ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​ខ្លា​ថ្មី​មួយ នៅ​អាស៊ី

ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​ខ្លា​ថ្មី​មួយ នៅ​អាស៊ី



យោងទៅតាម​ការ​ព្យាករ នៅ​ក្នុង​ទស្សនវិស័យ​ស្តីពី​ការអភិវឌ្ឍន៍ នៅ​អាស៊ី​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី បានឱ្យដឹងថា បន្ទាប់ពី​រយៈពេល​រាប់​ទសវត្សរ៍​នៃ​សង្គ្រាម និង​ភាពក្រីក្រ ដែល​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់រ​បស់​ពិភពលោក​នោះ ប្រទេស​កម្ពុជា បាន​សប្បាយរីករាយ​នឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​រយៈពេល ៥ ឆ្នាំ​ជាប់​គ្នា និង​កំពុងតែ​ធ្វើ​ឲ្យ​ប្រទេស​នេះ ក្លាយទៅជា​សេដ្ឋកិច្ច​ខ្លា​ថ្មី​មួយ នៅ​អាស៊ី​។​
​ ​
យោងទៅតាម​ទស្សនវិស័យ​អភិវឌ្ឍ នៅ​អាស៊ី នៅក្នុង​ឆ្នាំ ២០១៦ របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា ដែល​ធ្លាប់តែ​ជា​ប្រទេសមួយ ដែល​ញាំញី​ដោយ​សង្គ្រាម និង​ភាពក្រីក្រ​នោះ ឥឡូវនេះ គឺជា​ប្រទេស ដែលមាន​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​បំផុត​មួយ នៅ​អាស៊ី​។ ផលិតផល​សរុប​ក្នុងស្រុក (GDP) បាន​កើនឡើង ៧ ភាគរយ ឬក៏​ច្រើនជាង​នេះ ចាប់តាំងពី​ឆ្នាំ ២០១៣ មក និង​ត្រូវបាន​គេ​រំពឹងថា នឹង​រក្សា​កំណើន​នេះ​រហូតដល់​ឆ្នាំ ២០១៧ ។​
​ ​
ប្រទេស​នេះ បាន​ទទួលយក​គំរូ​នៃ​កំណើនសេដ្ឋកិច្ច​”​រោងចក្រ​អាស៊ី​” ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កម្លាំង​ពលកម្ម​តម្លៃ​ថោក ចំពោះ​ការផលិត​នូវ​ផលិតផល​សម្រាប់​ការនាំចេញ​។ ដោយសារ​តម្លៃ​ពលកម្ម​ឡើងថ្លៃ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត នៅ​អាស៊ី​នោះ ប្រទេស​កម្ពុជា មានលទ្ធភាព​ទាក់ទាញ​វិនិយោគិន​ទាំងនេះ បាន​យ៉ាងច្រើន​។

ទស្សនវិស័យ​អភិវឌ្ឍ​អាស៊ី​ឆ្នាំ ២០១៦ បាន​កត់សម្គាល់​ថា “​ការ​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម ដែលមាន​តម្លៃថោក និង​មាន​ជំនាញ​ទាប​របស់​ប្រទេស​កម្ពុជា បាន​ទាក់ទាញ​ការ​វិនិយោគ​ដោយផ្ទាល់​ពី​បរទេស បាន​យ៉ាងច្រើន​សម្បើម នៅក្នុង​សកម្មភាព​ផលិត​របស់​រោងចក្រ​កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង​ដើម្បី​នាំចេញ​”។

នៅ​ទូទាំង​អាស៊ី ប្រជាជន​រាប់​រយ​លាន​នាក់ ត្រូវ​បាន​នាំចេញ​ពី​ភាពក្រីក្រ តាមរយៈ​ការងារ​ផលិតកម្ម ដែល​ធ្វើ​ឲ្យ​ពួកគេ​អប់រំ​កូនចៅ​របស់​ពួកគេ​បាន​កាន់តែ​ល្អ ដែល​បន្ទាប់មក​អាចធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​។ បើទោះបីជា​ប្រទេស​កម្ពុជា ជួបប្រទះ​នឹង​បញ្ហា​ប្រឈម ទាំងឡាយ​ក៏ដោយ ក៏​ប្រទេស​នេះ​នៅតែ​ធ្វើដំណើរ​បានល្អ នៅលើ​ផ្លូវ​របស់ខ្លួន ដើម្បី​ចម្លង​ឡើងវិញ​នូវ​គំរូ​នេះដែរ។

ប្រទេស​កម្ពុជា ដែល​ធ្លាប់តែ​ជា​ប្រជាជាតិ​មួយ ដែល​វិស័យ​កសិកម្ម​ជា​វិស័យ​ចម្បង​នោះ បានឃើញ​វិស័យ​ឧស្សាហកម្ម​កើនឡើង​ចំនួន ១១,៧ ភាគរយ កាលពី​ឆ្នាំកន្លងមក ជា​វិស័យ ដែល​បានរួម​វិភាគទាន​ដ៏​ធំ​បំផុត ចំពោះ​ផលិតផល​ក្នុងស្រុក​សរុប​។ កត្ដា​នេះ ត្រូវបានធ្វើ​ឲ្យ​កាន់តែ​ល្អ​ថែមទៀត ដោយ​ការកើនឡើង នៅក្នុង​ការនាំចេញ​ទំនិញ​បាន​ប្រហែល ១៤,១ ភាគរយ គឺ​ទៅដល់​ចំនួន ៨,៥ ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០១៥ និង​កើនឡើង ១០,២ ភាគរយ នៅក្នុង​ការដឹក​សម្លៀក​បំពាក់ និង​ស្បែកជើង​ទៅ​លក់​នៅ​បរទេស ដែលមាន​ចំនួន ៧០ ភាគរយ​នៃ​ការនាំចេញ​សរុប​។

