះ ប្រសិនបើរថយន្តដឹងលើកទម្ងន់ ប្រព័ន្ធនឹងរាយការណ៍ប្រាប់។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អង្គប្រជុំក៏បានពិភាក្សាលើការកែច្នៃ យានយន្តខុសលក្ខណៈបច្ចេកទេសផងដែរ ដោយរក ឃើញថា ក្រុមហ៊ុនចំនួន៧១០ក្រុមហ៊ុន ដែលកែច្នៃរថយន្ត មានច្បាប់ទម្លាប់ត្រឹមត្រូវ ខណៈក្រុមហ៊ុនរហូតដល់១៩២៣ក្រុមហ៊ុន គ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបង្គាប់ឲ្យមន្ទីរសាធារណការទូទាំងប្រទេស ស្រង់ស្ថិតិឲ្យបាន ច្បាស់លាស់ ដើម្បីឲ្យពួកគេមកជួបប្រជុំ ប្រាប់កុំដឹកទំនិញលើកទម្ងន់ទៀត៕

លោក ស៊ុន ចាន់ថុល គ្រោងស្នើរាជរដ្ឋាភិបាល បង្កើតឲ្យមានជញ្ជីងចល័ត និងដាក់ប្រព័ន្ធ GPS តាមរថយន្តដឹកទំនិញធុនធ្ងន់

ប្រភពៈ freshnewsasia