ផ្សារកណ្ដាល និង ផ្សារ​ជម្ពូ​វ័ន នឹងត្រូវ​ជួសជុល​កែលម្អ​ឡើងវិញ​

កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នេះ សាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាលើគំរោងកែលម្អទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថាផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវតែគិតគូរពីសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យនិងផាសុកភាពទាំងក្នុងនិងក្រៅទីផ្សារ ។ នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ផ្សារដែលជាផ្សាររបស់រដ្ឋមានចំនួន ២៥ ផ្សារ ដែលចាំបាច់ត្រូវតែធ្វើការកែលំអរឲ្យមាន សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ ព្រោះបច្ចុប្បន្ននេះទីផ្សារមួយចំនួនមានរូបភាពរញ៉េរញ៉ៃបាត់សណ្តាប់ធ្នាប់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខនិងបរិស្ថានក៏ដូចជាសុខភាព ប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញ ។

ផ្សារកណ្ដាល និង ផ្សារ​ជម្ពូ​វ័ន នឹងត្រូវ​ជួសជុល​កែលម្អ​ឡើងវិញ​

ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ត្រីជំនាញអាជ្ញាធរដែនដីពាក់ពន្ធ័ទាំងអស់ត្រូវសិក្សាឲ្យបានច្រើនជម្រើសសម្រាប់ការពិចារណាលើប្លង់ស្ថាប្យកម្មទំហំតូប ចរន្តខ្យល់ អនាម័យនិងបរិស្ថានក្នុងផ្សារជាដើម ។

មន្ត្រីសាលារាជធានីភ្នំពេញបាននិយាយថា ផ្សារដែលគ្រប់គ្រងដោយរដ្ឋទាំង ២៥ ក្នុងរាជធានី ភ្នំពេញនេះចាំបាច់ត្រូវតែធ្វើការកែលម្អ ។ ក្នុងនោះផ្សារចំនួន ២ ត្រូវបានពិចារណាកែម្អមុនគឺផ្សារកណ្តាលនិងផ្សារជម្ពូវ័ន។ ផ្សារកណ្តាលមានតូបចំនួន ៨៧៤ តូប,ផ្សារជម្ពូវន័ មានតូបចំនួន ២០៤ តូប ហើយភាពរញ៉េរញ៉ៃបាត់សណ្តាប់ធ្នាប់តាមទីផ្សារគឺបានបង្កឡើងដោយសារការលក់ដូរ ចល័ត ឬអ្នកលក់តាមកញ្ច្រែង រួមទាំងការចតយានយន្តពាសវាលពាសកាលបង្កឲ្យស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរជាញឹកញាប់ ព្រមទាំងបង្កឲ្យមានគំនរសំរាមយ៉ាងអនាធិបតេយ្យ ។ ដោយសារបញ្ហាប្រឈមនឹងបញ្ហាស្មុកស្មាញទាំងនេះសាលារាជធានីភ្នំពេញត្រូវតែចាត់វិធានការលើការរៀបចំកែលម្អទីផ្សារក្នុងទីក្រុងឲ្យមានលក្ខណៈល្អប្រសើរ ៕ ហេង ចំណូល