ប៉ុន្តែ​មិនមែន​តែ​វិស័យ​រោងចក្រ​តែ​ម្យ៉ាង​នោះ​ទេ ដែល​បាន​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ឲ្យ​រីកចម្រើន​នោះ គឺមាន​វិស័យ​សេវាកម្ម​ទៀត ដែលជា​វិស័យ​រួមវិភាគទាន​ដ៏​ធំ​បំផុត​ទី ២ ចំពោះ​កំណើន​នេះ ដែល​តាម​ការ​ប៉ាន់ស្មាន បាន​កើន​ឡើង​ដល់​ចំនួន ៧,១ ភាគរយ​។ វិស័យ​ហិរញ្ញវត្ថុ​ដឹកជញ្ជូន និង​គមនាគមន៍​ទាំងអស់​នេះ បាន​កើន​ឡើង​ប្រហែល ៨ ភាគរយ ហើយ​ការ​មក​ដល់​របស់​អ្នកទេសចរ បាន​កើន​ឡើង​ចំនួន ៦,១ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០១៥។ វិស័យ​កសិកម្ម បាន​បង្ហាញ​នូវ​កំណើន​តិចតួច មួយ​ភាគ​ធំ គឺ​ដោយសារ​គ្រោះ​រាំងស្ងួត បណ្តាល​មក​ពី​បាតុភូត​អាកាសធាតុ El Nino ប៉ុន្តែ​វិស័យ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​ចំនួន១,៦ ភាគរយ​នៅ​ឆ្នាំក្រោយ។

ការប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា ដែល​ជា​មជ្ឈមណ្ឌល​នៃ​ការផលិត កំពុងតែ​រង​ការ​ប្រឈម​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់ ជាពិសេស​ពី​ប្រទេស​អ្នក​ផលិត​សម្លៀក​បំពាក់​តម្លៃ​ថោក​ផ្សេងទៀត​ដូចជា ប្រទេស​មី​យ៉ាន់​ម៉ា​ជាដើម​។ ប្រទេស​នេះ ត្រូវការ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន មាន​វិស័យ​រួម​វិភាគទាន​ច្រើន​មុខ​ថែមទៀត ប្រសិនបើ​កម្ពុជា​សង្ឃឹម​ថា នឹង​រក្សា​អត្រា​កំណើន​ឲ្យ​នៅ​ខ្ពស់ ដែល​ខ្លួន​បាន​សប្បាយរីករាយ នៅក្នុង​បណ្តា​ឆ្នាំ​ថ្មីៗ​នេះនោះ។

ទស្សនវិស័យ​អភិវឌ្ឍ​អាស៊ី​ឆ្នាំ ២០១៦ បាន​និយាយថា “​នៅពេលដែល​សេដ្ឋកិច្ច បានបង្ហាញ​នូវ​សញ្ញា​នៃ​ការធ្វើ​ពិពិដកម្ម​សេដ្ឋកិច្ច នៅ​ក្នុង និង​នៅ​ទូទាំង​វិស័យ​នានា​នោះ​រួម​ទាំង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ និង​ការផលិត​ប្រភេទ​ស្រាល និង​នៅ​ក្នុង​គោលដៅ​ការនាំចេញ​នោះ មូលដ្ឋាន​សម្រាប់​កំណើន​នៅតែ​តូចចង្អៀត​នៅឡើយ​”។

ដើម្បី​គាំទ្រ​ការ​ធ្វើ​ពិពិដកម្ម​សេដ្ឋកិច្ច​នោះ រដ្ឋាភិបាល​ត្រូវ​ចាប់​ផ្តើម​ធ្វើ​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម សំដៅ​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម ចាប់ពី​តម្លៃ​ទាប សកម្មភាព​ផលិត ដោយ​ប្រើ​កម្លាំង​ពលកម្ម​ខ្លាំងក្លា ទៅដល់​ការផលិត​ជាមួយ​តម្លៃ​ខ្ពស់​បន្ថែម​ទៀត​។ គោលនយោបាយ​នេះ លើកទឹកចិត្ត​ដល់​ការពង្រីក និង​ការធ្វើ​ទំនើបកម្ម​របស់​សហគ្រាស​ខ្នាតតូច និង​មធ្យម ការធ្វើ​និយតកម្ម​ឲ្យ​កាន់តែខ្លាំង និង​ការបង្ខំ​ឲ្យ​អនុវត្តតាម ហើយ​និង​បរិយាកាស​កាន់តែ​ល្អ នៅក្នុង​ការធ្វើ​អាជីវកម្ម។

ការ​រីកចម្រើន​មួយ​ចំនួន ត្រូវ​បានឃើញ​រួចហើយ​។ ឧស្សាហកម្ម ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ចំនួន ៩,៥ ភាគរយ នៅ​ឆ្នាំ​ខាងមុខនេះ ដែល​គាំទ្រ​ដោយ​ការធ្វើ​ពិពិដ​កម្ម នៅក្នុង​វិស័យ​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង ទៅរក​ផលិតផល ដែលមាន​តម្លៃ​ខ្ពស់​បន្ថែម​៕