បបួល​ជិះ​ម៉ូតូ​ចេញ​ពី​រោងការ ​ដល់​កន្លែង​ស្ងាត់​ចាប់​រំលោភ​​បាន​សម្រេច​១​ថ្ងៃ​ សមត្ថកិច្ច​បំពាក់​ខ្នោះ

បបួល​ជិះ​ម៉ូតូ​ចេញ​ពី​រោងការ ​ដល់​កន្លែង​ស្ងាត់​ចាប់​រំលោភ​​បាន​សម្រេច​១​ថ្ងៃ​ សមត្ថកិច្ច​បំពាក់​ខ្នោះ



ព្រៃវែង​ ៖ ​បុរស​វ័យ​​២៤​ឆ្នាំ​ម្នាក់ ​បាន​បបួល​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​ លុះដល់​កន្លែង​ស្ងាត់​ចាប់​​នាង​រំលោភ​បាន​សម្រេច​​១​ថ្ងៃ​​​​ ត្រូវ​ស្ត្រី​រងគ្រោះ​ប្ដឹង​សមត្ថកិច្ច​​ចាប់​​ខ្លួន។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​ប្រហែល១៩និង​៥៥​នាទី​យប់​ ​ថ្ងៃ​ទី​១១ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ស្រះ​តា​ហម ចម្ងាយ​២០០​ម៉ែត្រ​ ខាង​លិច​ភូមិ​ជ្រៃ​ ឃុំ​ព្រៃ​ស្រឡិត​ ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង។

ជន​សង្ស័យ​ខាង​លើ​ឈ្មោះ ​ថា​ ភាព​ ភេទ​ប្រុស​ អាយុ​២៤​​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​ ឃុំ​ព្រៃ​ស្រឡិត​បាន​ចាប់​រំលោភ​​សេពសន្ថវៈ​​ ​​ទៅ​លើ​នារី​​រងគ្រោះ​ឈ្មោះ​អ.ឌ.ណ​ ​ ​អាយុ​២៤​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ក្រាំង ឃុំ​ព្រៃ​ស្រឡិត​ រហូត​បាន​សម្រេច។

សមត្ថកិច្ច​បាន​ឲ្យ​​​ដឹង​ថា ​នៅ​មុន​​ពេល​កើតហេតុ ​​ជនសង្ស័យ ​និង​​ជនរងគ្រោះ​បាន​ទៅ​​ស៊ី​ការ​នៅ​ក្នុង​ភូមិ​ក្រាំង។ បន្ទាប់មក​ ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ចេញពី​កន្លែង​រោងការ​​ សំដៅ​មក​ភូមិ​ជ្រៃ​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ ជនសង្ស័យ​ក៏​បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​​​ជនរងគ្រោះ​រហូត​បានសម្រេច​តែម្ដង។

ក្រោយ​ពេល​កើតហេតុ​​១​ថ្ងៃ ​គឺ​នៅ​​​ថ្ងៃ​ទី​១២ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ជនរងគ្រោះ​បាន​រាយការណ៍​ និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច។ ក្រោយពី​បាន​ទទួល​ពាក្យ​បណ្ដឹង ​​​សមត្ថកិច្ច​​ក៏​បាន​​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​​សង្ស័យ​ខាង​លើ។

បច្ចុប្បន្ន​​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕
​​